លោក​ហ៊ុន សែន​ ថា​កម្ពុជា​ឱប​ក្រសោប​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​រឹងមាំ គ្រា​សំឡេង​នយោបាយ​ប្រឆាំង​ត្រូវ​បាន​ហាម​ឃាត់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ដៃ​ស្វាគមន៍ទៅកាន់អ្នកចូលរួម​ក្នុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ក្នុង​ស្ថាន​ការណ៍​ដែល​សំឡេង​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ត្រូវ​បាន​​ហាម​ឃាត់​នោះ​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ហ៊ុន សែន​ ប្រកាស​ខ្លាំងៗ​នៅ​មុខ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​រាប់ពាន់​នាក់​ថា​ កម្ពុជា​បាន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​លើក​សរសើរ​ជាថ្មី​នៃ​វីរភាព​និង​ភាព​អង់​អាច​ក្លាហាន​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ ដែល​បាន​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ ​ឬ​ខ្មែរ​ក្រហម​ ហើយ​ថា​ កម្ពុជា​បាន​កំពុង​ដើរលើ​មាគ៌ា​ប្រជាធិបតេយ្យ​ «ឥត​ងាក​រេ»។

​ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​ ៦៨ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ឈ្មោះ​ដើម​ថា​ «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»​ នៅ​ទីក្រុង​ភ្នំពេញ​ ​លោក ​ហ៊ុន សែន​ អតីត​ទាហាន​ខ្មែរ​ក្រហម​ បាន​អះអាង​ថា​ ​លទ្ធិប្រជាធិបតេយ្យ​អាច​ដើរ​ទៅ​មុខ​បាន​ គឺ​អាស្រ័យ​លើ​ «ដំណើរ​រស់​ឡើងវិញ​របស់​ប្រជាជាតិ» ​ដោយ​មិន​អាស្រ័យ​លើ​ការ​អធិប្បាយ​របស់​មជ្ឈដ្ឋាន​ណាមួយ​នោះ​ឡើយ។

​«ខ្ញុំ​សូម​គូស​បញ្ជាក់​ថា​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​ពិតប្រាកដ​ គឺ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​រស់​ឡើងវិញ​របស់​ប្រជាជាតិ​ ជោគ​ជ័យ​នៃ​ដំណើរការ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ព្រម​ទាំង​ការ​ប្រតិបត្តិ​នូវ​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​របស់​កម្ពុជា​ ពុំ​មែន​ស្ថិត​លើ​ពាក្យ​សម្ដី​វាយ​តម្លៃ​ដោយ​អគតិ​របស់​បុគ្គល​ ឬ​មជ្ឈដ្ឋាន​ណា​នោះ​ឡើយ»។​

​លោក​បាន​ថ្លែង​បន្ថែម​ថា៖ «​ប្រជាជន​កម្ពុជា​បាន​ទទួល​ បាន​ថែ​រក្សា​ពូន​ជ្រំ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន​រយៈពេល​៤០​ឆ្នាំ​មក​ហើយ។ដូច្នេះ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ការពារ​ និង​ពង្រឹង​ប្រជាធិបតេយ្យ​តទៅមុខ​ទៀត»។​

​ក្នុង​ពិធី​ដែល​មាន​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ជា​ច្រើន​នាក់ និង​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ អម​ដោយ​ការ​សម្តែង​សិល្បៈ​ដ៏​ប្រណិត​នោះ​ ​លោក​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ ក៏​បាន​ប្រកាស​ជាថ្មី​ទៀត​ថា​ ​កម្ពុជា​ មិនឱន​ក្បាល​យក​អធិបតេយ្យ​ជាតិ​ខ្លួន​ ប្ដូរ​នឹង​ជំនួយ​ ឬក៏​ក្តី​អនុគ្រោះ​ពី​ប្រទេស​ណា​ក៏ដោយ។

​«ការ​មិន​ឱន​ក្បាល​របស់​យើង​ គឺជា​កិត្តិយស​ជាតិ​របស់​យើង។ វា​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​យើង​ ប្រសិន​បើ​យើង​យក​អធិបតេយ្យ​ជាតិ​យើងទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ​ ​និង​ការ​អនុ​គ្រោះ​ណាមួយ​ពី​ខាង​ក្រៅ»។

​សារ​នយោបាយ​ប្រកប​ដោយ​ភាព​ជាតិ​និយម​របស់​លោក​ ​ហ៊ុន សែន​ កើត​មាន​ឡើង​ ​នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ស្ថានភាព​អាប់អួរ​នៃសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​កង្វះ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ការ​ថយក្រោយនៃ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​អធិប្បាយ​យ៉ាង​ដូច្នេះ​ ​ដោយ​យោង​លើ​ការ​វាយ​តម្លៃ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​សេរីភាព​និង​ប្រជាធិបតេយ្យ​ Freedom​ House ​ដែល​បាន​ឲ្យ​ដឹង​ថា​ សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប​មួយ​ ​ដោយ​នៅ​ឆ្នាំ​២០១៩​នេះ​ ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ត្រឹមតែ​ ២៦​ពិន្ទុ​លើ​ពិន្ទុ​សរុប​១០០​ពិន្ទុ។

​អង្គការ​ Freedom House ​បាន​បញ្ជាក់​ទៀត​ថា​ សំឡេង​ប្រឆាំង​នយោបាយនៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​លុប​ចោល ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​ហាម​ឃាត់​ ហើយ​មេ​ដឹកនាំ​គណបក្ស​នេះ​កំពុង​ប្រឈម​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ជា​ច្រើន។

​អង្គការ​នេះ​ បាន​ឲ្យដឹង​ថា​ លោក ហ៊ុន សែន​ កំពុង​ច្បាម​យក​អំណាច​ ហើយ​ឥស្សរជន​ដែល​មិន​ស្និទ្ធ​នឹង​ក្រុម​លោក​ មាន​ឥទ្ធិពល​តិចតួច​លើ​ការ​ធ្វើ​គោល​នយោបាយ។

​របាយការណ៍​ជាច្រើន​សន្មត​ថា​ លោក​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​របស់​លោក​ គឺ​លោក ​ហ៊ុន ម៉ាណែត ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ។​

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជំនួយ​ ឬ​ការ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​ សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​ដក​កម្ពុជា​ជា​បណ្ដោះ​អាសន្ន​ ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ»​ ឬ ហៅ​ថា​ ​EBA​ ដោយសារ​តែ​ការ​មិន​ប្រសើរ​ឡើង​នៃ​សិទ្ធិ​នយោបាយ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​ លើក​ឡើង​ថា​ ការណ៍ដែល​សហភាព​អឺរ៉ុប​ចង់​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ ឬក៏​ការ​បញ្ចេញ​មតិ​ណា​មួយ​នោះ​ មិន​មែន​ជា​ការ​លូកលាន់​ចូល​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទេ។​ ពួកគេ​ថា​ ​សហភាព​អឺរ៉ុប ​ក៏​ចង់ឲ្យ​កម្ពុជា​ងាកទៅ​រក​គន្លង​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​ ដែលនឹង​ផ្ដល់​ឲ្យ​កម្ពុជា​វិញ​នូវ​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ ដែល​មាន​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​គោរព​សិទ្ធិមនុស្ស៕