លោក​ហ៊ុន សែន​ការពារ​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល

លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​អះអាង​ថា​ស្ថាប័ន​របស់​រដ្ឋ​នានា​កំពុង​ដំណើរការ​ទៅ​ជា​ធម្មតា។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្តេជ្ញា​ជំរុញ​ដំណើរការ​រដ្ឋាភិបាល​របស់​ខ្លួន​ដោយ​ប្រឆាំង​នឹង​និន្នាការ​រារាំង​រដ្ឋាភិបាល​របស់​លោក​បែប​ណា​មួយ​ដែល​លោក​ហៅ​ថា​កម្លាំង​«ប្រតិកិរិយា»។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ថា៖ «មិន​ត្រូវ​ឱ្យ​អានុភាព​ប្រតិកិរិយា​ណា​មួយ​ចាប់​ប្រទេស​ជា​ចំណាប់​ខ្មាំង​នោះ​ទេ។ អ្នក​ណា​គេ​ថា​អី​ថា​ទៅ យើង​នៅ​តែ​ប៉ុណ្ណឹង។ គេ​ថា​មុខ​ដដែលៗ​ អើ​បើ​មុខ​អញ​នៅ​ដដែល​ឱ្យ​ធ្វើ​ម៉េច។ អាហ្នឹង​និយាយ​ឱ្យ​វា​ឡូហ្ស៊ិក បន្តិច។ មុខ​គាត់​ក៏​នៅ​ដដែល​ មុខ​ខ្ញុំ​ក៏​នៅ​ដដែល។ ឱ្យ​ដូរ​ទៅ​ឯ​ណា​វើយ? ​មាន​តែ​ហាង​កែ​សម្ផស្ស»។

លោក​ហ៊ុន សែន ​អះអាង​ថា​ស្ថាប័ន​របស់​រដ្ឋ​នានា​កំពុង​ដំណើរការ​ទៅ​ជា​ធម្មតា។

ការ​លើក​ឡើង​នេះ ​គឺ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ពហិកា​មិន​ព្រម​ចូលរួម​ប្រជុំ​សភា​ ដោយ​ចោទ​ថា​ការ​បោះឆ្នោត​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ ដែល​លម្អៀង​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​កាន់​អំណាច។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ​ដោយ​មាន​អ្នក​ចូលរួម​ជា​ច្រើន​ម៉ឺន​នាក់ ​ដើម្បី​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើង​វិញ ​និង​ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង ​ហើយ​គណបក្ស​នេះ​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​បុព្វហេតុ​របស់​ខ្លួន។

លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថារដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​គឺ​បង្កើត​ឡើង​ដោយ​មិន​ស្រប​ច្បាប់​និង​ប្រឈម​នឹង​ការ​មិន​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ។

«ខ្ញុំ​គិត​ថា​យើង​ត្រូវ​គិត​ពី​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ​ដោយ​សារ​ការ​បង្កើត​រដ្ឋាភិបាល​នេះ​កើត​ឡើង​ពី​សភា​ឯកបក្ស ​ហើយ​សភា​ឯកបក្ស​នេះ​គឺ​មិន​ស្រប​ហ្នឹង​រដ្ឋធម្មនុញ្ញ ​ដូចេ្នះ​វា​ជា​ការ​ចាំ​បាច់​មួយ​ដែល​យើង​ត្រូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​និង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល»។

លោក យឹម សុវណ្ណ ​បញ្ជាក់​ថា​ដំណោះស្រាយ​នយោបាយ​សម្រាប់​គណបក្ស​សង្ក្រោះ​ជាតិ​គឺ​ការ​បោះឆ្នោត​ឡើង​វិញ​និង​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត។

ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​មាន​គម្រោង​ចរចា​ណា​មួយ​ដើម្បី​ទំលុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​នេះ​នៅ​ឡើយ​ទេ។

លោក​បណ្ឌិត​សុខ ទូច ​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ​ថ្លែង​ថា​ទោះ​បី​ជា​រដ្ឋាភិបាល​អាច​ដំណើរការ​បាន​ ប៉ុន្តែ​មិន​ទាន់​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​និង​អ្នក​វិនិយោគ​នៅ​ឡើយ​ទេ។

«យើង​មើល​ទិដ្ឋភាព​រដ្ឋបាល​គឺ​វា​ដំណើរការ ​ប៉ុន្តែ​បើ​យើង​មើល​ទិដ្ឋភាព​សេដ្ឋកិច្ច ​យើង​មើល​ឃើញ​និង​ទទួល​យក​ការ​ពិត​ទាំង​អស់​គ្នា។ ទី​មួយ​អ្នក​វិនិយោគ​អត់​ទាន់​ឃើញ​មក​ថ្មី​ដំណើរការ​ទេ ​ទីពីរ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ក៏​កំពុង​ពិចារណា​មុន​នឹង​វិនិយោគ​លើ​អ្វី​មួយ។ មួយ​ទៀត​យើង​ឃើញ​ថា​ការ​ពង្រាយ​កងកម្លាំង​ប្រដាប់​ដោយ​ខែល​និង​អាវ​ក្រោះ​បង្ហាញ​ពី​អស្ថិរភាព​សន្តិសុខ​នៅ​ប្រទេស​កម្ពុជា»។

លោក​បណ្ឌិត សុខ ទូច ​ផ្តល់​អនុសាសន៍​ថាដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ដ៏​រ៉ាំរ៉ៃ​នេះ​ គណបក្ស​ទាំង​ពីរ​គប្បី​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ចរចា ​ឬ​ក៏​ធ្វើ​ប្រជាមតិ​មួយ​ដើម្បី​ស្វែងរក​យោបល់​របស់​ប្រជាពលរដ្ឋ៕