កំណត់និពន្ធ៖ ថ្មីៗនេះលោក Sebastian Strangio អ្នករាយការណ៍ព័ត៌មានឯករាជ្យ និងជាអតីតអ្នករាយការណ៍ និងកែសម្រួលឲ្យកាសែតជាភាសាអង់គ្លេសឈ្មោះ The Phnom Penh Post បានបោះពុម្ពសៀវភៅមួយក្បាលជាភាសាអង់គ្លេសដែលមានចំណងជើងថា «ប្រទេសកម្ពុជារបស់ហ៊ុន សែន»។ សៀវភៅនេះ ឆ្លុះបញ្ចាំងពីសង្គមទំនើបរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ក្រោយសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍។ នៅក្នុងសៀវភៅនេះ លោក Sebastian Strangio បានលើកឡើងអំពីទិដ្ឋភាពជាច្រើនរបស់សង្គមកម្ពុជាក្នុងនោះរួមមាន កេរ្តិ៍តំណែលនៃរបបខ្មែរក្រហម តួនាទីបរាជ័យរបស់អាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថា UNTAC របបគ្រប់គ្រងអំណាចផ្តាច់ការបែបថ្មីរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចថ្មីៗនេះរបស់ប្រទេសកម្ពុជា គម្លាតប្រាក់ចំណូល អំពើពុករលួយ ជំនួយអន្តរជាតិ និងបញ្ហាសិទ្ធិមនុស្ស។ ក្រោយពីបានចំណាយពេលជិត៧ឆ្នាំបំពេញការងារ និងសរសេរអត្ថបទអំពីប្រទេសកម្ពុជា លោក Sebastian Strangio សម្រេចចិត្តសរសេរសៀវភៅអំពីប្រទេសកម្ពុជា ជាប្រទេសដែលកំពុងតែជួបប្រទះការផ្លាស់ប្តូរនយោបាយដែលមិនធ្លាប់មានពីមុនមក និងជាប្រទេសដែលកំពុងតែមានសក្តានុពលផ្នែកសេដ្ឋកិច្ច។ លោកបានរាយការណ៍អំពីព្រឹត្តិការណ៍ផ្សេងៗជុំវិញតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ របាយការណ៍របស់លោកត្រូវបានផ្សព្វផ្សាយដោយក្រុមបោះពុម្ពផ្សព្វផ្សាយចំនួន២០ជុំវិញពិភពលោក។ សៀវភៅដែលមានចំនួន៣៤៤ទំព័រនេះ គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ ក្រោមការបោះពុម្ពផ្សាយរបស់សាកលវិទ្យាល័យ Yale និងក្រុមហ៊ុនសៀវភៅឈ្មោះ Silkworm Books របស់ប្រទេសថៃ។
Your browser doesn’t support HTML5
សំណួរ៖ តើលោកអាចបកស្រាយថាតើហេតុអ្វីបានជាលោកសរសេរសៀវភៅនេះ?
ចម្លើយ៖ អ្វីដែលខ្ញុំបានកត់សម្គាល់នៅពេលដែលខ្ញុំបានមកដល់ប្រទេសកម្ពុជាដំបូងនៅឆ្នាំ២០០៨ គឺថា វានៅមានចន្លោះប្រហោង។ មានសៀវភៅជាច្រើនបានសរសេរអំពីអំឡុងពេលរបបខ្មែរក្រហម និងអំឡុង និងចុងទសវត្ស៩០។ គ្មានសៀវភៅណាមួយដែលវិភាគលើរបបគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងប៉ុន្មានទសវត្សនេះឡើយ។ ហើយម្យ៉ាងវិញទៀត មានព័ត៌មានជាច្រើនដែលសារព័ត៌មានបានផ្តល់របាយការណ៍របស់អ្នកជំនាញជាច្រើន ហើយអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលក៏បានបង្កើតឯកសារជាច្រើនអំពីប្រទេសកម្ពុជាសព្វថ្ងៃនេះដែរ។ ប៉ុន្តែ វាមិនទាន់មានឯកសារ ឬសៀវភៅណាមួយដែលរួមបញ្ចូលព័ត៌មានសំខាន់ទាំងអស់នេះទៅជាអត្ថបទស៊ីសង្វាក់មួយដែលសិក្សាទាំងការផ្លាស់ប្តូរស្ថានភាពក្នុងស្រុក និងបរិបទអន្តរជាតិរបស់កម្ពុជានាពេលបច្ចុប្បន្ននៅឡើយ។
សំណួរ៖ តើបញ្ហាអ្វីខ្លះដែលលោកបានយកមកពិភាក្សានៅក្នុងសៀវភៅនេះ?
