លោក​ហ៊ុន សែន​​អំពាវនាវ​ឲ្យ​អតីត​អ្នកទោស​គុក​ទួលស្លែង​​ផ្អាក​ការធ្វើ​បាតុកម្ម

  • ​គង់ ​សុឋានរិទ្ធ

បាតុករ​គាំទ្រ​រដ្ឋាភិបាល​ដាក់ញត្តិ​នៅ​ទីស្នាក់ការ​​គណបក្ស​សង្គ្រោះជាតិ ទាមទារ​ឲ្យលោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​នេះសុំទោស។​

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​អំពាវនាវ​ឲ្យ​អតីត​អ្នកទោស​គុក​ទួលស្លែង​គឺ​លោក​ជុំ ម៉ីផ្អាក​ការធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា​មួយ​រយៈ​ក្នុង​អំឡុង​ពេល​ឈាន​ទៅ​រក​ការ​បោះឆ្នោត។​

ថ្លែង​ក្នុង​ពិធី​សម្ពោធន៍​អគារ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក្នុង​ក្រុង​ភ្នំពេញ ​លោក​ហ៊ុន សែន​បាន​លើក​ហេតុផល​ថា ​ការ​ផ្អាក​នេះ​គឺ​ដើម្បីធានា​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត។​

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា៖ «ដើម្បី​បង្កើត​បរិយាកាស​អនុគ្រោះ​សម្រាប់​ការ​បោះឆ្នោត​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​អំពាវនាវ​ចំពោះ​លោក​ពូ​ជុំ ម៉ី​ ក៏ដូចជា​អំពាវនាវ​ដល់​បាតុករ​នៅ​គ្រប់​ទីកន្លែង។ ​សូម​មេត្តា​បញ្ឈប់ ​ផ្អាក​បាតុកម្ម។ ចាំ​បោះឆ្នោត​ហើយ​ ចាំ​គិត​គូរ​គ្នា​ទៀត»។​

លោក​ជុំ ម៉ី ​ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅ​ថា ​ក្សេម ក្សាន្ត​ បាន​ដឹកនាំ​បាតុកម្ម​ធំ​មួយ​ជា​លក្ខណៈ​ឯកជន​កាលពី​ថ្ងៃទី៩​ខែមិថុនា​ប្រឆាំង​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ក្រោយពី​លោក​កឹម សុខា​មិន​ព្រម​សុំទោស​ជនរងគ្រោះ​នៅ​គុក​ទួលស្លែង។​

លោក​កឹម សុខា​ត្រូវបាន​រាយ​ការណ៍​ថា​ បាន​និយាយ​ថា​ គុក​ទួលស្លែង​ជា​គុក​សិប្ប​និមិត្ត​ និង​រៀបចំ​ដោយ​ប្រទេស​វៀតណាម។ ​ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដូច្នេះ​ នៅ​ពេល​ដែល​លោក​ជុំ ម៉ី​បាន​ទទូច​ឲ្យ​លោក​សុំទោស​ជន​រងគ្រោះ​ដោយសារ​រឿង​នេះ។

លោក​ជុំ ម៉ី នៅ​ថ្ងៃ​ដដែល​នេះ​បាន​យល់ស្រប​នឹង​ជំហរ​របស់​លោក​ប្រមុខ​រដ្ឋាភិបាល។​លោកនិយាយថា៖ ​«បើកាលណា​យើង​ធ្វើបាតុកម្ម​តទៅទៀត ​វា​ជិត​ថ្ងៃ​បោះឆ្នោត។​ អញ្ចឹង​យើង​ធ្វើទៅ​មិន​កើត​ទេ។ ​ដូច្នេះ​ខ្ញុំ​ប្រហែល​ជា​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​កឹម សុខា​វិញ»។​

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ លោក​កឹម សុខា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ឲ្យមានការ​បោះឆ្នោត​«សេរី​និង​យុត្តិធម៌»​នៅ​កម្ពុជា​ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា ​ការ​ជួបជុំ​សំណេះ​សំណាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​កន្លែង​បាន​រង​នូវ​ការ​រំខាន​ពី​ក្រុម​សកម្មជន​ដែល​គេ​ជឿ​ថា ​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​ នៅ​ខេត្ត​កណ្តាល។​

លោក​កឹម សុខា​បាន​លើក​ពី​ករណី​រារាំង​ និង​ការ​រំខាន​ការជួបជុំ​សកម្មជន​នៃ​គណបក្ស​លោក​នៅ​តាម​បណ្តា​ខេត្ត​នានា ​ដែល​លោក​យល់ថា​ ជា​សកម្មភាព​ដែល​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ។​ លោក​កឹម សុខា​ក៏បាន​ព្រមាន​ផង​ដែរ​ថា ​ប្រសិន​បើ​នៅតែ​បន្ត​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក ​នោះ​លោក​នឹង​ស្នើ​ឲ្យ​មាន​បាតុកម្ម​តប​ទៅ​នឹង​ក្រុម​បាតុករ​ដែល​លោក​ហៅ​ថា ​ជា​បាតុករ​គាំទ្រ​ដោយ​គណបក្ស​កាន់​អំណាច​នោះ។​

លោក​យ៉ែម ប៉ុញ្ញាឫទ្ធ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​អធិប្បាយ​ចំៗ​លើ​សេចក្តី​អំពាវនាវ​របស់​លោក​ហ៊ុន សែន​នោះ​ទេ ​ដោយ​ចាត់ទុក​ថា​ ការធ្វើ​បាតុកម្ម​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​ទូទៅ។​

លោក​និយាយ​ថា៖ «យើង​មិន​និយាយ​រឿង​ផ្អាក​ ឬ​មិន​ផ្អាក​ទេ​ ពីព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។ ​ប៉ុន្តែ​យើង​យល់​ឃើញ​ថា ​ត្រូវ​គិត​ពិចារណា​ ថា​តើ​ប្រទេស​យើង​មាន​បញ្ហា​អ្វីខ្លះ?​ ហើយ​គ្រោះថ្នាក់​ដល់​កម្រិត​ណា? គួរ​នាំគ្នា​បង្រួប​បង្រួម ​ផ្សះផ្សារ​ជាតិ​បែប​ណា?»

ប្រទេស​កម្ពុជា​នឹងធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ថ្ងៃទី​២៨ខែ​កក្កដា ឆ្នាំ​២០១៣​នេះ។​ មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត។​

ដោយឡែកការ​ឃោសនា​បោះឆ្នោត​រយៈពេល​៣០ថ្ងៃ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៧​ខែមិថុនា​នេះ។​

នៅក្នុង​ពេលនេះ​ គណបក្ស​កាន់អំណាច ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តូរ​វោហា​សាស្ដ្រ​ដាក់​គ្នា​ទៅវិញ​ទៅមក​ស្ទើរ​រាល់ថ្ងៃ៕