គ្រួសារ​លោកហ៊ុន សែន​ប្រតិកម្ម​នឹង​របាយការណ៍ ​Global Witness

គេហទំព័រ​នៃ​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​​​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

ឆ្លើយ​តប​ទៅ​ហ្នឹង​​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​អង្គការ​ ​Global Witness កូន​ប្រុស​ស្រី​របស់​លោក​ហ៊ុន សែន​បាន​ថ្លែង​បដិសេធ​​របាយ​ការណ៍​នោះ​ នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។​

ប្រតិកម្ម​បាន​ធ្វើ​ឡើង​ភ្លាមៗ​ពី​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្តី្រ​ហ៊ុន​ សែន​ បន្ទាប់​ពីការ​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​អង្គការ​ ​Global Witness ​មាន​ចំណង​ជើង​ថា​«ការ​ក្ដោបក្ដាប់​តាម​បែបប្រទូសរ៉ាយ»។​ របាយការណ៍​នេះ​បាន​រៀបរាប់​ពី​ការ​កសាង​ទ្រព្យ​សម្បត្តិ​រាប់​រយ​លាន​ដុល្លារ ចាប់​តាំង​ពី​លោក​ហ៊ុន​ សែន​ បាន​ដឹកនាំ​ប្រទេស​ជា​សហ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៣​ រហូត​ដល់​ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ​ដែល​បានស្ថិត​ក្នុង​អំណាច​ជាង​បី​ទស​វត្សរ៍​មក​នេះ​ ​បាន​ប្រតិកម្ម​ភ្លាមៗ​ប្រឆាំង​តប​ទៅ​នឹង​របាយ​ការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​ការក្ដោបក្ដាប់​ក្រុមហ៊ុន​ធំៗ​ជាង​១០០​ជា​សម្ងាត់​ ​និង​ដោយ​ការ​រំលោភ​អំណាច ​ហើយ​ក្រុមហ៊ុន​ខ្លះ​ក៏បាន​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។​

របាយ​ការណ៍កម្រាស់​ជាង​៥០​ទំព័រ​ និង​មាន​ឈ្មោះ​ថា​ «ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ចក្រភព​អង់គ្លេស​ ​បាន​ឲ្យ​ដឹង​ថា​ គ្រួសារ​របស់​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​ជួយ​រក្សា​ភាព​ស្ថិតស្ថេរ​យូរ​អង្វែង​នៃ​អាជីព​នយោបាយ​របស់​គាត់។​

ពួក​គេ​កាន់​តំណែង​សំខាន់ៗ​ក្នុង​កិច្ចការ​នយោបាយ​ កង​កម្លាំង​យោធា​ នគរបាល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ស្ថាប័ន​មនុស្ស​ធម៌​ ដែល​សុទ្ធ​តែ​ជា​ផ្នែក​ដែល​ជួយ​គាំទ្រ​គណបក្ស​របស់​លោក​ ហ៊ុន សែន​ តាមរយៈ​ការ​ឃោសនា​ ការ​បរិច្ចាគ​ផ្នែក​នយោបាយ​ ឬ​ក៏​ការ​ប្រើ​កម្លាំង​ព្រៃ​ផ្សៃ​ជាដើម។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​ពួកគេ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ជាច្រើន​ រួមមាន​ ការ​លួច​យក​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ​ អំពើ​ហិង្សា​ និង​ការ​បំភិត​បំភ័យ​លើ​ប្រជាជន​ក្នុង​មូលដ្ឋាន​ និង​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន។​

លោក​ហ៊ុន តូ​ ដែលជា​ក្មួយ​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ លោក​មិន​បាន​ដឹង​អំពី​របាយ​ការណ៍​របស់​អង្គការ Global Witness ​នោះ​ទេ។​ តែ​នៅ​ពេល​ VOA​ចោទសួរ​អំពី​ឈ្មោះ​របស់​លោក​ ដែល​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​នោះ​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ចុះ​ឥឡូវ​ ខ្ញុំ​សួរ​លោក​ឯង​វិញ​ បើ​សិន​ជា​គេ​រក​ស៊ី​ស្រប​ច្បាប់ គេ​រក​ស៊ី​ត្រឹម​ត្រូវ​ ម៉េច​ខុស​ច្បាប់​ដែរ?»​

