លោក​ហ៊ុន សែន​ប្រតិកម្ម​ប្រឆាំង​អធិប្បាយ​របស់​លោក​សម រង្ស៊ី​រឿង​សញ្ញាប័ត្រ​អត់​តម្លៃ​

  • នៅ វណ្ណារិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។

លោក​ សម រង្ស៊ី​ ​កាល​ពី​ដើម​ខែ​តុលា​​បាន​រិះ​គន់​ប្រព័ន្ធ​អប់រំ​កម្ពុជា​ថា សញ្ញាប័ត្រ​​ដែល​​មិន​បាន​ទទួល​ពី​ការ​អប់រំ​ត្រឹម​ត្រូវ​គឺ​ធ្វើ​ឲ្យ​ខូច​តម្លៃ​នៃ​ការ​សិក្សា​និង​​ខូច​តម្លៃ​អ្នក​ដែល​ចែក​សញ្ញាប័ត្រ​​ឲ្យ​ផង​ដែរ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​ជំរុញ​មិនឲ្យ​ប្រជាជន​កម្ពុជា​អត់​ឱន​ចំពោះ​ការ​ប្រមាទ​លើ​តម្លៃ​សញ្ញាប័ត្រ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ការ​ឆ្លើយ​តប​ធ្ងន់ៗ​ចំពោះ​ការិះគន់​របស់លោក ​សម រង្ស៊ី​ កាល​ពីដើម​ខែតុលា​នេះ​ ដែល​ថា​សញ្ញា​ប័ត្រ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ច្រើន​គឺ​អត់​តម្លៃ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​បាន​រិះ​គន់ធ្ងន់ៗ​ចំពោះ​ការ​ថ្លែង​របស់​មេ​គណបក្ស​ជំទាស់ ដែល​ថា សញ្ញាប័ត្រក្នុង​ប្រទេស​កម្ពុជា​គឺ​ភាគ​ច្រើន​«អត់​តម្លៃ»។​

លោក​បាន​ចំអក​ថា​ ​នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​ប្រជាជន​គ្រប់​រូប​ ​ហើយ​លោក​ស្នើ​ឲ្យ​មាតាបិតា ​សិស្ស​និស្សិត​កុំ​អត់​ឱន​ទោស​ចំពោះ​ការ​ប្រមាថ​បែប​នេះ។​

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​មិន​បានប៉ុន្មាន​សប្តាហ៍​ផង​ ​បន្ទាប់​ពី​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​កុំព្យូទ័រ​ខ្លីដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​របស់​លោក​ ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា សញ្ញាប័ត្រដែលមិន​បាន​ទទួល​ពី​ការ​អប់រំ​ត្រឹម​ត្រូវ​គឺ​ធ្វើ​ឲ្យ​ខូច​តម្លៃ​នៃ​ការ​សិក្សា​និងខូច​តម្លៃ​អ្នក​ដែល​ចែក​សញ្ញាប័ត្រឲ្យ​ផង​ដែរ។​

យោង​តាម​វីដេអូ​ខ្លី​ ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​សម រង្ស៊ី​ ​កាល​ពី​ដើម​ខែ​តុលា​នេះ​ ​លោក សម រង្ស៊ី ​បាន​រិះគន់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖ ​«សញ្ញាប័ត្រ​នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើន​គឺ​អត់​មាន​តម្លៃ​ ប្រព័ន្ធ​សិក្សា​អប់រំ​នៅ​កម្ពុជា​នៅ​ទន់ខ្យោយ​ជា​ទី​បំផុត។​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូលទៅ​រៀបចំ​ប្រទេស​ឡើង​វិញ​ រៀបចំ​ប្រទេស​ឡើង​វិញ​ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ​ព្រោះ​វា​នៅសូន្យ​ច្រើន​ណាស់ ​ឲ្យ​ក្មួយៗ​យុវជន​មាន​អនាគត ​ឲ្យ​ស្រុក​យើង​មាន​ការ​លូត​លាស់​ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​រុង​រឿង​ពិត​ប្រាកដ»។​

