ក្រុមគ្រួសារ​លោក​កែម ឡី៖ បច្ច័យ​បុណ្យ​សង់​ចេតិយ​លោក កែម ឡី ឧបត្ថម្ភ​ដោយ​នាយក​រដ្ឋមន្ត្រី មិន​បាន​រំងាប់​ការទាមទារ​យុត្តិធម៌

រូប​សំណាក់​លោក កែម ឡី អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

ក្រោយ​ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំនួន​៦ម៉ឺន​ដុល្លារ​អាមេរិក​ ​តំណាង​ក្រុម​គ្រួសារ​​​លោក ​​កែម ឡី​ បន្ត​ទទូច​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ចំពោះ​ការ​ស្លាប់​​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​រូប​នេះ។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ ​បាន​ឧបត្ថម្ភ​ថិវកា​សរុប​ ៦ម៉ឺន​ដុល្លារ​ ដល់​ក្រុម​គ្រួសារ​សាច់​ញាតិ​លោក​ កែម ឡី​ ដើម្បី​ទូទាត់​ការ​ចំណាយ​លើ​ពិធី​បុណ្យ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ស្លាប់​អ្នក​វិភាគ​រូប​នេះ​ និង​ការ​សង់​ចេតិយ​តម្លៃ​១៧​ម៉ឺន​ដុល្លារ​ដើម្បី​តម្កល់​ធាតុ​លោក​ ​កែម ឡី។​ តំណាង​ក្រុម​គ្រួសារ​លោក​ ​កែម ឡី​ ​និយាយ​ថា​ ថវិកា​មនុស្ស​ធម៌​នេះ​ ​មិន​អាច​រំងាប់អារម្មណ៍​នៃ​ការ​ទាមទារ​យុត្តិធម៌​ ​ដល់​អ្នកវិភាគ​ដែល​រិះគន់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ ​មិន​សំច័យ​មាត់​នោះ​ទេ។

ក្រោយ​ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំនួន​៦ម៉ឺន​ដុល្លារ​អាមេរិក​ ​តំណាង​ក្រុម​គ្រួសារ​លោក កែម ឡី​ បន្ត​ទទូច​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ចំពោះ​ការ​ស្លាប់អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​រូប​នេះ។​

រូបឯកសារ៖ ប្អូនប្រុស​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត អាយុ៤៦ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ម្តាយ​របស់​លោក កែម ឡី​។

លោក​ កែម រិទ្ធិសិត​ ប្អូន​ប្រុស​បង្កើត​របស់​លោក​ កែម ឡី​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ឧបត្ថម្ភ​ប្រាក់​ពី​លោក​ ហ៊ុន សែន​ សម្រាប់​សង់​ចេតិយតម្កល់​ធាតុ​ ​លោក​ កែម ឡី​ គឺ​ជា​ការ​ចូល​បច្ច័យ​បុណ្យ​ធម្មតា​ ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​ ​បាន​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​ខ្មែរ។ ​លោក​ថា​ ក្រុម​គ្រួសារ​លោក​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ ស្វែង​រក​ឲ្យ​ឃើញ​ឃាតករ​ពិតប្រាកដ​ដែល​បាន​បាញ់​សម្លាប់​លោក​ កែម ឡី។​

«បុណ្យ​ផ្សេង​ រឿង​យុត្តិធម៌​ផ្សេង​ គឺ​មិន​អាច​យក​មក​បូកគ្នា​បាន​ទេ​ ​បុណ្យ​ ​និង​បាប​យើង​យក​បូក​បញ្ចូល​គ្នា​ម៉េច​ សង​គ្នា​ម៉េច​កើត​អត់​ទេ​ ចង់​និយាយ​អញ្ចឹង​ គឺ​យើង​ត្រូវ​តែ​ធម្មតា​ រឿង​បុណ្យ​ គឺ​យើង​ទទួល​ខាង​ណាៗ​ក៏ដោយ​ ហី​ក៏​យើង​មិន​ដឹង​ថា​ ខាង​ណា​អ្នក​ធ្វើ​ ខាងណា​អ្នក​មិន​ធ្វើ​អីណា​ ពីព្រោះ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​ ជា​ការ​ពិត​ ព្រោះ​អា​រឿង​ជួប​សម្លាប់​ ជួប​អី​ក៏​យើង​អត់​ទទួល​យក​ដែរ។ ក្រុម​គ្រួសារ​មិន​ទទួល​យក​ដាច់​ខាត​ក្នុង​ការ​ចោទ​ប្រកាន់​ថា​ សម្លាប់​ដោយ​ជំពាក់​លុយ​ហ្នឹង​ ព្រោះ​យើង​អត់​ដែល​បាន​ទទួល​យក​ទេ​ យើង​ច្រាន​ចោល​អាហ្នឹង»។​