ចម្លើយ៖ សៀវភៅរបស់ខ្ញុំផ្តល់ជាការវិភាគប្រវត្តិសាស្ត្របែបនយោបាយរបស់ប្រទេសកម្ពុជា ចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩។ ពាក់កណ្តាលនៃសៀវភៅនេះគឺនិយាយអំពីបញ្ហាខាងលើនេះ។ ហើយពាក់កណ្តាលមួយទៀតនៃសៀវភៅនេះ គឺនិយាយអំពីវិស័យនីមួយៗនៃសង្គម និងនយោបាយនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ខ្ញុំសម្លឹងមើលបញ្ហាដីធ្លី បញ្ហាសង្គមស៊ីវិល បញ្ហាជំនួញ និងសេដ្ឋកិច្ច បញ្ហាជំនួយ និងការអភិវឌ្ឍ និងទំនាក់ទំនងអន្តរជាតិ។
សំណួរ៖ ប្រហែលដូចលោកបានពិភាក្សានៅក្នុងសៀវភៅរបស់លោក ប្រទេសកម្ពុជាកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរវិស័យនយោបាយដែលមិនធ្លាប់មានពីមុនមក ខណៈដែលគណបក្សប្រឆាំងស្ទើរតែទទួលបានជោគជ័យក្នុងសម័យបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។ តាមទស្សនៈរបស់លោក តើលោកយល់យ៉ាងដូចមេ្តចដែរចំពោះការផ្លាស់ប្តូរនេះ?”
ចម្លើយ៖ ខ្ញុំយល់ថាការផ្លាស់ប្តូរខាងនយោបាយពេលថ្មីៗនេះគឺបណ្តាលមកពីការផ្លាស់ប្តូរដ៏ស៊ីជម្រៅនៃប្រជាសាស្ត្រ និងសង្គម។ ប្រសិនបើយើងក្រឡេកមើលអ្នកបោះឆ្នោតកាលពី ឆ្នាំមុន យើងឃើញថា ១៥ភាគរយគឺជាអ្នកបោះឆ្នោតលើកដំបូង ហើយលើសពីនេះគឺក្រុមនេះមានអាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ដូច្នេះ ប្រទេសកម្ពុជាគឺពិតជាប្រទេសវ័យក្មេងយ៉ាងប្រាកដមែន ហើយនេះមានន័យថា ចាប់តាំងពីការគ្រប់គ្រងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានកើតឡើងតាំងពីឆ្នាំ១៩៨៩មក និងជាពិសេសចាប់តាំងពីបេសកកម្មរបស់ UNTAC មក ការផ្លាស់ប្តូរនយោបាយនេះឆ្លុះបញ្ចាំងថាការគ្រប់គ្រងនយោបាយកំពុងតែចាប់ផ្តើមចុះខ្សោយ។ ចាប់តាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងមកលើការណ៍ដែលថាខ្លួនបានជួយផ្តួលរលំរបបខែ្មរក្រហម ហើយសម្រាប់ប្រជាពលរដ្ឋកម្ពុជាវ័យក្មេងជាច្រើនដែលបានកើតក្នុងអំឡុងទសវត្ស៩០ ការណ៍នេះមិនបានជះឥទ្ធិពលមកលើពួកគេ ដូចឪពុកម្តាយ ឬជីដូនជីតារបស់គេឡើយ ដែលអ្នកទាំងអស់នេះធ្លាប់មានបទពិសោធន៍ព្រាត់ប្រាស់គ្នា ហើយដែលគណបក្សប្រជាជនកម្ពុជាអាចនឹងយកមកធ្វើនយោបាយ និងសង្កត់ធ្ងន់បាន។ ទិដ្ឋភាពមួយផ្សេងទៀតគឺ ខ្ញុំយល់ថា របបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មានទសវត្សកន្លងទៅនេះបានកែប្រែប្រទេសកម្ពុជាទាំងផ្នែកសង្គមកិច្ច និងទាំងផ្នែកសេដ្ឋកិច្ច។ បញ្ហាកាប់ព្រៃឈើខុសច្បាប់ ការរឹបអូសដីធ្លី និងគម្រោងអភិវឌ្ឍកសិកម្មទ្រង់ទ្រាយធំបានរំខានដល់សេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ ប្រជាពលរដ្ឋកម្ពុជារាប់រយរាប់ពាន់នាក់បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស និងស្វះស្វែងរកឱកាសធ្វើជាជនអន្តោប្រវេសន៍ខុសស្របច្បាប់នៅប្រទេសថៃ និងកំពុងតែភ័យខ្លាចជាបន្តទៀត។ ដូចដែលអ្នកបានដឹង បើទោះបីជាយើងបានឃើញទ្រព្យសម្បត្តិកំពុងតែសាយភាយនៅក្នុងទីក្រុងភ្នំពេញ ហើយទីក្រុងភ្នំពេញក៏កំពុងតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ គម្លាតប្រាក់ចំណូលរវាងអ្នកមាននិងអ្នកក្រកាន់តែធំឡើង។ ដូច្នេះ បើទោះបីជាមានកំនើនសេដ្ឋកិច្ចក៏ដោយ ក៏សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ អនាគតរបស់គេគឺនៅស្រពិចស្រពិលនៅឡើយ។ ខ្ញុំយល់ថា បញ្ហាមួយទៀតដែលចាំបាច់យកមកពិភាក្សាគឺការវិឌ្ឍន៍នៃវិស័យទូរគមនាគមន៍ និងការសាយភាយនៃប្រព័ន្ធអ៊ីនធឺណែត។ ប្រព័ន្ធអ៊ីនធឺណែតបានជំរុញឲ្យមានការប្រើប្រាស់ទូរស័ព្ទដៃហើយនេះបានអនុញ្ញាតឲ្យមានជាការតតាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលទាក់ទងអំពីទស្សនៈនយោបាយ។ ហើយប្រជាពលរដ្ឋកំពុងតែចាប់ផ្តើមមើលឃើញពីករណីអំពើពុករលួយ និងភាពលំអៀងដែលជាផ្នែកនៃបញ្ហាសង្គមធំៗ ហើយខ្ញុំយល់ថាប្រជាពលរដ្ឋកំពុងតែផ្សារភ្ជាប់បញ្ហាទាំងអស់នេះ។
សំណួរ៖ ហើយអ្វីដែលខ្ញុំចង់ដឹងគឺថាតើលោកបានវិភាគអំពីភាពខ្លាំង និងខ្សោយរបស់គណបក្សប្រឆាំងដែរឬទេ?
ចម្លើយ៖ បាទ ខ្ញុំពិតជាបានពិភាក្សាអំពីភាពខ្លាំង និងខ្សោយរបស់គណបក្សប្រឆាំងដែរ។ ខ្ញុំយល់ថា គណបក្សប្រឆាំងមានភាពឈ្លាសវៃក្នុងការពន្យល់ពីខ្លឹមសារនៃការបោះឆ្នាតដល់ក្រុមកម្មកររោងចក្រ និងប្រជាពលរដ្ឋកម្ពុជាចាស់ៗ ដូចជាការផ្តល់ជាប្រាក់បៀរវត្ស៍ខ្ពស់ និងប្រាក់សោធន។ ហើយគណបក្សប្រឆាំងបានដឹងថា ប្រជាពលរដ្ឋដែលជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ និងនៅតាមទីក្រុងធំៗតាមខេត្តនានា ជាពិសេសគឺក្រុមយុវជនជំនាន់ក្រោយមិនទទួលយកឥទ្ធិពល ឬការគ្រប់គ្រងរបស់មន្ត្រីនយោបាយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ប្រជាពលរដ្ឋក្រុមនេះគឺពិតជាអ្នកស្តាប់ខាងនយោបាយដែលងាយនឹងទទួលយកមតិថ្មី ហើយខ្ញុំយល់ថា ប្រជាពលរដ្ឋក្រុមនេះគឺជាគោលដៅរបស់គណបក្សប្រឆាំង ដោយផ្តល់ជាការសន្យាការតម្លើងប្រាក់បៀរវត្ស៍។ ខ្ញុំគិតថា ចំណុចដែលគណបក្សប្រឆាំងមានភាពទន់ខ្សោយគឺការលាបពណ៌មកលើបញ្ហាជនជាតិវៀតណាម។ ខ្ញុំយល់ថា ក្នុងអំឡុង និងក្រោយពេលបោះឆ្នោតសមាជិករបស់គណបក្សសង្គ្រោះជាតិបានធ្វើសេចក្តីថ្លែងការក្នុងខ្លឹមសារប្រឆាំងនឹងជនជាតិវៀតណាមទៅកាន់ក្រុមសារព័ត៌មាន និងអ្នកបោះឆ្នោតកម្ពុជាក្នុងពេលថ្លែងសន្ទុរកថាជាសាធារណ។ ហើយសម្រាប់ខ្ញុំ បញ្ហានេះទំនងជាធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ប៉ុន្តែជាមួយគ្នានោះ វាក៏ប៉ះពាល់ដល់ភាពគួរឲ្យជឿទុកចិត្តរបស់គេក្នុងនាមជាគណបក្សប្រកាន់លទិ្ធប្រជាធិបតេយ្យសេរីនិយមនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំយល់ថា នេះគឺជាបញ្ហាដែលគណបក្សប្រឆាំងត្រូវតែបោះបង់ចោល ប្រសិនបើគេចង់រក្សាការគាំទ្រពីសហគមន៍អន្តរជាតិ។
សំណួរ៖ តើលោកមានគោលបំណងអ្វីក្នុងការបោះពុម្ពសៀវភៅនេះ? តើលោកយល់ថាសៀវភៅរបស់លោកអាចឲ្យដល់ពិភពលោកស្វែងយល់អ្វីខ្លះអំពីប្រទេសកម្ពុជា?