សូម​ចុច​ស្តាប់​សម្តីដើម​របស់​លោក​ សម រង្ស៊ី​ ត្រង់​នេះ៖

ថ្លែង​ទៅ​កាន់​និស្សិតជាង​មួយ​ពាន់​នាក់ក្នុង​ពិធី​ចែក​សញ្ញាប័ត្រនាព្រឹកថ្ងៃ​ច័ន្ទ​នេះ​ ​លោក​នាយក​រដ្ឋន្ត្រី​ហ៊ុន សែនបានរិះគន់​ដដែលៗ​ថា​ សម្តី​របស់លោក​ សម រង្ស៊ី​ ជា​ការ​ប្រមាថ​ចំពោះ​ប្រជាជន​គ្រប់​រូប​ ​រួម​ទាំង​អ្នក​ដែល​ឧបត្ថម្ភ​ដល់​សិស្ស​ និសិ្សត ​និង​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​អប់រំ​ក្នុង​ស្រុក​ ​ដែល​រដ្ឋាភិបាល​កំពុង​និង​បាន​ព្យាយាម​ស្តារ​និង​ពង្រឹង​គុណភាព​អប់រំ​ចាប់​តាំងពី​ការ​ដួល​រលំ​នៃរបប​ខ្មែរ​ក្រហម​មក។​

«ក្នុង​ពេល​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​ ជាសញ្ញា​ប័ត្រ​អត់​មាន​តម្លៃ​ ​មើល​ងាយ​ម៉ា​ប្រទេស មិន​មែនត្រឹម​តែ​អ្នក​ធ្លាប់​រៀន​ទេ។​ ថ្ងៃ​នេះ​ក្រៅ​ពី​និស្សិត​ ១៧៦៨​នាក់​ នៅ​មាន​មាតា បិតា​ ក្រុម​គ្រួសារ​ក៏​អត់​មាន​តម្លៃ​ដែរ។​ ​ ​តែ​ក្នុង​កែវ​ភ្នែក​ហ៊ុន សែន ​អ្នក​ទាំង​នេះ​គឺ​មាន​តម្លៃ។​ ជា​ធន​ធាន​មនុស្ស​របស់​សង្គម​ជាតិ​ដែល​បាន​បំពេញ​បន្ថែម​នៅ​ថ្ងៃ​នេះ»។​

លោក​បាន​បញ្ជាក់​ថា៖​

«ការ​ប្រមាថ​មាក់​ងាយ​មួយ​នេះ​គឺ​វា​ប៉ះ​ពាល់​ទាំង​អស់​ ទាំង​ស្ថាប័ន​អប់រំ​ជាតិ​ដែល​បាន​ប្រឹង​ប្រែង​ ​ទាំង​ពី​ទ្រឹស្តី​អ្នក​ចេះ​ច្រើន​ ​បង្រៀន​អ្នកចេះ​តិច​ ​អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ»។​

ក្នុង​ពេល​ថ្មីៗ​នេះ​ គណបក្ស​ធំៗ​ទាំង​ពីរគឺ​គណបក្ស​សង្គ្រោះជាតិ​ និងគណបក្ស​ប្រជន​កម្ពុជា​ ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏ស្រួច​ស្រាវ​ ​បាន​ធ្វើ​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​បណ្តាញ​ព័ត៌​មាន ​និង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​ចោទ​ថា ​គណបក្ស​ជំទាស់​ព្យាយាម​ញុះញ៉ង់​ឲ្យ​មាន​កុប្បកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ​ពេល​មុន​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ខណៈដែលលោក​ សម រង្ស៊ី ​អះអាង​ថា ​គណបក្ស​របស់​លោក​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​បានចំអក​អ្នក​គាំ​ទ្រ​គណបក្ស​ជំទាស់​កាល​ពី​ថ្ងៃ​ច័ន្ទ​យ៉ាង​ដូច្នេះ​ថា៖​

«អញ្ចឹង​មនុស្ស​ម៉ា​ប្រទេសគឺ​អត់​តម្លៃ​ទាំងអស់​ ​រួម​ទាំង​អ្នក​ដែល​បាន​បោះ​ឆ្នោតនិង​អ្នក​ធ្វើ​ការ​ឲ្យ​គណ​បក្ស​ប្រឆាំង​ផង​ដែរ។​ ​ត្រង់​ន្លែង​នេះ ​សូម​ប្រជាជន​ទូទាំង​ប្រទេស ​និងអ្នក​ដែល​នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​ ​តើ​គួរ​នៅ​បម្រើ​គេ​ត​ទៅ​ទៀត​ ​ក្នុង​ពេល​ដែល​គេ​មើល​ថា​ ជា​អ្នក​អត់​តម្លៃ ​ឬ​នៅ​តែ​បោះ​ឆ្នោត​គាំទ្រ​គេ​ត​ទៅ​ទៀត?»​