នៅ​ពេល​ដែល​ VOA​ សួរ​លោក​អំពី​ការ​លើក​ឡើង​របស់​របាយ​ការណ៍​អំពី​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​ លោក​ហ៊ុន តូ​ថ្លែង​បន្ថែម​ទៀត​ថា៖​

«អ្ហេ​ លោក​ឯង​ អីចឹងៗ​ ខ្ញុំ​មិន​សូវ​ដឹង​ទេ​ កុំ​សួរ​ខ្ញុំ!»​

លោក​ហ៊ុន តូ​គឺ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ហ៊ុន ណេង​ ដែល​ជា​បង​ប្រុសរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ នៅ​ក្នុង​របាយ​ការណ៍​នោះ​ លោក​ហ៊ុន តូ​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា ​ជា​ «អ្នក​រត់​ពន្ធ​ថ្នាំ​ញៀន​ដ៏​ធំ​ជាង​គេ»។​ ប៉ុន្តែ ​គេ​ពុំ​ឃើញ​មាន​ការបញ្ជាក់​លម្អិត​ថា​ តើ​លោក​ហ៊ុន តូ​ពាក់​ព័ន្ធ​យ៉ាង​ណា​ ក្នុង​មុខ​ជំនួញ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ នេះ​ទេ។​

បន្ថែម​លើ​ការ​អធិប្បាយ​តិចតួច​របស់​ហ៊ុន តូ​ ជាមួយ​ VOA​ កូន​ប្រុស​ស្រី​របស់​លោក​ហ៊ុន សែន​បាន​ថ្លែង​បដិសេធរបាយ​ការណ៍​នោះ​ នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។​

លោកស្រី​ហ៊ុន ម៉ាណា​ កូន​ស្រី​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ជា​នាយិកា​ទូរទស្សន៍​បាយ័ន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​ក្នុង​ន័យ​ដើម​ថា៖​

«នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា​ ពួក​អ្នក​ចង់​បាន​អ្វី​ពី​គ្រួសារ​យើង​ខ្ញុំ គឺ​ឲ្យ​តែ​ជិត​ដល់​ពេល​បោះ​ឆ្នោត​ម្តងៗ​ ពួក​អ្នក​តែង​តែ​ធ្វើ​រឿង​បែប​នេះ​ក្នុង​គោល​ដៅ​បំផ្លាញ​ឪពុក​របស់​នាង​ខ្ញុំ​ តែ​នាង​ខ្ញុំ​និង​គ្រួសារ​គួរតែ​អរគុណ​ដល់​អស់​លោក​ លោក​ស្រី​ដែល​បាន​ជួយ​ដល់​ឪពុក​របស់​នាង​ខ្ញុំ​ឲ្យ​ឈ្នះ​ឆ្នោត​គ្រប់​អាណត្តិ​ ព្រោះ​តែ​ការ​ភូត​ភរ​ ការ​ប្រមាថ​របស់​លោក​អ្នក​ ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​កាន់​តែ​មាន​ការ​ទុកចិត្ត​ និង​បោះ​ឆ្នោត​ជូន​ឪពុក​ខ្ញុំ​ថែម​ទៀត»។​

រី​ឯ​លោក​ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ និង​ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​មួយ​រូប ​បាន​ថ្លែង​ស្រដៀង​គ្នា​ទៅនឹង​ប្អូនស្រី​របស់​លោក​គឺ​លោក​ស្រី​ហ៊ុន ម៉ាណា​ លើ​ទំព័រហ្វេសប៊ុក​របស់​លោក ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​នៅ​ចាំ​បាន​ថា​ ប៉ុន្មាន​អាណត្តិ​ហើយ​ ឲ្យ​តែ​ពេល​ជិត​បោះ​ឆ្នោត​ គឺ​ជា​ពេល​វេលា​ ដែល​អង្គការ​មួយ​ឈ្មោះ​ Global Witness ​បង្កើត​រឿង​ប្លែកៗ​ ឬ​ប្រធាន​បទ​ដដែលៗ​ ដើម្បី​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល​ ជាពិសេស​លើ​ឪពុក​ខ្ញុំ​តែ​ម្តង»។​

លោក​បាន​និយាយ​ដល់​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ចំនួន​ពីរ​ក្នុង​ន័យ​ដើម​ថា៖

