លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា «លោកកឹម សុខា ប្រឈមគ្រោះថ្នាក់ដល់ជីវិត» ដោយសារលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខណៈមេដឹកនាំបក្សជំទាស់រូបនេះកំពុងស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានបង្ហោះលិខិតបីច្បាប់ដែលមានជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង លើទំព័រហ្វេសប៊ុករបស់លោក កាលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨ នេះថា លោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការឃុំខ្លួនក្នុងផ្ទះ កំពុងស្ថិតនៅជាចំណាប់ខ្មាំងរបស់លោកនាយករដ្ឋមន្រ្ តីហ៊ុន សែន។ លោកបន្ថែមថា លោកហ៊ុន សែនកំពុងរកមធ្យោបាយដើម្បីកម្ចាត់លោកកឹម សុខា តាមផ្លូវកាយ ផ្លូវចិត្ត និងផ្លូវងងឹត ដើម្បីការពារ និងបន្តអំណាចរបស់លោកហ៊ុន សែន។
លោក សម រង្ស៊ីបញ្ជាក់ក្នុងន័យដើមថា៖
«លោក ហ៊ុន សែន នេះកំពុងតែប្រើមធ្យោបាយយ៉ាងព្រៃផ្សៃបំផុត ក្រោមរបបផ្តាច់ការរបស់គាត់ដើម្បីធ្វើបាបរាងកាយ និងបំបាក់ទឹកចិត្តលោកកឹម សុខា ហើយបង្ខំឲ្យលោកកឹម សុខានេះបែកពីលោកសម រង្ស៊ី។ លោកហ៊ុន សែន ពេលនេះមិនយល់ព្រមដោះលែងលោកកឹម សុខាទេ ពីព្រោះគាត់ខ្លាចលោកកឹម សុខាមកជួបលោកសម រង្ស៊ី នៅឯបរទេស ហើយខ្លាច២នាក់នេះចាប់ដៃគ្នាឡើងវិញ ហើយប្រកាស និងបញ្ជាក់ពីឯកភាពនៃគណបក្សសង្គ្រោះជាតិពីប្រទេសសេរីណាមួយក្នុងពិភពលោក»។
លោក សម រង្ស៊ី បន្ថែមក្នុងលិខិតនោះថា លោកកឹម សុខាអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត និងថា គ្រោះថ្នាក់ណាមួយកើតឡើងចំពោះលោកកឹម សុខាគឺកើតចេញពីលោកហ៊ុន សែន។
លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា៖
«លោក ហ៊ុន សែន នៅតែចង់កម្ចាត់លោកកឹម សុខាតាមរបៀបណាមួយដែលគាត់អាចធ្វើទៅបាន។ បើគាត់មិនអាចប្រើប្រព័ន្ធតុលាការបានទេ គាត់ច្បាស់ជាមានគំនិតចង់សម្លាប់លោកកឹម សុខាតែម្តង ហើយលាបពណ៌ឃាតកម្មណាមួយថា ជាគ្រោះថ្នាក់។ ខ្ញុំធ្វើការវិភាគបែបនេះគឺដើម្បីព្រមានទៅលោកហ៊ុន សែនហើយប្រាប់ពិភពលោកទាំងមូលថា ត្រូវចាត់ទុកលោកហ៊ុន សែនជាឃាតករ បើមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះលោកកឹម សុខា»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងពីការឃុំក្នុងពន្ធនាគារកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីជាប់ឃុំអស់រយៈពេល១ឆ្នាំ និងមួយសប្តាហ៍ ដោយតុលាការចោទលោកថា បានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន។
ប្រធានគណបក្សជំទាស់រូបនេះត្រូវបាននាំចេញពីពន្ធនាគារត្រពាំងផ្លុងទាំងព្រឹកព្រលឹម បញ្ជូនទៅកាន់ផ្ទះរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការយាមកាម និងមិនត្រូវបានអនុញ្ញាតឲ្យលោកប្រាស្រ័យទាក់ទងនឹងអ្នកគាំទ្រ ឬមិនអាចចេញពីបរិវេណដែលកំណត់ជុំវិញផ្ទះរបស់លោកនោះទេ។