ក៏​ប៉ុន្តែ​លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​បញ្ជាក់​ថា​ ការ​រិះគន់​របស់​លោក ​សម រង្ស៊ី លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​គឺ​ក្នុង«ន័យ​រិះគន់​ស្ថាបនា»​ ដែល​ចង់​ឲ្យ​មាន​ការ​ពង្រឹង​គុណ​ភាព​នៃ​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ។​ លោក​បន្ថែម​ថា​ ​ការ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​អ្នកគាំទ្រគណបក្ស​ជំទាស់​គឺជា​រឿង​ធម្មតា ​ក៏​ប៉ុន្តែ​ការ​ធ្វើ​នយោបាយ​របស់​គណបក្ស​លោក​គឺ​ដើរ​លើ​ផ្លូវ​ត្រូវ​ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ការ​កើន​អាសនៈ​នៅ​ក្នុង​រដ្ឋសភាក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​នោះ។​

លោក​យឹម សុវណ្ណ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​យល់​ឃើញ​ថា​ ទុក​ឲ្យ​ប្រជាពល​រដ្ឋ គាត់​អ្នក​សម្រេច​ពេល​ចុង​ក្រោយ​ទៅ​ចុះ!​ យើង​មិន​ចង់​ស្តាប់​ មិន​ចង់​ឮ​ មិន​ចង់​ឃើញ​ ​ពេល​ណា​ក៏​យើង​មាន​តែ​ភាព​ខុស​គ្នា​ ចេះ​តែ​មាន​ការ​វាយ​ប្រហារ​គ្នា។ ​យើង​មិន​ចង់​ឃើញ​បែបហ្នឹង​ទេ។​ យើង​ចង់​ជជែក​គ្នា​ក្នុង​ន័យ​ស្ថាបនា​ ​វប្បធម៌​សន្ទនា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ ​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ជួប​ប្រទះ»។​

លោក ​អ៊ូ វីរៈ​ ​នាយក​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​បញ្ជាក់​ថា ​ការ​ផ្តោះផ្តង​ពាក្យ​សម្តី​ រិះគន់​ស្ថាបនា​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ​ដែល​វា​ជា​រឿង​ល្អ​ និង​ចំណេញ​ដល់​ប្រទេស​ជាតិ។​ លោក​យល់​ថា ​នេះ​មិន​មែន​ជា«រឿង​រញ៉េរញ៉ៃ»​នោះ​ទេ​ ​តែ​ជា​ការ​ធ្វើ​ឲ្យ​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ។​

«ការ​តវ៉ា​បែប​ហ្នឹង​ជា​សាធារណៈ​គឺ​ជា​រឿង​ធម្មតា ហើយ​ជា​រឿង​ចាំ​បាច់​ទៀត​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ជរជែក​គ្នា​ ហើយ​ប្រជា​ពល​រដ្ឋ​ជា​អ្នក​វិនិច្ឆ័យ។​ ហើយ​ការ​តវ៉ា​គ្នា​នេះ​ក៏​បាន​ជួយផ្តល់​គំនិត​ដល់​អ្នក​នយោ​បាយ​ ​ហើយ​ក៏​ជា​ការជំរុញ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ ​កុំឲ្យ​មាន​ការ​ជិះ​សេះ​លេង​ដៃ។ ​ដូច្នេះ​ជា​រឿង​ធម្មតា​ទេ»។​

ស្រដៀង​គ្នា​នោះ​ដែរ​ កាល​ពី​ឆ្នាំ​២០០៩​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការ​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ដល់​អ្នក​រិះគន់សញ្ញាប័ត្រយោធា​ដែល​ផ្តល់​ឲ្យ​មន្ត្រី​យោធា​ជាន់​ខ្ពស់កម្ពុជា​២២រូប​ពី​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​វៀតណាម​ផង​ដែរ៕