«ហើយ​លើក​នេះ​ក៏​មិន​មាន​អ្វី​ថ្មី​ដែរ...​គ្រាន់​តែ​ខុស​ត្រង់​ថា​ តាម​រយៈ​ការ​ផ្សាយ​អត្ថបទ​តែ​មួយ​ជួន​គ្នា​ (បង្ហាញ​ពី​ការ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿង​នេះ)​ រវាង​ Phnom Penh Post ​និង​ Cambodia Daily​ លើក​នេះ​ គឺ​មិន​ត្រឹម​វ៉ៃ​តែ​ឪពុក​របស់​ខ្ញុំ​នោះ​ទេ​ គឺ​គេ​បាន​បង្កើត​រឿង​វ៉ៃ​ទាំង​គ្រួសារ​តែ​ម្តង​ ពោល​គឺ​មិន​ឲ្យ​រួច​ខ្លួន​ម្នាក់​ណា​ឡើយ។​ ចាំ​មើល​ចេញ​រឿង​អ្វី​ទៀត!»។

លោក​ស្រី​ហ៊ុន ម៉ាណា​ត្រូវ​របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា​ លោក​ស្រី​មាន​ការ​កាន់​កាប់​មុខ​ជំនួញ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ចំណោម​សមាជិក​គ្រួសារ​នេះ​ ដោយ​មាន​ប្រាក់​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​២២​ ដោយមាន​ចំណែក​ទុន​ដែល​បាន​ចុះ​បញ្ជី​មាន​ទឹក​ប្រាក់​ចំនួន​៦៦​លាន​ដុល្លារសហ​រដ្ឋ​អាមេរិក។​ តួលេខ​នេះហាក់​ដូច​ជា​ខ្ពស់​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ ដោយសារ​តែ​វា​មិន​បាន​រាប់​បញ្ចូល​នូវ​ទឹក​ប្រាក់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ប្រាំ​ ដែល​អង្គការ​ Global Witness​ មិន​អាច​ស្វែង​រក​ឃើញ​ទិន្នន័យ​ហិរញ្ញ​វត្ថុ។​

ប្រាក់​ហ៊ុន​មុខ​ជំនួញ​របស់​លោក​ស្រី​ហ៊ុន ម៉ាណាលាត​សន្ធឹង​លើ​វិស័យ​ធំៗ​ជាច្រើន​របស់​ប្រទេស​កម្ពុជា​ ក្នុង​នោះ​រួមមាន​វិស័យ​ថាមពល​ សំណង់​ ទេសចរណ៍​ សេវា​កម្ម​ហិរញ្ញវត្ថុ​ និង​បន​ល្បែង។​

ថ្មីៗ​នេះ​ លោកស្រី​កំពុង​តែ​សម្លឹង​មើល​ដើម្បី​ពង្រីក​អាណាចក្រ​មុខ​ជំនួញ​របស់​លោកស្រី ហើយកំពុង​តែ​អនុវត្ត​ការ​គាប​សង្កត់​ខ្លាំង​ទៅ​លើ​ក្រុមហ៊ុន​ឯក​ជន​ក្នុង​ស្រុក​ ដើម្បី​ទទួល​បាន​ភាគ​ហ៊ុន​របស់​គាត់​ ក្នុង​នោះ​ដែរ។​

ក្រៅពី​លោក​ស្រី​ហ៊ុន​ ម៉ាណា​ របាយ​ការណ៍ក៏​បាន​បង្ហាញ​ថា​ កូន​ប្រុស​ទាំង​បី​របស់​លោក​ហ៊ុន សែន​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​កម្ពុជាមួយ​ ជា​ភាសា​អង់គ្លេស​ហៅ​ថា​ Cambodia Electricity Private ​ដែល​បាន​ផ្គត់​ផ្គង់​ថាមពល​ទៅ​ដល់​រដ្ឋ។​