លោក ​កែម រិទ្ធិសិត​ បាន​បញ្ជាក់​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​ពីរ​លើក​សរុប​ ​៦ម៉ឺន​ដុល្លារ​អាមេរិក។ ​លើក​ទី​មួយ​ ​លោក​ ហ៊ុន សែន​ ចូល​បច្ច័យ​បុណ្យ​ដល់​សព​លោក​ កែម ឡី​ ចំនួន​ ​១ម៉ឺន​ដុល្លារ​អាមេរិក​ ​ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ​លើ​ពិធី​បុណ្យ​រំឭក​ខួប​១ឆ្នាំ​នៃ​ការ​ស្លាប់​លោក​ កែម​ ឡី​ ដែល​បាន​រៀបចំ​ឡើង​ នៅ​ខេត្ត​តាកែវ​ កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​ ២០១៧។​ ហើយ​លើក​ទី​ពីរ​ ​គឺ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ សម្រាប់​ការ​សាងសង់​ចេតិយតម្កល់​ធាតុ​ ​លោក​ ​កែម ឡី។​

រូបឯកសារ៖ ក្មេងស្រី​ម្នាក់មើល​សព​លោក​ កែម ឡី ពី​ក្រៅ​ម៉ាត​ Caltex កន្លែង​ដែល​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃអាទិត្យ​ ទី​១០ ខែ​កក្ដដា ឆ្នាំ​២០១៦ ក្នុង​រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)

លោក​ កែម ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់​ស្លាប់​ភ្លាមៗ​ ​ក្នុង​ស្ថានីយ​ប្រេង​សាំង​កាល់តិច​ (Caltex)​ ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ កក្កដា​ ឆ្នាំ២០១៦។​ ក្រោយ​ការ​បាញ់​សម្លាប់​សព​លោក​ កែម​ ឡី​ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​រាប់​សែន​នាក់​ និង​សាច់​ញាតិ​នាំ​យក​ទៅ​បញ្ចុះ​ក្នុង​លំនៅដ្ឋាន​របស់​លោក​ក្នុង​ឃុំ​លាយបូ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។​

ថវិកា​ចូល​បច្ច័យ​បុណ្យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លើក​ចុង​ក្រោយ​ ​ចំនួន​ ​៥ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ផ្តល់​តាម​រយៈ​លោក​ លឹម ជាវុត្ថា​ នាយក​ប្រតិបតិ្ត​នៃអង្គភាព​ព័ត៌មាន​ ​Fresh News​ ​ដែល​គេ​ដឹង​ថា ​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​ ​ថវិកា​នេះ​បាន​ទៅ​ដល់​ដៃ​ម្តាយ​លោក​ កែម ឡី​ គឺ​អ្នកស្រី​ ភោគ សេ​ កាល​ពីរ​សៀល​ថ្ងៃ​សៅរ៍​ ទី២២ ​ខែ​កក្កដា នៅ​ឯ​ខេត្ត​តាកែវ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ កែម រិទ្ធិសិត។​

នាយក​ប្រតិបតិ្ត​នៃអង្គភាព​ព័ត៌មាន​ Fresh News ​លោក​ លឹម ជាវុត្ថា​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​គ្រួសារ​លោក កែម ឡី​ ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្វើ​ឡើង​ ក្រោយ​ពី​អង្គភាព​ព័ត៌មាន​របស់​លោកបាន​ផ្សព្វផ្សាយ​ការ​ប្រកាស​របស់​លោក​ កែម រិទ្ធិសិត អំពី​កង្វះ​ថវិកា​លើ​ការ​ចំណាយ​បុណ្យ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ កែម ឡី។​

លោក​យល់ថា​ ការ​ឧបត្ថម្ភ​ថវិកា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺ​ជា​ទង្វើ​សប្បុរសធម៌​មួយ​ ដែល​បាន​ធ្វើ​ចំពោះ​ក្រុម​គ្រួសារ​លោក​ កែម ឡី​ នៅ​គ្រា​ដែល​ក្រុម​គ្រួសារ​នេះ កំពុង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ ក្នុង​ការ​កសាង​ចេតិយ​របស់​លោក​កែម ឡី។​

