រដ្ឋាភិបាល​លោក​ហ៊ុន សែន​រំសាយ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

កម្លាំង​សន្តិសុខ​​វ៉ៃ​ព្រះសង្ឃ​នៅ​ពេល​​រដ្ឋាភិបាល​​របស់​​​លោក​ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​ឯកបក្ស​​ រំសាយ​បាតុកម្មនៅ​ទីលាន​​ប្រជាធិបតេយ្យ​

កង​កម្លាំងសន្តិសុខ​របស់​រដ្ឋាភិបាល​ជាច្រើន​រាប់​ពាន់​នាក់ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​ និង​បូក​រួម​ទាំង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​បី​គ្រឿង​ បាន​វាយ​បំបែក​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ជំរំ​ប្រមូល​ផ្តុំមហា​បាតុកម្ម​ដោយ​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ក្រោយ​ពី​គណបក្ស​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​រយៈ​ពេល​តែ​បី​សប្តាហ៍​ប៉ុណ្ណោះ។​

មន្ត្រី​សិទ្ធិមនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា ​គ្មាន​ក្រុម​បាតុករ​ណា​ម្នាក់​បាន​រង​របួស​និង​ចាប់​ខ្លួន​ទេ​ នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​លោកហ៊ុន សែន។​

ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​ក្រុម​បាតករ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង ​ក្រោយ​ពេល​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​កង​កម្លាំងសមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល​បាន​បង្រ្កាប​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែលទាមទារឲ្យដំឡើងប្រាក់​បៀវត្ស​របស់​ក្រុម​កម្មករ​កាល​ពី​ថ្ងៃ​សុក្រ។​

យ៉ាង​តិច​មាន​កម្មករ​ប្រមាណ​បួន​នាក់​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​បាញ់​សម្លាប់​នៅ​សួន​ឧស្សាហកម្ម​កាណា​ឌីយាក្រុង​ភ្នំពេញ ​និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ព្រម​ទាំង​ចាប់​ខ្លួន​កម្មករ​ប្រមាណ​១៦​នាក់ រួច​ហើយ​ចង​ស្លាប​សេក​មក​ក្រោយ​ប្រៀប​បី​ដូច​ជាឈ្លើយ​សឹក​សង្គ្រាម។​

ការ​បង្ក្រាប​របស់​កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដំបូង​ក្រុម​សមត្ថ​កិច្ចបាន​ចូល​ទៅ​ទីលាន​ប្រជាធិបតេយ្យ​រាប់​រយ​នាក់​ ដោយ​មាន​កាន់​អាវុធ​ស្វ័យ​ប្រវត្តិ​គ្រប់​ដៃ​និង​កាន់​បំពង់​ទីប ​ក្រោយ​មក​បានដេញ​វាញ​ក្រុម​បាតុករ​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​ដូច​សព្វ​មួយ​ដង​នៅ​ទី​លាន​ប្រជាធិបតេយ្យ។​

ក្រុម​បាតុករ ​រួម​ទាំង​ព្រះ​សង្ឃ​ដែល​មាន​តែ​ដៃ​ទទេ​ បាន​រត់​ប្រសេក​ប្រសាច និង​មាន​ទឹក​មុខ​ភ័យ​ស្លន់​ស្លោ​យ៉ាង​ខ្លាំង​ដោយ​ខ្លាច​ក្រែង​សមត្ថកិច្ច​វាយ​ត្រូវ។​

«ស្លាប់​លើ​ទឹក​ដី​ខ្លួន​ឯង​គឺ​មោទនភាព​ដើម្បី​ជាតិ​ខ្ញុំ។ ​ខ្ញុំ​ធ្វើ​សព្វ​ថ្ងៃ​មិន​មែន​ដើម្បី​បុគ្គល​ទេ​ ដើម្បី​ជាតិ​ដោយ​សារ​ខ្ញុំ​ឃើញ​ជាតិ​ខ្ញុំ​លិច​លង់»។