ក្រុម​អ្នក​ស៊ើប​អង្កេត​ដែល​សរសេរ​របាយ​ការណ៍«ការ​ក្ដោបក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»នេះ​ បាន​រក​ឃើញ​ថា​ គ្រួសារ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​មាន​អាជីវកម្ម​ចុះ​បញ្ជី​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ ដែល​មាន​ចំណែក​ដើមទុន​ចុះ​បញ្ជី​សរុប​ចំនួន​ជាង​២០០​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុនអន្តរជាតិ​ ជាច្រើន​ ដូច​ជា​ Apple, Nokia, Visa, Unilever, Proctor, Gamble និង​ Honda ​ជាដើម។​

របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ គ្រួសារ​ត្រកូល​ហ៊ុន​ រួមមានសមាជិក​ ដែល​ធ្លាប់​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​រត់​ពន្ធ​អាភៀន​ដែល​មាន​តម្លៃ​១​ពាន់​លាន​ដុល្លារអាមេរិក​ ពាក់​ព័ន្ធការ​បាញ់​បោះ បុក​ស្លាប់​ហើយ​រត់ ​និង​សកម្មភាព​ទន្ទ្រាន យក​ដី​ដែល​បណ្ដាល​ឲ្យ​ប្រជាជន​ជាច្រើន​គ្រួសារ​ត្រូវ​បាត់បង់​លំនៅស្ថាន​ និង​រស់​នៅ​ក្នុង​ភាព​ទាល់​ក្រ​នៅ​តំបន់​ជន​បទ​ក្រីក្រ​នៃ​ប្រទេស​កម្ពុជា។​

លោក​ Patrick Alley ​សហ​ស្ថាបនិក​នៃ​អង្គការ​ Global Witness ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​ន័យ​ដើម​ថា៖​

«គំហើញ​ទាំង​នេះ​បាន​បង្ហាញ​ពី​ផលវិបាក​នៃ​ការ​ប្រតិបត្តិ​គំរូ​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​របស់​ លោក​ហ៊ុន សែន។​ គ្រួសារ​របស់​គាត់​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ហេតុ​ដូចនេះ​ ពលរដ្ឋ​ក្រុង​ភ្នំពេញ​ហាក់​ដូចជា​មិន​អាច​ជៀស​ផុត​ពី​ការ​រួម​ចំណែក​រកលុយ​ចូល​ហោ​ប៉ៅ​របស់​អ្នក​ជិះជាន់​គាប​សង្កត់​របស់​ពួកគេ​ជាច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ។​ ចំណែក​ឯ​វិនិយោគិន​បរទេស​វិញ​អាច​នឹង​ពុំ​ចូលរួម​គាំទ្រ​របប​ដែល​សម្លាប់​ បំភិត​បំភ័យ​ ឬ​ឃុំ​ខ្លួន​អ្នក​រិះគន់​របប​នេះ​ទេ»។​

របាយ​ការណ៍​នេះ​ ដែល​បាន​ចេញ​នៅ​គ្រា​ដែល​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ កំពុង​ជួប​វិបត្តិ​នយោបាយ​នោះ ក៏​បាន​រំឭក​ឡើង​វិញ​នូវ​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ខែ​មេសា​ឆ្នាំ​២០១១​ គឺ​នៅ​គ្រា​ដែល​លោក​ហ៊ុន សែន​បាន​លើក​ក្រដាស​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​ ដើម្បី​បង្ហាញ​កាមេរ៉ា​ ដែល​ផ្ដិត​យក​រូបភាព​ក្នុង​ពេល​លោក​កំពុង​ថ្លែង​នៅ​ក្នុង​បន្ទប់​មួយ​ពេញដោយ​អ្នក​ព័ត៌មាន។​

គ្រានោះ​ ជា​លើក​ដំបូង​បំផុត​ហើយ​ដែល​លោក​ហ៊ុន សែន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​ជា​សាធារណៈ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ហ៊ុន សែនបាន​អះអាង​ថា​ ប្រាក់​ខែ​របស់​នាយក​រដ្ឋមន្ត្រី​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​របស់​លោក​ ដែល​ផ្ដល់​ចំណូល​១.១៥០​ដុល្លារក្នុង​មួយ​ខែ​ ឬ ​១៣.៨០០​ដុល្លារក្នុង​មួយ​ឆ្នាំ។​

