លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឱ្យក្រសួងព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញមកណែនាំរឿងវិជ្ជាជីវៈ បន្ទាប់ពីមានករណីអ្នកសារព័ត៌មានម្នាក់ផ្សាយបន្តផ្ទាល់ដោយប្រើពាក្យមិនសមរម្យលើពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍។
លោកនាយករដ្ឋមន្រ្តីលើកឡើងដោយសំដៅលើលោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ដែលបានប្រកែកនិងស្រែកចោទប្រកាន់បុរសម្នាក់ថាបានធ្វើខុស បន្ទាប់ពីបុរសម្នាក់នោះជួយលើកម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នៅគល់ស្ពានជ្រោយចង្វា។
ក្នុងវីដេអូដែលត្រូវបានចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញបុរសដែលត្រូវបានលោក សុវណ្ណ រិទ្ធី ស្រែកគំហកដាក់ បានទទួលស្គាល់ថា ខ្លួនមានកំហុស ដែលបានលើកម៉ូតូជាវត្ថុតាងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើង ហើយបានសំពះសុំទោសលោក សុវណ្ណ រិទ្ធី ជាច្រើនដង។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា សម្តីរបស់អ្នកសារព័ត៌មាន មកលើបុរសដែលជួយលើកម៉ូតូជនរងគ្រោះនាពេលនោះ មិនសមហេតុផលទាល់តែសោះ។ លោកបន្ថែមថា កន្លងមកក៏មានករណីអ្នកសារព័ត៌មានដែលឡាយវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក មិនមានវិជ្ជាជីវៈផងដែរ ដែលលោកថា រដ្ឋមន្រ្តីក្រសួងព័ត៌មានគួរមានការពង្រឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនឡាញទាំងនោះ។
លោក ហ៊ុន សែន ថ្លែងថា៖ «គួរតែហៅមកប្រជុំដើម្បីពង្រឹង អ្នកណាដែលធ្វើសកម្មភាពបែបនេះ កុំបណ្តោយពេក។ កន្លងទៅយើងបណ្តោយជ្រុល។ ឥឡូវ កាញារីទ្ធ ល្មមហៅអ្នកអនឡាញទាំងប៉ុន្មានទៅចូលអប់រំ។ ខុសម្នាក់ឱ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា ព្រោះអីជាមេ»។
លោក ហ៊ុន សែន បានថ្លែងបន្ថែមថា ករណីមិនមានវិជ្ជាជីវៈទាំងនោះ ត្រូវមានត្រឹមការអប់រំណែនាំ តែមិនអាចមានការដកអាជ្ញាបណ្ណ ឬការចោទប្រកាន់តាមផ្លូវតុលាការណាមួយឡើយ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ VOA ថា ក្រសួងនឹងរៀបចំការបណ្តុះបណ្តាល និងយន្តការអប់រំលើអ្នកសារព័ត៌មានទាំងនោះនាពេលខាងមុខនៅពេលដែលទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។ ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ថា នឹងត្រូវរៀបចំពេលណាជាក់លាក់នៅឡើយ។
លោកថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីព្រឹកមិញនេះ គឺក្រសួងយើងនឹងទទួលយកអនុសាសន៍នេះមកអនុវត្ត ហើយការកំណត់ចេញនូវយន្តការនៅក្នុងការអប់រំ ឬការបណ្តុះបណ្តាលបងប្អូនអ្នកសារព័ត៌មាន ជាពិសេសបងប្អូនអ្នកសារព័ត៌មានអនឡាញនោះ គឺខាងយើងនឹងរង់ចាំពីការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ថែមទៀតដែរ»។