លោក​ លឹម ជាវុត្ថា​ ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«អូ!​ ខ្ញុំ​គិត​ថា ​នេះ​ប្រពៃមែនទែន​ ពីព្រោះគាត់​ស្ថិត​ក្នុង​ភាព​ខ្វះខាត​នៅ​ឡើយ។​ ហើយ​ដោយសារ​តែ​ អាហ្នឹងៗ​ យើង​យោងតាម​សម្តី​របស់​គាត់​ គាត់​ថា​ តាំងពី​បង្កើត​គណៈកម្មការ​រហូត​មកដល់​ពេល​នេះ​ជាង​មួយឆ្នាំហើយ​ គាត់​អត់​ដែល​ទទួលប្រាក់​សូម្បីតែ​មួយសេន​ អាហ្នឹង​ជាសម្តី​របស់​បងប្រុស​ កែម រិទ្ធិសិត​ ហើយជាមួយនឹង​ម្តាយ​ផ្ទាល់​តែម្តង​ គឺ​ម្តាយ​របស់​លោក​បណ្ឌិត​កែម ឡី»។​

​លោក​ថ្លែង​បន្ត​ប្រាប់ VOA ថា​៖

«ក្រោយ​ពី​ប្រកាស​ក៏​មាន​ការ​ឧបត្ថម្ភ​ថវិកា​ហ្នឹង​ ពីរ​ដង​ដូច​ខ្ញុំ​បាន​ប្រាប់​ហ្នឹង​បាទ​ ពីរ​ដង​អញ្ចឹង​ឡើង​ប្រាំមួយ​ម៉ឺន​ ក៏ប៉ុន្តែ​ចែក​ដាច់​ពី​គ្នា​ទេ​ណ៎ា»។

លោក​ កែម រិទ្ធិសិត​ បាន​បញ្ជាក់​ថា​ បង​ថ្លៃ​របស់​លោក​ គឺ​អ្នកស្រី​ ប៊ូ រចនា​ បាន​ទទួល​ថវិកាចំនួន​ ៨ម៉ឺន​ដុល្លារ​ក្រោយ​ការ​ចាត់​ចែង​លើ​ពិធី​បុណ្យ​សព​លោក​ កែម​ ឡី​ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​ ១០​ ដល់​ថ្ងៃ​ទី​ ១៥​ ខែ​កក្កដា​ ឆ្នាំ​ ២០១៦។​ លោក​ថា​ ក្រុម​គ្រួសារ​របស់​លោក​ ក៏​បាន​ទទួល​ថវិកា​មួយ​ផ្នែក​ដែរ​ពី​ការ​ចូល​បច្ច័យ​បុណ្យ​ពី​អ្នកគាំទ្រ​ និង​ស្រឡាញ់​លោក​ កែម ឡី​ ​ប៉ុន្តែ​ថវិកា​ទាំងអស់​នោះ​ត្រូវ​បាន​ចំណាយ​លើ​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី​ក្រោយ​ការ​បាញ់​សម្លាប់​អ្នកវិភាគ​រូប​នេះ​ភ្លាមៗ។

​ទាក់ទិន​ថវិកា​ ដែល​ប្រមូល​បាន​ពី​គណៈកម្មការ​បុណ្យ​សព​ ​លោក​ ​កែម ឡី​ លោក​ថា​ ​ក្រុម​គ្រួសារ​លោក​មិន​បាន​ទទួល​នោះ​ឡើយ។ លោក​មិន​អាចបញ្ជាក់​បាន​ថា​ ​អ្នកស្រី ​ប៊ូ រចនា​ ​ភរិយា​ លោក​ ​កែម ឡី​ ក៏​មិន​បាន​ទទួល​ថវិកា​នោះ​ដែរ​ឬ​យ៉ាង​ណា​នោះឡើយ។

ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី​ ​កើត​មាន​ឡើង​ ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្តាញ​ព័ត៌មាន​អំពី​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹកសន្ធាប់​ ខណៈ​ដែល​លោក​ ហ៊ុន សែន​ បាន​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នេះ។ ​

របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ​ចក្រភព​អង់គ្លេស បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បើ​គិត​ជា​ទឹក​ប្រាក់​គឺ​មាន​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អាមេរិក។​

មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ យ៉ាង​រន្ធត់​នៅ​ទីក្រុង​ភ្នំពេញ​ ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​ឈ្មោះ ​ជួប សម្លាប់​ តែ​ក្រោយ​មក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ថា​ ជន​នោះ​ឈ្មោះ​អឿត អាង។​ ​ជន​នេះ​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត​ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ក្នុង​សំណុំរឿង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​បិទ​បញ្ចប់​ទាំង​ស្រុង​នោះ​ឡើយ។ ​

