នេះជាលើកដំបូងហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ផ្ទាល់មាត់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ននេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន ដែលលោកថា លោក«បានបណ្តុះបណ្តាលតាំងពីនៅជាលេខាផ្ទាល់»របស់លោក ជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
អ្នកវិភាគលើកឡើងថា បើទោះជាអ្នកណាជានាយករដ្ឋមន្ត្រីក៏ដោយ ឲ្យតែលោក ហ៊ុន សែន នៅមានប្រាជ្ញាស្មារតីពេញលេញ លោកនៅតែជាអ្នកនៅពីក្រោយដែលមានអំណាច។
កាលពីថ្ងៃអង្គារ ក្នុងការថ្លែងមួយដែលមានរយៈពេលជិត៤ម៉ោង ទាក់ទងនឹងស្ថានការណ៍ជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍ និងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺរាតត្បាតនេះ លោក ហ៊ុន សែន បានឆ្លៀតលើកឡើងអំពីអនាគតអ្នកដឹកនាំកម្ពុជា បន្ទាប់ពីរូបលោក ដែលកាន់អំណាច៣៥ឆ្នាំមកហើយ រហូតមកដល់ពេលនេះ។
លោកបានថ្លែងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោកខ្លួនឯងផ្ទាល់ចាត់ចែងឲ្យលោក អូន ព័ន្ធមុនីរ័ត្ន តំណាងឲ្យរូបលោកនៅក្នុងកិច្ចប្រជុំអាស៊ានតាមប្រព័ន្ធអនឡាញ នៅពេលដែលនាយករដ្ឋមន្ត្រី ស្ថិតក្នុងការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដោយសារបារម្ភឆ្លងជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា នេះគឺជាការរៀបចំរបស់លោក ដែលមានបំណងបង្ហាញសារមួយឲ្យគេដឹង។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដែលលោកជាប្រធានគណបក្ស បានរៀបចំ«៣ឬ៤ខ្សែត្រៀម»សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលលោកថាខ្សែត្រៀមទីមួយ គឺមនុស្សក្នុងជំនាន់របស់លោក។ លោកបន្ថែមថា ការចុះផ្សាយរបស់សារព័ត៌មានបរទេសថា លោក អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខភាពម្នាក់ក្នុងតំណែងនាយករដ្ឋមន្ត្រី ជាការចុះផ្សាយត្រឹមត្រូវ។
លោកថ្លែងថា៖ «យើងបណ្តុះបណ្តាល អូន ព័ន្ធមុនីរ័ត្ន តាំងពីធ្វើលេខាខ្ញុំផ្ទាល់ រហូតដល់ឡើងធ្វើជាឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំអាស៊ាន។ តើនោះជាសារអ្វីទៅ? សូមជម្រាបជូនឲ្យច្បាស់នូវការរៀបចំ។ កុំម្ង៉ៃៗ ត្រៀមតែផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែតៗៗ»។
លោក ហ៊ុន សែន បន្តថា គណបក្សកាន់អំណាចមានធនធានមនុស្សសំបូរបែប ហើយអ្នកបញ្ចប់ការសិក្សាខ្ពង់ខ្ពស់កម្រិតថ្នាក់បណ្ឌិត ក៏មានមិនតិចដែរ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក អូន ព័ន្ធមុនីរ័ត្ន បានទេនៅថ្ងៃពុធនេះ ទាក់ទិននឹងការថ្លែងរបស់នាយករដ្ឋមន្ត្រី។
លោក អូន ព័ន្ធមុនីរ័ត្ន អាយុ៥៥ឆ្នាំ ដែលអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសង្គម និងនយោបាយនៃសាកលវិទ្យាល័យមួយក្នុងប្រទេសរុស្ស៊ី ឈ្មោះថា Moscow State University កាលពីឆ្នាំ១៩៩៣។ លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៣ បន្ទាប់ពីបំពេញការងារជារដ្ឋលេខាធិការក្រសួងនេះ អស់រយៈពេល១០ឆ្នាំ។
លោកក៏ជាតំណាងរាស្ត្រខេត្តកណ្តាលផងដែរ ហើយក៏ជាប្រធានក្រុមកាងារចុះជួយខេត្តកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ លោកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជន ដែលមានសមាសភាព៣៤រូប។ នេះបើតាមវេបសាយរបស់គណបក្សកាន់អំណាច។
កាលពីខែតុលា ឆ្នាំមុន ទីភ្នាក់ងារព័ត៌មានបរទេស Reuters បានចេញផ្សាយការស៊ើបអង្កេតមួយ ដោយរកឃើញថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំសញ្ជាតិស៊ីប ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន Reuters ដើម្បីចូលសញ្ជាតិស៊ីបបាន អ្នកស្នើសុំសញ្ជាតិពីប្រទេសស៊ីប តម្រូវឲ្យមានទឹកប្រាក់វិនិយោគក្នុងប្រទេសនេះ យ៉ាងតិច ២លាន ២សែនដុល្លារអាមេរិក។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអំពីបេក្ខភាពនាយករដ្ឋមន្ត្រីលោក អូន ព័ន្ធមុនីរ័ត្ន «គ្រាន់តែជាឈ្នាន់» សម្រាប់បង្ក្រាបសំឡេងជំទាស់ក្នុងជួរបក្សនិងគណបក្សប្រឆាំង ខណៈមានការលើកឡើងអំពីគម្រោងរបស់លោក ហ៊ុន សែន ក្នុងការតែងតាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បង ជាអ្នកស្នងតំណែង។
លោកថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «ខ្ញុំផ្ទាល់ខ្ញុំគិតថាវាអត់មានអីភ្ញាក់ផ្អើលទេ។ អានេះគ្រាន់តែជាការជ្រលរឆ្វេងវាយស្តាំទេ។ គ្រាន់តែជាយន្តការមួយនៅក្នុងការបង្ហាញថា នាយករដ្ឋមន្រ្តីមានលទ្ធភាព មានសមត្ថភាពស្នើបេក្ខជននយោបាយរូបណាមួយដែលជាឥស្សរជនថ្នាក់ដឹកនាំនៅអនាគត»។
អ្នកវិភាគរូបនេះបន្តថា ការបោះឆ្នោតដោយយុត្តិធម៌នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ជារឿងសំខាន់ ប៉ុន្តែលោកថា បុគ្គលដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន សែន ក៏ត្រូវជាមនុស្សដែលប្រជាជនកម្ពុជាទូទៅគាំទ្រផងដែរ។
លោកបន្ថែមថា៖ «ប្រសិនបើគាត់រើសចេញពីប្រភពណាក៏ដោយ ដែលមិនទាន់ជាបេក្ខជនដែលមិនទាន់ទទួលបានទទួលការគាំទ្រពីមហាជនទូទៅច្រើនទេ ពិបាកនៅក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតណាស់»។
លោកបន្ថែមថា ប្រសិនបើប្រធានគណបក្ស លោក ហ៊ុន សែន«ផ្ចុងផ្តើម»បេក្ខភាពនាយករដ្ឋមន្ត្រី នោះនឹងមានចរន្តនៃការគាំទ្រលោក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិងជាព្រឹទ្ធសមាជិកមួយរូប មានប្រសាសន៍ថាមុខសញ្ញានៃបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច មិនមែនមានតែមួយនោះទេ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងគ្រាន់តែមតិលើកមុខសញ្ញា មិនមែនជាការអត្តនោម័តិចង្អុលបង្ហាញថាត្រូវតែឯកឧត្តម អូន ព័ន្ធមុនីរ័ត្នឯណា។ អត់ទេ»។