កម្លាំង​សន្តិសុខឃាត់ថា៖ «បាន​ឈប់​ថត​បង​ ឈប់​ថត​ លើក​រូប​ឡើងៗ។ ​សូម​អញ្ជើញ​យក​ឥវ៉ាន់​ចេញ​ដោយ​ខ្លួន​ឯង»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ផ្ទាល់​ភ្នែក​បាន​អះអាង​ថា ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ចរាប់​រយ​នាក់​ដោយ​មាន​ចង​បូរ​ពណ៌​ក្រហម​នៅ​នឹងដើម​ដៃ​ និង​ចង​នៅ​លើ​ក្បាល​ជា​សម្គាល់​កាន់​បំពង់​ទីប​ដេញ​វាយ​សំពង​ទៅ​លើ​ក្រុម​បាតុករ​ ព្រម​ទាំងមាន​ការ​គាំទ្រពីឧទ្ធម្ភាគចក្រ​ គាំទ្រ​នៅ​ពី​លើ។​

លោក​តាំង ពេជ្រ​ យុទ្ធជន​ពីការ​ជើង​មក​ពី​ខេត្ត​កំពង់ចាម​ដែល​មក​ចូល​រួម​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​ថ្ងៃ​មកហើយ​ បាន​ហៅ​ការ​បង្ក្រាប​នេះ​ថា ​សង្គម​លោក​ហ៊ុន សែន​ដឹកនាំមាន​ភាព​សាហាវ។

លោក​និយាយ​ថា៖ «ខ្ញុំ​អ្នក​តស៊ូ​ហើយ​ដល់​ពេល​មក​ឃើញ​អញ្ចេះ​អយុត្តិធម៌​ណាស់​ក្នុង​សង្គម​ហ៊ុន សែន។​ ខ្ញុំ​ប្រាប់​មួយ​ម៉ាត់​បង​ប្អូន។ ​តស៊ូ​តាំង​ពី​ឆ្នាំ​៨៥​រហូត​ដល់​៩៧​ដាច់​ជើង​ ប្រាក់​ខែ​តែ​១៥​ម៉ឺន​ទេ។​ខ្ញុំ​តាំង ពេជ្រ ​ខេត្ត​កំពង់​ចាម​ រហូត​ដល់​បច្ចុប្បន្ន​ គ្មាន​រដ្ឋា​ភិបាល​ណា​ចិញ្ចឹម​ខ្ញុំ​ទេ»។

ការ​វាយ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រីតែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជានេះ​ បាន​កើត​ឡើង​មុន​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​លក្ខណៈទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។

គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្តី​ថ្ងៃង​ការណ៍មួយ​ប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ និង​បាន​ផ្អាក​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។​

លោកយឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា ​មូល​ហេតុនៃ​ការ​ផ្អាក​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​សារ​តែ​គណបក្ស​មិន​ចង់​ប្រឈម​មុខ​ជាមួយ​នឹង​ការ​បង្ក្រាប​យ៉ាង​ព្រៃ​ផ្សៃ​របស់​រដ្ឋាភិបាល។​ ក៏ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ​គណបក្ស​បោះ​បង់​ចោល​ការ​ទាមទារ​របស់​ខ្លួន​ទេ​គឺ​គ្រាន់​តែ​ដក​ឃ្លា​សម្រាប់​ធ្វើការចារណា​ដើម្បី​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ក្រោយ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ «ពី​ព្រោះ​ជាមេដឹក​នាំយើង​មាន​មនុស្ស​ធម៌​នៅ​ក្នុង​ខ្លួន​ យើង​មិន​ចង់ឲ្យ​ឈាម​ប្រជា​ពលរដ្ឋ​ហូរ។ យើង​មិន​ចង់ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​អាយុ​ជីវិត​ទេ។ ក៏ប៉ុន្តែ​អ្នក​ដឹក​នាំ​ដទៃ​ទៀត​គឺ​អត់​មាន​សោក​ស្តាយ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​អ្វី​បន្តិច​សោះ»។​