របាយ​ការណ៍​នោះ​បន្ត​ថា​ ចម្ងល់​បាន​កើត​ឡើង​ដោយ​សារ​តែ​ត្រកូល​ហ៊ុន​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយថា​ ជា​គ្រួសារ​មាន​បំផុត​មួយ។​ បើ​មិន​មាន​បំផុត​ក៏​ជា​គ្រួសារ​មាន​អំណាច​បំផុត​ នៅ​ក្នុង​ប្រទេស​ដែរ​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​បូក​បញ្ចូល​គ្នា​ទៅ​មាន​ក្នុង​ចន្លោះ​ពី​ប្រាំ​រយ​លាន​ ទៅ​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​យោង​ទៅតាម​ការ​ប៉ាន់​ស្មាន​ដោយ​អ្នក​ជំនាញ​ការ។​

លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ របាយ​ការណ៍​របស់​អង្គការ​ Global Witness ​មាន​ចរិត​មួល​បង្កាច់​ការណ៍​ពិត​ និង​មិន​អាច​ទទួល​យក​បាន។​

«រឿង​របាយ​ការណ៍​ហ្នឹង​ ខ្ញុំ​យល់​ថា​ វា​មាន​និន្នាការ​លំអៀង​ អត់​មាន​មូលដ្ឋាន​ច្បាស់​លាស់​ មាន​តែ​និយាយ​តាម​វប្បធម៌​លាប​ពណ៌​ តាម​វប្បធម៌​ច្រណែន​ឈ្នានីស​ ចង្អៀត​ចង្អល់​ ហើយ​និង​ចង់​មួល​បង្កាច់។​ អា​ហ្នឹង​រឿង​តែ​ប៉ុណ្ណឹង​ទេ​បាទ»។​

លោក​បន្ថែម​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ដែល​អង្គការ​នេះ​បាន​ធ្វើការ​វាយ​ប្រហារ​មក​លើ​ក្រុម​គ្រួសារ​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​ លោក​ថា​ របាយ​ការណ៍​នេះ​ក៏​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ ដោយ​ហេតុ​ថា​ ប្រជា​រាស្ត្រ​ខ្មែរ​បាន​ទទួល​ស្គាល់​ពី​ស្នាដៃ​ដឹកនាំ​ប្រទេស​របស់លោក​នាយក​រដ្ឋមន្ត្រី។​

របាយ​ការណ៍​ដដែល​របស់​អង្គការ​ ​Global Witness​ ដែល​មាន​ឈ្មោះ​ថា​ ​«ការ​ក្ដោបក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»​នេះ​ ក៏​បាន​រៀបរាប់​ពី​រយៈពេល​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ហ៊ុន សែន​ យ៉ាង​ដូច្នេះ​ថា​ លោក​ហ៊ុន​ សែន​គឺ​ជា​នាយក​រដ្ឋមន្ត្រី​គ្រប់​គ្រង​តំណែង​យូរ​ជាង​គេលំដាប់​ទី​ប្រាំ​មួយ​នៅ​ក្នុង​ពិភព​លោក ​ពោល​គឺ​កា្តប់​អំណាច​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ដែល​ជា​ឆ្នាំ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ និង​ការ​ដាក់​គំនាប​យ៉ាង​ខ្លាំង​ក្លា​លើ​គណបក្ស​នយោបាយ​ប្រឆាំង​ ​ដូច​ជា​ តាម​រយៈ​ការ​ធ្វើ​ឃាត​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត។​

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​បន្ថែម​ថា​ ខ្លួន​មាន​មូលដ្ឋាន​ភស្តុតាង​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​ប្រជាជន​កម្ពុជាសង្ស័យ​ថា​ លោក​ហ៊ុន សែនបាន​បំពាន​លើ​តួនាទី​របស់​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ ​ដើម្បី​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​របស់​លោក​កាន់​កាប់​ទាំងស្រុង​ ឬ​ក៏​កាន់​កាប់ចំណែក​ភាគ​ច្រើន​នៅ​ក្នុង​ឧស្សាហ​កម្ម​សំខាន់ៗ​ភាគ​ច្រើន​នៅ​កម្ពុជា។

របាយ​ការណ៍​ដដែល​នេះ​បាន​ចែក​ផ្សាយ​ដល់​ប្រព័ន្ធ​ព័ត៌មាន​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ប៉ុន្តែ​ត្រូវ​គេ​ហាមប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ ខែ​កក្កដា​ឆ្នាំ​២០១៦​នេះ៕