ចម្លើយ៖ រឿងមួយអំពីប្រទេសកម្ពុជាដែលខ្ញុំបានពិភាក្សានៅក្នុងសៀវភៅរបស់ខ្ញុំគឺថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលនៅពេលជនបរទេសមកធ្វើការនៅប្រទេសកម្ពុជា ភ្លាមៗពួកគេគិតអំពីរបបវាលពិឃាត ហើយពួកគេមានការគិតទុកជាមុនមួយចំនួនទាក់ទងនឹងរបបមួយនេះ។ ហើយការយល់ឲ្យច្បាស់អំពីប្រទេសកម្ពុជាគឺនៅមានការខ្វះខាតនៅឡើយ ហើយចំពោះបញ្ហានយោបាយមនុស្សទូទៅទំនងជាដើរតាមវិធីបែកចែកបក្ខពួក ជាក្រុមគាំទ្រគណបក្សប្រឆាំង និងក្រុមគាំទ្រគណបក្សដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែ យើងមិនសូវឃើញមានក្រុមកណ្តាលអព្យាក្រិត្យប៉ុន្មានទេ។ ហើយអ្វីដែលខ្ញុំបានព្យាយាមធ្វើគឺ សំយោគគោលជំហរនយោបាយទាំងពីរនេះ ហើយព្យាយាមបង្ហាញ និងផ្តល់ជាទស្សនៈដ៏ពិតអំពីប្រទេសកម្ពុជា។ ដូច្នេះ គោលបំណងរបស់សៀវភៅនេះ គឺជួយឲ្យមនុស្សទូទៅទទួលបានព័ត៌មានដ៏ប្រសើរ ហើយបើវាអាចនឹងជួយដល់គម្រោង និងអនុសាសន៍អភិវឌ្ឍឲ្យទទួលបានលទ្ធផលល្អ នោះខ្ញុំពិតជាសប្បាយរីករាយ។
សំណួរ៖ តើលោកមានសុទិដ្ឋិនិយមថាតើការផ្លាស់ប្តូរដ៏ប្រសើរអាចនឹងកំពុងតែកើតមានឡើងនៅប្រទេសកម្ពុជាដែរឬទេ?
ចម្លើយ៖ ប្រាកដណាស់ ខ្ញុំពិតជាមានសុទិដ្ឋនិយមថា និន្នាការប្រជាសាស្ត្ររបស់ប្រទេសកម្ពុជានឹងចង្អុលទិសដៅនៃការផ្លាស់ប្តូររបស់ប្រទេសនេះ។ ចំពោះការផ្លាស់ប្តូរមួយដែលប្រទេសលោកខាងលិចចាត់ទុកថាជាលទ្ធិប្រជាធិបតេយ្យ ខ្ញុំមិនសូវច្បាស់ចំពោះរឿងនេះទេ។ ប៉ុន្តែ ខ្ញុំពិតជាយល់ថា អនាគតរបស់ប្រទេសកម្ពុជានឹងមានភាពភ្លឺស្វាង។ ខ្ញុំគិតថា វាអាចមានឱកាសល្អមួយ ដែលថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងកាន់អំណាចក្នុងរយៈពេលវែង ឬក៏រយៈពេលខ្លី ហើយវាចាំបាច់ដែលគណបក្សដឹកនាំនេះត្រូវតែដោះស្រាយក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ខ្ញុំមិនរំពឹងថាប្រទេសកម្ពុជា នឹងក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យភ្លាមៗនោះទេ ហើយខ្ញុំច្បាស់ជាឆោតល្ងង់ បើសិនជាខ្ញុំរំពឹងដូច្នេះ ប៉ុន្តែខ្ញុំពិតជាសង្ឃឹមថាអំណាចរបស់រដ្ឋាភិបាលអាចនឹងបង្កើតប្រព័ន្ធមួយដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវដល់ប្រជាពលរដ្ឋសាមញ្ញ ទោះបីជាមាននយោបាយលាបពណ៌យ៉ាងណាក្តី៕