លោក ហ៊ុន សែន នាយករដ្ឋន្ត្រីកម្ពុជាបានបើកកកាយរឿងប្រវត្តិសាស្ត្រ មួយថ្ងៃមុនកម្ពុជាប្រារព្ធខួបលើកទី២៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដោយលោកទាមទារថា អ្នកបង្កើតសង្រ្គាម និងអ្នកទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច ត្រូវតែទទួលខុសត្រូវចំពោះប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះជាសាធារណនៅពេលដែលលោកចូលរួមជាអធិបតីពិធីសម្ពោធស្ពានមួយកន្លែងដែលជាជំនួយរបស់ចិន។
មួយថ្ងៃមុនខួប២៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លៀតឱកាសក្នុងពិធីសម្ពោធន៍ស្ពានជ្រោយចង្វារទី២ ដែលចិនផ្តល់ជំនួយនោះ ដោយលោកទាមទារឲ្យអ្នកបង្កើតសង្គ្រាមនៅឆ្នាំ១៩៧០ត្រូវទទួលខុសត្រូវចំពោះអន្តរាយដែលកើតឡើងចំពោះប្រទេសកម្ពុជាកាលពីអតីតកាល។
«ប្រសិនបើគ្មានសង្គ្រាមនៅឆ្នាំ១៩៧០ទេ ប្រហែលជាប្រទេសយើងមានការរីកលូតលាស់ឆ្ងាយណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះគឺជាខួបនៃទីក្រុងប៉ារីស គេត្រូវមានការទទួលខុសត្រូវយ៉ាងហោចណាស់ខាងសីលធម៌ផងដែរ ប្រសិនបើគេមិន ទទួលខុសត្រូវលើការខូចខាតនិងការស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់នៅក្នុងដំណាក់កាលសង្គ្រាមនិងក្នុងដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ»។
នៅចំពោះមុខឯកអគ្គរដ្ឋទូតចិន លោក ហ៊ុន សែន បានពោលពាក្យកោតសរសើរចិនខ្លាំងដូចសព្វដង។ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននិយាយលម្អិត ចំៗថា តើនរណាជាអ្នកបង្កើតសង្គ្រាម និងទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នោះទេ។ ហើយលោកក៏មិនបាននិយាយថា តើកម្ពុជាជួបមហន្តរាយអ្វីខ្លះនោះទេ។ លោកបាននិយាយថា ពួក ប៉ុល ពត កើត ឡើងដោយសារការទម្លាក់សម្តេចព្រះ នរោត្តម សីហនុចេញពីមុខតំណែងដោយការធ្វើរដ្ឋប្រហារខុសច្បាប់នៅឆ្នាំ១៩៧០។
«បើសិនណាព្រះករុណា ព្រះបិតា ព្រះអង្គនៅបន្តគ្រប់គ្រង វាអត់ចាំបាច់ ធ្វើកិច្ចព្រមព្រៀងក្រុងប៉ារីសទេ ហើយវាមិនចាំបាច់នឹងតស្ពានពាក់ កណ្តាល ដោយជប៉ុននោះដែរ ព្រោះឆ្នាំ១៩៧២ ស្ពានជ្រោយចង្វារត្រូវបានកាត់ផ្តាច់ ហើយពីឆ្នាំ១៩៩២ដល់១៩៩៥បានចាប់ផ្តើមតភ្ជាប់ស្ពាននេះ ឡើងវិញ។ អញ្ចឹងរឿងវាមានហេតុផលរបស់វាអញ្ចឹង។ តែថ្ងៃនេះអ្វីៗ វាបានកន្លងផុត ដែលហៅថា ប្រវត្តិសាស្ត្រ គឺវាមានឫសគល់របស់វា»។
សម្តេចឪត្រូវបានទម្លាក់ចេញពីមុខតំណែងជាប្រមុខរដ្ឋកាលពីថ្ងៃទី១៨ខែ មិនាឆ្នាំ១៩៧០ ដោយក្រុមរបស់លោកសេនាប្រមុខ លន់ នល់ ហើយត្រូវគេសង្ស័យថា ស.រ.អា.នៅពីក្រោយ។ ក្រោយមកព្រះអង្គបានបង្កើតចលនាតស៊ូ។ បន្ទាប់ពីនោះមក កម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ ហើយរបបខ្មែរក្រហមបានកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។ ទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានទម្លាក់ការទទួលខុសត្រូវរឿងមហន្តរាយរបស់កម្ពុជានេះឲ្យចំៗទៅដល់ប្រទេស ឬក្រុមណាមួយជាក់លាក់ក្តី តែក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាបាននិយាយថា លោកហ៊ុន សែននិយាយសំដៅទៅលើសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧០។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក មានប្រសាសន៍ប្រាប់ VOA ថា៖