បើតាមលោក សុខ ឥសាន ការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នឹងត្រូវធ្វើឡើងក្នុងមហាសន្និបាតរបស់គណបក្ស ហើយអាចមានការជ្រើសរើសបេក្ខភាពប្រកួតប្រជែង ដែលអាចមាន៣ទៅ៥នាក់ សម្រាប់ការបោះឆ្នោត។ លោកបន្តថារហូតមកដល់ពេលនេះ មិនទាន់ដឹងថាមានបេក្ខភាពណានោះទេ។
លោកមានប្រសាសន៍ថា៖ «ជាពិសេស គឺថ្នាក់ដឹកនាំលោកសម្គាល់ហើយ។ លោកសម្គាល់ និយាយរួម ប៉ុន្តែគាត់គ្រាន់តែមិន[ទាន់]បញ្ចេញ ដើម្បីផ្សាយជាសាធារណៈ។ ក៏ប៉ុន្តែការកត់សម្គាល់ហ្នឹង គឺតាមរយៈគុណសម្បត្តិ តាមរយៈស្នាដៃការងាររបស់បេក្ខជនម្នាក់ៗ របស់អ្នកបន្តវេនម្នាក់ៗ»។
លោក សុខ ឥសាន បន្តថាអ្នកបន្តវេន ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សុខភាពល្អ កាយសម្បទាមាំមួន ហើយមិនមានការកំណត់អាយុនោះទេ។
នៅពេលសួរអំពីបេក្ខភាពរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ជានាយករដ្ឋមន្ត្រី លោកថាលោកមិនអាចនិយាយបានទេ ដោយថាវាល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។
លោកប្រាប់ VOA ថា៖ «កាលណានិយាយ យើងល្មើសលក្ខន្តិកៈគណបក្ស យើងល្មើសបទបញ្ជាផ្ទៃក្នុងគណបក្ស»។
លោក អ៊ា សុផល ដែលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា«ការពឹងផ្អែកជំនួយក្នុងប្រទេសកម្ពុជា៖តើជំនួយបរទេសបំផ្លាញប្រជាធិបតេយ្យយ៉ាងណា?» មាន ប្រសាសន៍ថាលោក អូន ព័ន្ធមុនីរ័ត្ន ជាអ្នកបច្ចេកទេសដែលប្រឡូកក្នុងនយោបាយ ជាជាងអ្នកនយោបាយតែមួយមុខ។
លោកទស្សន៍ទាយថាលោក អូន ព័ន្ធមុនីរ័ត្ន ដូចជាលោក Goh Chok Tong អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីពីចាប់ឆ្នាំ១៩៩០ដល់ឆ្នាំ២០០៤ ដែលឡើងកាន់អំណាច បន្ទាប់ពីលោក Lee Kuan Yew បានចុះចេញពីតំណែង។ បន្ទាប់មក លោក Lee Hsien Loong ដែលជាកូនប្រុសរបស់លោក Lee Kuan Yew បានក្លាយជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ២០០៤។
លោក អ៊ា សុផល អ្នកវិភាគនៅសហរដ្ឋអាមេរិក បន្តថាលោក អូន ព័ន្ធមុនីរ័ត្ន គ្រាន់ជាអ្នកកំដរត្រៀមសម្រាប់តំណែងរបស់លោក ហ៊ុន ម៉ាណែត ឬកូនប្រុសរបស់លោក ហ៊ុន សែន ផ្សេងទៀត។
លោកបន្តថាការដាក់កូនឲ្យធ្វើជានាយករដ្ឋមន្ត្រី មើលទៅជារូបភាពអាក្រក់។ ទោះជាយ៉ាងណា លោកថាលោក ហ៊ុន សែន នៅតែជាអ្នកនៅពីក្រោយ។
លោកបានប្រាប់ VOA តាមសារអ៊ីមែលថា៖ «មិនមានផ្លូវដែលលោក ហ៊ុន សែន ដើរចេញនោះទេ ល្គឹកណាលោកនៅតែមានប្រាជ្ញាស្មារតីពេញលេញ។ លោកនឹងនៅតែជាមនុស្សរុញខ្សែញាក់ពីក្រោយវាំងនន»។
គួរបញ្ជាក់ថាលោក ហ៊ុន សែន ធ្លាប់ប្រកាសថាលោកនឹងកាន់អំណាចមិនតិចជាង១០ឆ្នាំទៀត ហើយគណបក្សប្រជាជនកម្ពុជាត្រៀមខ្លួនកាន់អំណាច ទៅដល់១០០ឆ្នាំទៀត៕