ការ​បង្ក្រាប​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​បាន​បន្សល់​ទុក​ស្បែក​ជើង​ កាបូប​ សម្លៀក​បំពាក់​ ទឹក​សុទ្ធ និង​បដារ​ទាមទារ​របស់​ក្រុម​បាតុករ ​នៅរាយបាយ​ពាស​ពេញ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

លោកឡុង ឌីម៉ង់​ អ្នកនាំ​ពាក្យ​របស់​សាលាក្រុង​ភ្នំពេញ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​ឈរ​មើល​ការ​ទាញឲ្យ​ដួល​រលំ​នៃ​វេទិកា​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ។​ លោក​បាន​ស្តី​បន្ទោស​ថា ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ច្បាប់​ ដូច្នេះ​សមត្ថកិច្ចត្រូវ​តែ​បង្ក្រាប​ដើម្បី​រក្សា​បាន​មកវិញ​នូវស្ថិរភាព​ក្នុង​សង្គម។​

លោក​និយាយ​ថា៖​ «បង​ប្អូន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ក៏ប៉ុន្តែ​ការ​បញ្ចេញមតិ​របស់​គាត់​ស្ថិត​នៅ​ក្រោម​ច្បាប់។ ​អញ្ចឹង​ទេ​យើង​បាន​ឃើញ​ហើយ​ បាតុករ​គាត់​អហិង្សា​មែន​នៅ​ទីលាន​ ប៉ុន្តែ​បាតុករ​ដែល​បាន​ដើរ​ចេញ​ពីទីលាន​ទៅ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ខាង​ក្រៅ។​ នោះ​ដែល​ជារបស់​ដែល​យើង​មិន​អាច​និយាយ​បាន ​ហើយ​វា​កំពុង​តែ​ដើរ​ប្រាស​ចាក​ចេញ​ពី​ច្បាប់​ស្តី​ពី​បាតុកម្ម​ដោយ​សន្តិវិធី»។​

ក្រសួង​មហា​ផ្ទៃ​របស់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយ​បាន​ចាត់​ទុក​ការ​បង្ក្រាប​នេះ​ថាជាការ​ពង្រឹង​ឡើង​វិញ​នូវ​សន្តិសុខ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ហាម​ឃាត់​រាល់​ការ​ជួប​ប្រជុំ​ជាសារធារណៈ ឬការ​ដើរ​ហែក្បួន​ ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​រហូត​ដល់​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​បាន​វិល​មករក​ភាព​ប្រក្រតី​ឡើង​វិញ។​

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាច្រើន​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ថ្កោល​ទោស​ការ​បង្ក្រាប​ពី​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​លើ​បាតុកម្ម​ដោយ​អហិង្សា​របស់​កណបក្ស​សង្គ្រោះជាតិ។​

លោក​ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​និយាយ​ថា​ ស្ថាន​ភាព​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​គឺ​គ្រប​ដណ្តប់​ដោយ​អំពើ​ខ្មៅ​ងងឹត​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​លោក​បាន​បញ្ជាក់​ថា​ ពី​ពេល​នេះ​ទៅ​អ្វីៗ​គឺ​ស្រេច​តែ​លើ​តុលាការ ​និង​ចុង​អាវុធ​ ដែល​ជាការ​គំរាម​កំហែង​ដល់​អ្នក​ដែល​ហ៊ាន​ប្រឆាំង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​

លោក​មន្ត្រី​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រីតែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រមាន​ថា​ នឹង​ប្រើ​ប្រាស់​វិធាន​ការណ៍បាតដៃទី​បី​ដើម្បី​បង្ក្រាប​ដល់​ការ​តវ៉ា​ណា​មួយ​របស់​គណបក្ស​សង្គ្រោះជាតិ។​

មួយ​សប្តាហ៍ប៉ុណ្ណោះ​ ក្រោយ​ពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​ត្រួត​ត្រា​ប្រទេស​អស់​ពេល​ជាង​៣០​ឆ្នាំ​មកនោះ ​សកម្មភាព​បង្ក្រាប​យ៉ាង​ព្រៃ​ផ្សៃ​នេះ​ក៏​បាន​កើត​ឡើង៕​