ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ទទូច​ឲ្យ​កម្ពុជា​ចាត់​វិធានការ​ជាក់​លាក់​ក្រោម​ក្របខណ្ឌ​ EBA


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ក្រុម​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​និង​កិច្ចការ​បរទេស​ក្នុង​សប្តាហ៍​នេះ​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​ជុំ​ទីពីរ​នៅ​កម្ពុជា​ ដើម្បី​វាយ​តម្លៃ​ពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​នេះ​ ក្នុងការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ»​ ឬ​ហៅ​ថា​ EBA។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈ​កម្មការ​អឺរ៉ុប​និង​ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​មន្ត្រី​គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា​ បេសកកម្ម​របស់​ខ្លួន​បាន​ពិនិត្យ​លើ​បញ្ហា​ដែល​ជា​ការ​បារម្ភ​ចំនួន​បួន​សំខាន់ៗ​ ក្នុង​នោះ​មាន​សិទ្ធិ​នយោបាយ​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​នៃ​ការ​បង្កើត​សមាគម​ សិទ្ធិ​ក្នុង​ការ​ចងក្រង​និង​ការ​ចរចា​ប្រាក់​ឈ្នួល​ ហើយ​និង​ការ​បាត់បង់​កម្មសិទ្ធិ​ដីធ្លី​ ដែល​បង្ក​ដោយការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ជា​ពិសេស​ក្នុង​វិស័យ​ផលិត​ស្ក​សរ។

សេចក្តី​ប្រកាស​ចុះថ្ងៃ​ទី​១១​ ខែ​មិថុនា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «គោល​បំណង​របស់​សហភាព​អឺរ៉ុប​គឺ​ដោះស្រាយ​ការ​បារម្ភ​នានា​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ។ សហភាព​អឺរ៉ុប​ប្តេជ្ញា​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​សម្រេច​បាន​គោល​បំណង​នេះ»។

សេចក្តី​ប្រកាស​ដដែល​បាន​សង្កត់​ធ្ងន់​ថា៖ «ប្រទេស​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាក់​ស្តែង​ និង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​បញ្ហា​ដែល​ជា​ការ​បារម្ភ​ ដើម្បី​បញ្ចៀស​ពី​ការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​នេះ»។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សហភាព​អឺរ៉ុប​មិន​បាន​បង្ហាញ​ចេតនា​ចង់​ដក​កម្ពុជា​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​នោះ​ទេ​ ហើយ​អ្វី​ដែល​សហគមន៍​នេះ​ចង់​បាន​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជានោះ​ គឺ​គ្រាន់​តែ​ជា​ការបើក​ឲ្យ​មាន​បរិយាកាស​ល្អប្រសើរ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ក្នុង​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន​ និង​សិទ្ធិ​នយោបាយ​ ក៏​ដូច​ជា​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​សកម្មភាព​សហជីព​ ដោយ​គ្មាន​ការ​រឹត​ត្បិត​តែ​ប៉ុណ្ណោះ ។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ ៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០​ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA ​ដល់​កម្ពុជា​នោះ។

តាម​ការ​បញ្ជាក់​របស់​គណៈ​កម្មការ​អឺរ៉ុប​ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ធំ​ជាង​គេ​បំផុត​ទីពីរ​ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ដែល​ស្មើ​នឹង​១៨ភាគរយ​នៃ​ការ​នាំចូល​ទាំង​អស់​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ក្រោម​ប្រព័ន្ធ​ដដែល​នេះក្នុង​ឆ្នាំ​២០១៨។

សហភាព​អឺរ៉ុប​បាន​នាំ​ចូល​ទំនិញ​នាំចេញ​របស់​កម្ពុជា​មាន​តម្លៃ​សរុប​ ៥,៣ពាន់​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​២០១៨ ដោយ​៩៥​ភាគរយ​នៃ​ការ​នាំ​ចេញ​ទាំង​នោះ​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA ​នេះ។ សម្លៀក​បំពាក់​និង​ស្បែក​ជើង​គឺ​ស្មើនឹង​បី​ភាគ​បួន​នៃ​ការ​នាំចូល​របស់​សហភាព​អឺរ៉ុប​មកពី​ប្រទេស​កម្ពុជា​ ដែល​ការ​នាំចូល​នោះ​មាន​ទឹកប្រាក់​ស្មើនឹង​៤ពាន់លាន​អឺរ៉ូ៕

XS
SM
MD
LG