រហូត​មក​ដល់​ពេលនេះ​ អាជ្ញាធរ​កម្ពុជា​នៅ​តែ​បញ្ជាក់​ថា​ ជន​ឈ្មោះ​ ជួប​ សម្លាប់ ​នេះ​ គឺ​ជា​ជន​សង្ស័យ​ដែល​បាន​សម្លាប់​លោក​ កែម ឡី​ ហើយ​អាជ្ញាធរ​ក៏បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​នេះ​ផង​ដែរ​ ខណៈ​ដែល​សំណុំ​រឿង​នេះ​ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ។​

លោក​ លី សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​ហេតុ​លោក​ជាប់​រវល់​បំពេញ​ការងារ។​

កិច្ច​ខិតខំ​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់​ខ្លួន​ ជន​ឈ្មោះ​ ជួប សម្លាប់​ យក​ទៅ​ផ្តន្ទា​ទោស​ មិន​បាន​ទទួល​ការ​សាទរ​ពី​សាធារណជន​ទូទៅ​ ប៉ុន្តែ​បាន​រង​ការ​រិះគន់​ថា​ ឃាតករ​ឈ្មោះ​ ជួប​ សម្លាប់ នេះ​ ជា​ឃាតករ​សិប្បនិម្មិត​ ហើយ​ថា​ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មាន​ភាព​លម្អៀង​ ដែល​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​សព​លោក​ កែម ឡី​ និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ឡើយ។ ​រីឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ​ក្នុង​គោល​បំណង​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ក្រុម​គ្រួសារ​របស់ ​កែម ឡី។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ អ្នក​រិះគន់​នានា​ មិន​បាន​យល់​ពី​នីតិវិធី​របស់​តុលាការ​ និង​នគរបាល​យុត្តិធម៌​ក្នុង​ការ​វែក​មុខ​រក​ជន​ដៃដល់​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​រៀបចំ​ផែនការ​បាញ់​សម្លាប់​លោក​ កែម ឡី ​នោះ​ឡើយ។​ លោក​ថា​ នគរបាល​យុត្តិធម៌​ និង​តុលាការ​នៅបន្ត​ស្រាវជ្រាវ​រក​អ្នក​រៀប​គម្រោង​បាញ់​សម្លាប់​លោក​ កែម ឡី​ ក្នុង​ពេល​ដែល​ឈ្មោះ​ ជួប សម្លាប់​ បាន​បន្ត​បឹ្តងផ្តល់​ដល់​សាលា​ឧទ្ធរណ៍។​

«រឿង​នេះ គឺ​មិន​ទាន់​ចប់​ទេ​ ពីព្រោះ​ឥឡូវ​ហ្នឹង​ ​គឺ​យើង​ឃើញ​អ្នក​ដែល​ពាក់ព័ន្ធ​ហ្នឹង​ ​គឺ​ជន​ដៃ​ដល់​ ដែល​ប្រព្រឹត្ត​ ​ដែល​សម្រេច​ទោស​អស់​មួយ​ជីវិត​ណ៎ា! ​ហើយ​ជន​នេះ​បាន​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​ ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​សមត្ថ​កិច្ច​គេ​ពង្រីក​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​ហ្នឹង​ទៅ​រក​ ជន​ពាក់ព័ន្ធ​ដទៃ​ទៀត​ ទៅ​តាម​បចេ្ចកទេស​ និង​ដំណើរការ​ស៊ើបអង្កេត​នីតិវិធី​របស់​ខ្លួន​ ​ហើយ​ការងារ​នេះ​គឺ​ ​បញ្ហា​មួយ​ចំនួន​នេះ​ គឺ​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​បាន​ទេ​ ​ដោយ​សារ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត»។​

លោក​ កែម រិទ្ធិសិត​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​គ្រួសារ​លោក​ មិន​អាច​សន្និដ្ឋាន​បាន​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​សមត្ថភាព​រក​យុត្តិធម៌​ដល់​លោក​ កែម ឡី​ និង​អ្នក​ជំទាស់​នឹង​រដ្ឋាភិបាល​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ពេល​កន្លង​មក។ លោក​ថា​ ក្រុម​គ្រួសារ​លោក​ នឹង​មិន​ដេញ​ដោល​សួរ​រឿង​ថវិកា​ដែល​ប្រមូល​ដោយគណៈកម្មការ​បុណ្យ​សព​លោក​ កែម ឡី​ នោះ​ទេ​ ​តែ​គ្រួសារ​លោក​នឹង​មិន​បញ្ឈប់​ការ​ស្វះស្វែង​រក​យុត្តិធម៌​ដល់​លោក​ កែម ឡី​នោះ​ឡើយ។

