លោក ហ៊ុន សែន ថ្កោលទោស​អ្នករិះគន់​ការវិនិយោគ​របស់​ចិន

រូបឯកសារ៖ លោក ហ៊ុន សែន​ (កណ្តាល) នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

លោក​ហ៊ុន សែន​ការពារ​ថា​គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ដែល​មិន​ថា​ជនជាតិ​ណា​ជាអ្នក​បង្ក​ទេ​ប៉ុន្តែ​កត្តា​សំខាន់​ត្រូវ​គិត​ពីប្រយោជន៍​ជាតិ​និង​ពលរដ្ឋ។ លោក​អះអាង​ថា​​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ទទួលបាន​ផល​ពីការវិនិយោគ​ទុន​របស់​ចិន។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បានថ្កោលទោស​អ្នករិះគន់​ការវិនិយោគ​ទុន​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ដោយចាត់​ទុក​ថា​វា​គ្រាន់តែ​ជារឿង​នយោបាយ​របស់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន​បានថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃច័ន្ទថា៖

«ខ្ញុំ​សូមថ្កោលទោស​ជា​សាធារណៈ ​ទៅលើ​បញ្ហា​ទាក់​ទង​នឹង​យក​បញ្ហា​វិនិយោគ​របស់​ចិន​មក​ធ្វើ​ការចោទ​ប្រកាន់​រាជរដ្ឋាភិបាល​ថា​ជា​អាយ៉ង​របស់​ចិន​ លក់ដី​ឱ្យ​ចិន‍»។

ការវាយប្រហារ​ខ្លាំងៗ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង​នៅ​ថ្ងៃទីពីរ​ពេលដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​អគារ​ខុនដូ​៧ជាន់​របស់​ចិន​ដែល​បាន​បាក់ហើយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​២៨​នាក់និង​រងរបួស​២៦នាក់។ ​

រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

​លោក​ ហ៊ុន សែន​ ការពារ​ថា​ គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ដែល​មិន​ថា​ជនជាតិ​ណា​ជាអ្នក​បង្ក​ទេ​ ប៉ុន្តែ​កត្តា​សំខាន់​ត្រូវ​គិត​ពីប្រយោជន៍​ជាតិ​និង​ពលរដ្ឋ។ លោក​អះអាង​ថាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ទទួលបាន​ផល​ពីការវិនិយោគ​ទុន​របស់​ចិន។

លោក​បាន​បញ្ជាក់​ថា៖

«ឥឡូវ​បើថា​ក្រុង​ព្រះសីហនុ​គ្មាន​អ្នក​វិនិយោគ​ចិន​ទេ​ សួរថា​យើង​មាន​អគារ​សំណង់​ខ្ពស់ៗ​ធំៗ​យ៉ាង​ដូច្នេះ​ទេ? ចំណុច​នេះ​កុំ​យក​បញ្ហា​តូចមួយ​ឱ្យ​ក្លាយ​ជាភ្លើង​អគ្គិភ័យ​ កំទេច​ភ្លើង​ក្លាយ​ទៅ​ជា​អគ្គិភ័យ​បំផ្លាញ​នូវ​ទំនាក់ទំនង​ បំផ្លាញនូវ​បរិយាកាស​វិនិយោគ​ដែល​យើង​ខិតខំ​ទាក់​ទាញ​យក​មក​។ អ្នក​ណា​ទទួល​អ្នកណាខុស​ត្រូវចាត់​ការតាមផ្លូវច្បាប់​‍»។

ទិដ្ឋភាពកាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែល​ត្រូវបាន​ដក​ស្រង់​ចេញ​ពី​សេចក្តីរាយការណ៍ជាវីដេអូ​អំពី​ការ​វិនិយោគចិន​នៅ​កម្ពុជា​ដោយ​ស្ថានីយទូរទស្សន៍ Channel News Asia។ (រូបថតដកស្រង់ពីវីដេអូ)

ខេត្តព្រះសីហនុ​ដែល​ជាប់​នឹង​មាត់​សមុទ្រ​បាន​រីកលូតលាស់​យ៉ាងលឿន​ដោយ​មាន​សំណង់ សណ្ឋាគារ​ កាស៊ីណូ ​និង​អគាលំនៅដ្ឋាន​ដែល​ជា​ការ​វិនិយោគទុន​របស់​ចិន។ ការវិនិយោគទុន​ចិន​ក៏​បាន​បន្ត​រហូតដល់​ខេត្ត​កោះកុង​ដែល​នាំ​ឱ្យ​មានការព្រួយ​បារម្ភ​ពីអ្នក​នយោបាយ​មួយ​ចំនួន​និងសហរដ្ឋ​អាមេរិក​ថា​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​យោធា​ជើងទឹក​ហើយ​ថា​កម្ពុជា​នឹង​ធ្លាក់ទៅក្នុង​អន្ទាក់​បំណុល​របស់​ចិន​ដូច​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់និងទ្វីបអាហ្វ្រិក។​

ប៉ុន្តែ​លោក​ហ៊ុន សែន​លើកឡើង​ថា​កម្ពុជា​និង​ប្រទេស​ជាច្រើន​កំពុង​តែ​ត្រូវ​ការ​ការវិនិយោគទុន​របស់ចិន។​

