នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ថា វិបត្តិសុខភាពសាធារណៈបង្កឡើងដោយជំងឺកូវីដ១៩ មិនគួរណាប្រទេសផ្សេងទៀតយកមកធ្វើជា«របៀបវារៈភូមិសាស្ត្រនយោបាយ»នោះទេ។
ដោយមិនបានបញ្ចេញឈ្មោះប្រទេសណាមួយនោះ លោក ហ៊ុន សែន ក៏បានស្នើសុំកុំឱ្យមានការរិះគន់លើសមត្ថភាពនៃការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ១៩ នេះដែរ។
តាមរយៈវីដេអូអនឡាញទៅកាន់សម័យប្រជុំពិសេសលើកទី៣១របស់មហាសន្និបាតអ.ស.ប. ស្តីពី«ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»រៀបចំឡើងនៅបុរីញូវយ៉ក កាលពីថ្ងៃទី៣ ខែធ្នូ ដែលត្រូវនឹងព្រឹកថ្ងៃទី៤ ខែធ្នូ នៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា ជំងឺឆ្លងកូវីដ១៩ បានរាលដាលដល់គ្រប់ប្រទេសទាំងអស់នៅលើសកលលោក ដែលតម្រូវឱ្យមានការឆ្លើយតបជាលក្ខណៈសកល។
ស្របពេលដែលជំងឺឆ្លងនេះ បានសម្លាប់ប្រជាពលរដ្ឋជាង១,៥លាននាក់ និងឆ្លងជាង៦៥លាននាក់នៅលើពិភពលោកនោះ លោក ហ៊ុន សែន ថា ការរិះគន់មកលើការគ្រប់គ្រងជំងឺឆ្លងនេះ គួរត្រូវចៀសវាង ហើយប្រទេសណាក៏ដោយ មិនគួរយករឿងនេះ មកបម្រើប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនទេ។
លោកមានប្រសាសន៍ថា៖ «ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ។ ខណៈពេលដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ»។
លោកនាយករដ្ឋមន្ត្រី ស្នើឱ្យមេដឹកនាំប្រទេសនីមួយៗគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ខណៈកំពុងទប់ទល់នឹងវិបត្តិជំងឺឆ្លងសាកលមួយនេះ។
លោកបញ្ជាក់ថា៖ «បន្ថែមលើនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសាកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗទោះជារដ្ឋនោះធំ ឬតូច មាន ឬក្រក៏ដោយ ដោយមានអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកជាស្នូល»។
កាលពីខែកញ្ញា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំឭកខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ លោក ហ៊ុន សែន ក៏បានថ្លែងថា ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជ្រើសរើសយកឯករាជ្យ និងអធិបតេយ្យជាមាគ៌ាសម្រាប់ការអភិវឌ្ឍ។
លោកបញ្ជាក់ថា នេះជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងការសម្រេចបាននូវគោលដៅរបៀបវារៈឆ្នាំ២០៣០ បន្ថែមពីលើបញ្ហាប្រឈមបន្ទាន់ដែលបង្កឡើងដោយជំងឺកូវីដ១៩។
ការថ្លែងរបស់លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឡើងខណៈប្រទេសកម្ពុជាបានកត់ត្រាការឆ្លងជំងឺកូវីដក្នុងសហគមន៍ជាលើកដំបូងកាលពីចុងខែវិច្ឆិកា។ គិតមកត្រឹមថ្ងៃទី៤ ខែធ្នូនេះ មានករណីឆ្លងថ្មីចំនួន២៣ ដែលត្រូវបានកត់ត្រា ចេញពីព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ដែលលោក ហ៊ុន សែន ឱ្យឈ្មោះថា «ព្រឹត្តិការណ៍២៨ វិច្ឆិកា»។
អាជ្ញាធរកម្ពុជាត្រូវបានរិះគន់ថា ប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩នេះ ដើម្បីរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ដោយមានការកោះហៅសាកសួរ និងឃុំខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងការរិះគន់អំពីវិធានការរបស់រដ្ឋាភិបាលលើជំងឺកូវីដ១៩។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជា បានទទួលការកោតសរសើរនាពេលកន្លងមកថា បានរក្សាករណីឆ្លងជំងឺកូវីដ១៩នេះ ក្នុងកម្រិតទាប និងរាំងខ្ទប់មិនឲ្យមានការរាតត្បាតជំងឺនេះទៅដល់សហគមន៍។
លោកបន្ថែមថា ដើម្បីបញ្ចៀសការរិះគន់ ដែលអាចកើតឡើងចំពោះវិធានការគ្រប់គ្រងជំងឺឆ្លងនេះ អាជ្ញាធរគួរបង្កើនការអប់រំ និងផ្តល់ដំណឹងជាក់លាក់ដល់ពលរដ្ឋ ជុំវិញការវិវឌ្ឍនានានៃការឆ្លងជំងឺនេះ។
លោកមានប្រសាសន៍ថា៖ «ធ្វើម៉េចរដ្ឋ ឬក៏អាជ្ញាធរហ្នឹងផ្តល់ព័ត៌មានឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ បើសិនជាមានបញ្ហាកើតឡើងជាក់ស្តែងពិតប្រាកដ ត្រូវតែផ្តល់ព័ត៌មានដល់អាជ្ញាធរ។ ហើយខ្ញុំគិតថា ដំណាក់កាលនេះ វាជារឿងមួយដែលទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋត្រូវតែចូលរួមគ្នា ដើម្បីធ្វើការសហការក្នុងការទប់ស្កាត់ និងបង្ការនូវកូវីដ១៩នេះ»។
របាយការណ៍វាយតម្លៃមួយរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្គាល់ដែលចេញផ្សាយកាលពីខែវិច្ឆិកា ឲ្យដឹងថា កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ និងផលប៉ះពាល់បានល្អ ដោយជាប់លេខ១នៅអាស៊ី និងលេខ៣ក្នុងពិភពលោក។
គួរបញ្ជាក់ថា គិតចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០នេះ កម្ពុជាបានជួបវិបត្តិជាបន្តបន្ទាប់ គឺការរាតត្បាតជំងឺកូវីដ១៩ និងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ «សព្វមុខទំនិញលើកលែងសព្វាវុធ»ឬ EBA (Everything But Arms) មួយផ្នែករបស់សហគមន៍អឺរ៉ុប ដោយសារការរកឃើញអំពីការរំលោភសិទ្ធិមនុស្សធ្ងនធ្ងរ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