VOA ព្យាយាម​ទាក់​ទង​ព្រះតេជគុណ​ ប៊ុត ប៊ុនទិញ​ និង​លោក​ ទឹម ម៉ាឡៃ​ អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក​ កែម ឡី​ ដើម្បី​សុំ​ការ​អធិប្បាយ​ទាក់ទិន​ថវិកា​ដែល​គណៈកម្មការ​ប្រមូល​បាន​ក្នុង​ពិធី​បុណ្យ​សព​លោក​កែម ឡី​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ក៏ប៉ុន្តែ​លោក​ សៅ កុសល្យ អតីត​គណៈកម្មការ​បុណ្យ​សព​លោក​ កែម ឡី​ បាន​ប្រាប់​ VOA ​ថា​ គណៈកម្មការ​មាន​ភារកិច្ច​ត្រឹមការ​រៀបចំ​ពិធី​បុណ្យ​សព​លោក​ កែម ឡី​ តែ​ប៉ុណ្ណោះ។ លោក​ថា​ ក្រុម​គ្រួសារ​លោក​ កែម ឡី​ និង​ភរិយា​អ្នក​វិភាគ​រូប​នេះ​ ជា​អ្នក​កត់ត្រា​រាល់​ការ​ចូល​បច្ច័យ​បុណ្យ​នានា​ពី​អ្នក​គោរព​គាំទ្រ​ និង​ស្រលាញ់​លោក ​កែម ឡី។

​ទាក់ទិន​ការ​ឧបត្ថម្ភ​ថវិកា​ពី​លោក ហ៊ុន សែន សម្រាប់​ជួយ​ដល់​ការ​កសាង​ចេតិយ​លោក​ កែម​ ឡី​ លោក​ សៅ កុសល្យ ដែល​បច្ចុប្បន្ន​នេះ​ជា​សមាជិក​គណៈកម្មការ​កសាង​ចេតិយ​លោក​ កែម​ ឡី​ ថ្លែង​ថា​ ថវិកា​មនុស្សធម៌​នោះ ​គឺ​ជា​ការ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរ​ តែ​លោក​ថា​ យុត្តិធម៌​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ សម្រាប់​លោក​ កែម ឡី។

«អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន ​វា​មិន​មែន​រឿង​លុយកាក់​អីទេ។ អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​គឺ​បង្ហាញ​តម្លាភាព​ក្នុង​ការ​ស្រាវជ្រាវ​ រក​ឃាតករ​ណា​ដែល​ពិតប្រាកដ​ ដែល​នៅ​ពី​ក្រោយ​ឃាតករ​ហ្នឹង​ពិត​ប្រាកដ​ ដែល​ឈាន​ទៅដល់​ការ​សម្លាប់​លោក​បណ្ឌិត ​កែម ឡី។​ អា​នេះ​ដែល​អាច​ជម្រះ​មន្ទិល​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ទូទៅ​បាន»។​

តាម​ការ​បញ្ជាក់​របស់​ លោក​ កែម រិទ្ធិសិត​ ​ចេតិយ​លោក​ កែម​ ឡី​ បាន​កំពុង​សង់​លើ​ដី​ទំហំ​ ប្រាំ​ម៉ែត្រ​ បួន​ជ្រុង​ ​និង​កម្ពស់​ពី​ផ្ទៃដី​ទៅ​លើ​មានប្រវែង​១៦​ម៉ែត្រ​ ហើយ​ត្រូវ​ប្រើ​ពេល​មួយ​ឆ្នាំ​ ឬ​ប្រាំ​មួយ​ខែ​ដើម្បី​បញ្ចប់​ការ​សាងសង់​ អាស្រ័យ​លើ​ថវិកា​ដែល​មាន។​ លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​មូលនិធិ​របស់​លោក​ កែម ឡី​ មាន​ថវិកា​ប្រមាណ៥៦.៨០០​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ក៏​មាន​ថវិកា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រាប់​សាងសង់​ចេតិយ​នេះ។ ការ​ចំណាយ​សរុប​លើ​ការ​សាងសង់​ចេតិយ​នេះ​ គឺ​មាន​ចំនួន​១៧​ម៉ឺន​ដុល្លារ​អាមេរិក៕​