លោក ផែង ហេង មេធាវីមួយរូបក្នុងចំណោមបួនរូបដែលការពារក្តីឲ្យលោកកឹម សុខា សុំមិនធ្វើអត្ថាធិប្បាយលើការថ្លែងរបស់លោកសម រង្ស៊ីទេ។ យ៉ាងណាក្តី លោកផែង ហេងបានប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា បើប្រៀបធៀបនឹងពេលលោកជាប់ឃុំក្នុងពន្ធនាគារ សុខភាពរបស់លោក កឹម សុខានៅពេលនេះមានភាពប្រសើរជាងមុន បន្ទាប់ពីទទួលបានការព្យាបាលជំងឺមួយចំនួននៅក្នុងផ្ទះ។
លោកបញ្ជាក់ថា៖
«គាត់អត់ទាន់បានទៅព្យាបាលនៅឯណាទេ គ្រាន់តែគាត់ហៅពេទ្យមកពិនិក្យនៅឯផ្ទះគាត់។ ខ្ញុំមិនបានដឹងថា គាត់ត្រូវទៅពេលណាទេ។ ចាំមើលៗ បើសិនគាត់ត្រូវការព្យាបាល ប្រហែលត្រូវទាក់ទងទៅចៅក្រមស៊ើបសួរដើម្បីសុំការអនុញ្ញាត»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការលើកឡើងរបស់លោកសម រង្ស៊ីគឺជាការលាបពណ៌ដើម្បីទម្លាក់កំហុសលើគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា៖
«បញ្ហាទាំងឡាយដែលទណ្ឌិតសម រង្ស៊ីនិយាយ វាគ្រាន់តែយកវប្បធម៌លាបពណ៌មកលើកឡើងដើម្បីគេហៅថា បញ្ជៀសខ្លួនឯងពីការទទួលខុសត្រូវ ហើយដាក់បន្ទុកមកលើរាជរដ្ឋាភិបាល និងសមត្ថកិច្ចតែប៉ុណ្ណោះទេ ហើយមិនអាចយកជាការបានទេ ព្រោះទណ្ឌិតសម រង្ស៊ីយកអាវប្បធម៌លាបពណ៌ហ្នឹងមកអនុវត្តតាំងពីដើមមក ដែលគេធ្វើនយោបាយហ្នឹង។ ដូច្នេះហើយបានជាអាស្រ័យដោយវប្បធម៌ធ្វើនយោបាយយកវប្បធម៌លាបពណ៌មកធ្វើហ្នឹង បានជាមិនទទួលលទ្ធផលជាវិជ្ជមានឲ្យគាត់ហ្នឹង»។
ក្រោយពីមានការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ តែសម្រេចឃុំលោកក្នុងផ្ទះជំនួសវិញនោះ គេឃើញសហគមន៍អន្តរជាតិជាច្រើនបានរិះគន់ជាបន្តបន្ទាប់លើចំណាត់ការនេះ ព្រមទាំងទាមទារឲ្យមានការដោះលែងលោកកឹម សុខាឲ្យមានសេរីភាពពេញលេញ។
ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងស្ថាប័នតុលាការបានចេញមុខបកស្រាយជាបន្តបន្ទាប់ដើម្បីការពារចំណាត់ការឃុំឃាំងលោកកឹម សុខាក្នុងផ្ទះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃពុធ បានបញ្ជាក់ពីមូលហេតុនៃការឃុំខ្លួនលោកកឹម សុខាក្នុងផ្ទះ ដោយសារលោកបារម្ភថា លោកកឹម សុខាអាចបាត់បង់ជីវិតក្នុងពន្ធនាគារ ដោយសារជំងឺ មិនមែនមានសម្ពាធណាមួយពីអន្តរជាតិនោះទេ។
តុលាការកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយបកស្រាយថា ការដែលលោកកឹម សុខាត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះគឺពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះទេតែថា លោកកឹម សុខាមានសេរីភាពដើរហើរចេញពីក្នុងផ្ទះ តែមិនត្រូវចេញផុតពីព្រំដែនកំណត់នៅក្រៅបរិវេណលំនៅដ្ឋាន និងមិនត្រូវជួបជាមួយមន្ត្រីនានាដែលតុលាការបានហាមឃាត់ប៉ុណ្ណោះ៕