«តែខ្ញុំជឿជាក់ថា សម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគាត់និយាយសំដៅទៅលើស.រ.អា. ដែលកាលនោះគាំទ្ររបប លន់ នល់ រួមទាំងបានទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាច្រើនមែនទែន រាប់តោននៃគ្រឿងផ្ទុះមកលើកម្ពុជា ដែលធ្វើឲ្យពលរដ្ឋខ្មែរស្លាប់ ព្រាត់ប្រាស់យ៉ាងច្រើន។ គាត់សំដៅទៅលើរឿងហ្នឹង។ តែបើសិនជាយើងចង់ឈានទៅដល់ការជជែកគ្នាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ ហើយរៀនជាមេរៀន ខ្ញុំស្វាគមន៍។ ខ្ញុំថា ជារឿងមួយល្អ»។
លោកបានបន្ថែមថា បើគេចង់ជជែកអំពីប្រវត្តិសាស្ត្រនេះ គេត្រូវជជែកពី តួនាទីរបស់ចិន និងវៀតណាម ដែលគាំទ្រខ្មែរក្រហម តួនាទីរុស្ស៉ី ដែល គាំទ្រវៀតណាម មិនត្រឹមតែតួនាទីស.រ.អា.ទេ។ ហើយលោកថា ជាពិសេសទៅទៀតនោះគឺដល់ពេលដែលត្រូវជជែកលើបញ្ហាបំណុល ដែលលោកចាត់ទុកថា ជាបំណុលឈាមដែលគួរត្រូវលុបចោលទាំងអស់ រួមទាំងបំណុលក្នុងរូបភាពជំនួយដែលកម្ពុជាជំពាក់សម័យសង្គ្រាម។
ចំណែកលោក សឺន ស៊ូបែរ្តិ៍ អ្នកឃ្លាំមើលនយោបាយកម្ពុជា និងជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានអះអាងថា កម្ពុជាក្នុងទសវត្សរ៍១៩៧០ជាសមរភូមិរបស់មហាអំណាច ហើយកិច្ចព្រមព្រៀងក្រុងប៉ារីស មិនបានអនុវត្តពេញលេញទេ។ លោកទទូចថា ប្រទេសទាំងអស់ រួមទាំងអ.ស.ប.ត្រូវជួយកម្ពុជាម្តងទៀត។
«ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស វាមិនត្រឹមត្រូវរួចទៅហើយ ម៉្លោះហើយ មហាអំណាចទាំងប្រាំ និងប្រទេសទាំងអស់១៨ រួមទាំងអ.ស.ប. ផងនោះ គួរណាស់មើលឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស មិនបានត្រឹមត្រូវហ្នឹង ហើយកែ សុំឲ្យខ្មែរយើងកែពីការខ្វះខាតអស់ហ្នឹង ហើយជាពិសេសក្នុងរឿងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសំដែងមតិរបស់គេ»។
ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាខ្លះមើលឃើញផ្សេងៗគ្នាអំពីការវិវត្តរបស់កម្ពុជារយៈពេល២៤ឆ្នាំកន្លងមក ក្រោយពីភាគីជម្លោះខ្មែរទាំងបួនបានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមកាលពីថ្ងៃ២៣ ខែតុលាឆ្នាំ១៩៩១។បណ្តាប្រទេសទាំង១៨ និងអ.ស.ប.បានសន្យាថា នឹងជួយឲ្យកម្ពុជាទទួលបានសន្តិភាព មានការគោរពសិទ្ធិមនុស្ស និងមានរបបប្រជាធិបតេយ្យ សេរីនិយមពហុបក្ស ធានាបូរណភាពទឹកដី ហើយនឹងការអភិវឌ្ឍពេញលេញ។
ក្រុមអ្នកតាមដានខ្លះយល់ថា កម្ពុជាមិនទាន់បានបំពេញកាតព្វកិច្ចទេ ជាពិសេសលើបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាមូលដ្ឋានសំខាន់នៃយុត្តិធម៌សម្រាប់ការអភិវឌ្ឍ ហើយនឹងការរួមគ្នាការពារបូរណភាពទឹកដី។ តែមតិខ្លះនិយាយថា កម្ពុជាមានការជឿនលឿនជាងមុន បើធៀបនឹង២០ឆ្នាំកន្លងទេ៕