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​បាន​ស្តាប់​ឮច្រើន​ពេក​ហើយ​ដែល​ថា​ចិន​មក​ដាក់​អាណានិគម​តាម​រយៈការវិនិយោគ​ក៏ប៉ុន្តែ​សូម​បញ្ជាក់​ថា​អ្នកទាំងអស់​គ្នា​ ឥឡូវ​ពិភព​លោក​កំពុង​ត្រូវ​ការ​អ្នកវិនិយោគ​ចិន​ចូល​ទៅ វិនិយោគក្នុង​ប្រទេស​របស់​គេ។​ ឯយើង​មានភ័ព្វសំណាង​បាន​ទាញ​អ្នកវិនិយោគ​ចិន​ចូល​ក្នុង​ប្រទេស​របស់​យើង​ ក៏ប៉ុន្តែ​អ្នកដែល​មិន​ចង់​ឱ្យ​យើង​មាន​ការរីកចម្រើន​ខ្លះ​គេ​ថា​នេះ​ជា​អន្ទាក់​បំណុល​របស់​ចិន។ នេះ​ជា​អាណានិគម​របស់​ចិន​។ នេះ​ជា​កន្លែង​លក់ដី​ឱ្យ​ចិន‍»។​

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ត្អូញត្អែរ​ថា​សំណង់​របស់​ចិន​នេះ​មិន​មាន​ការអនុញ្ញាត​ត្រឹមត្រូវទេ​ ដែល​នាំ​ឱ្យ​មាន​សោកនាដកម្ម​បាក់​អគារ​កម្ពស់​៧​ជាន់​កាលពី​ចុងសប្តាហ៍​កន្លងមកនេះ។ ​

លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បានភ្ជាប់​ការដួលរលំ​អគារ​នេះ​ទៅ នឹងអំពើ​ពុករលួយ ​ការព្រងើយ​កន្តើយ ​និង​ស្មារតី​មិនទទួលខុសត្រូវ ​របស់​ថ្នាក់ដឹកនាំ​ប្រទេស។​

លោក​សម រង្ស៊ី​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​ថា៖

«នេះ​គ្រាន់តែ​ជា​សញ្ញា​មួយ ​ដែល​យើង​ទើបតែ​មើល​ឃើញ​ទាំងអស់គ្នា​ តែ​មិន​ដឹង​ថា​ តើ​មាន​អគារ​បែប​នេះ ​ប៉ុន្មាន​ខ្នង​ទៀត ​ដែល​កំពុងតែ​សាងសង់​ដែរ​ ឬ​ក៏​ត្រូវ​បាន​សាង​សង់​រួច​ហើយ ដោយ​មិន​មាន​លិខិត​អនុញ្ញាតិ​ ហើយ​ដោយ​មិនបាន​ទទួល​ការត្រួតពិនិត្យ​អ្វី​ឡើយ ​ចំពោះស្តង់ដារ​បច្ចេកទេស​ និង​សុវត្ថិភាព។ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ​មនុស្ស​ខិលខូច​ ចង់​ធ្វើ​អ្វីក៏បានដែរ​ ឲ្យ​តែ​មាន​លុយ។ របប​ពុករលួយ ​ដឹកនាំ​ដោយ ​ហ៊ុន សែន​ គឺ​ជា​គ្រោះថ្នាក់​សាធារណៈ ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ‍»។

មាន​ជនជាតិ​ចិន​ចំនួន​បីនាក់​ដែល​ជា​អ្នកម៉ៅការសាងសង់​ ម្ចាស់សំណង់ ​អ្នកម៉ៅ​ការ​បូក​ជញ្ជាំងអគារនិង​ខ្មែរ​ម្នាក់ដែល​ជាម្ចាស់​ដី​ត្រូវបាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​យក​មក​សាកសួរពាក់​ព័ន្ធ​នឹង​ការបាក់​អគារ​នេះ។ ​

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ចូលរួម​មរណទុក្ខ​ចំពោះ​ឧបទ្ទេវហេតុ​បាក់​រលំ​អគារ​នេះ។​ ​សារ​បង្ហោះ​តាម​រយៈហ្វេសប៊ុក​របស់​ស្ថានទូត​កាលពីថ្ងៃ​អាទិត្យ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«បច្ចុប្បន្ន​ ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទេវហេតុ​លើក​នេះ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​បាន​ហើយ ​ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​បើក​ការស៊ើប​អង្កេត​តាមផ្លូវច្បាប់ ​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​ភាគី​កម្ពុជា​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជនល្មើស​ទាំងឡាយដែល​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទេវហេតុ​លើក​នេះ‍»។

ការបាក់​អគារចិន​នេះ​បាន​នាំ​ឱ្យ​មាន​ការដោះដូរ​តំណែង​ភ្លាមៗ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ការស៊ើប​អង្កេត​ផងដែរ។​ រហូតមកដល់ពេលនេះ​អភិបាល​ខេត្ត​ព្រះសីហនុ គឺ​លោក​យន្ត មីន ​បាន​សុំ​លាលែង​ចេញ​ពី​តំណែង ​រីឯ​លោក​ញឹម វណ្ណដា​អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ត្រូវ​បាន​ដក​តំណែង​ដោយ​សារ​យឺតយ៉ាវ​មិន​ចេញមុខ​ផ្តល់ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ទាន់ពេល​និង​កុហក​នាយក​រដ្ឋមន្ត្រី៕