កន្លងមក គេតែងឃើញអ្នកឡាយវីដេអូតាមបណ្តាញសង្គមមួយចំនួនដែលតាំងខ្លួនថា ជាអ្នកសារព័ត៌មាន តែងប្រើសម្តីមិនសមរម្យក្នុងអំឡុងពេលរាយការណ៍ ខ្លះចោទប្រកាន់ប្រភព ខ្លះបង្ហាញរូបភាពដែលមិនគួរបង្ហាញជាដើម។
លោក ម៉ៃ ទិត្យថារ៉ា សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា លើកឡើងថា ការណែនាំឱ្យមានការអប់រំអ្នកសារព័ត៌មានដែលមិនមានវិជ្ជាជីវៈ ដោយមិនមានដកអាជ្ញាបណ្ណរបស់អ្នកសារព័ត៌មានទាំងនោះ គឺជារឿងល្អ។
លោកថ្លែង៖ «យ៉ាងហោចណាស់ក៏ក្រសួងលោកបានណែនាំគាត់ឱ្យដឹងពីឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយដែរ ហើយឱ្យគាត់បានយល់ដឹងខ្លះបន្ថែមទៀតអំពីក្រមសីលធម៌របស់អ្នកសារព័ត៌មាន ហើយម្យ៉ាងទៀត គាត់ក៏គួរដឹងថា អ្នកសារព័ត៌មានមិនមែនជាអាជ្ញាកណ្តាល មិនមែនជាអ្នកសម្រេចដូចជាចៅក្រម ឬក៏អីទេ។ អ៊ីចឹងយើងគួរដឹងពីតួនាទីរបស់ខ្លួនឯងជាអ្នកសារព័ត៌មាន ហើយដឹងថា ឥទ្ធិពលអ្នកសារព័ត៌មាននៅសម័យឌីជីថលនេះ គឺវាជះខ្លាំងណាស់ ជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលលោកមិនចេះថ្លឹងថ្លែងព័ត៌មានបានត្រឹមត្រូវ គឺមានឥទ្ធិពលខ្លាំងប៉ះពាល់ដល់សង្គមយើងទាំងមូលតែម្តង»។
លោក ម៉ៃ ទិត្យថារ៉ា ថ្លែងបន្ថែមថា ក្រសួងព័ត៌មានក៏គួរតែមានការត្រួតពិនិត្យលើបុគ្គលដែលប្រើទូរស័ព្ទឡាយលើបណ្តាញសង្គម ហើយចាត់ទុកខ្លួនឯងថាជាអ្នកសារព័ត៌មាន ដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈផ្សេងទៀត។
លោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ (CCIM) លើកឡើងថា ក្នុងពេលបច្ចុប្បន្ន អ្នកសារព័ត៌មានដែលប្រើទូរស័ព្ទឡាយលើបណ្តាញសង្គមភាគច្រើន មិនបានឆ្លងកាត់ការបណ្តុះបណ្តាលអំពីក្រមសីលធម៌វិជ្ជាជីវៈ ជាហេតុធ្វើឱ្យពួកគេរាយការណ៍ព័ត៌មានដោយខ្វះខាតវិជ្ជាជីវៈ។ លោកថ្លែងបន្ថែមទៀតថា ក្រសួងគួរសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំណែនាំអំពីក្រមសីលធម៌វិជ្ជាជីវៈឱ្យបានញឹកញាប់ និងផ្តោតលើក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ។
លោកថ្លែងថា៖ «យើងគួរតែរៀបចំវគ្គបណ្តុះបណ្តាលណែនាំបង្ហាញពីគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានច្រើន ប៉ុន្តែវគ្គហ្នឹងដូចខ្ញុំបញ្ជាក់ម្តងទៀត គឺគួរតែផ្តោតលើវិជ្ជាជីវៈ ជាជាងផ្តោតទៅលើបញ្ហាអីផ្សេង។ អ៊ីចឹងអ្វីដែលសំខាន់បំផុតគឺការផ្តល់ជាវគ្គបណ្តុះបណ្តាលអីផ្សេងៗទៅកាន់ពួកគាត់ដើម្បីឱ្យគាត់បានយល់ អ៊ីចឹងវាកាន់តែប្រសើរឡើងហើយ»។
បើតាមលោក មាស សុភ័ណ្ឌ អ្នកសារព័ត៌មាននៅកម្ពុជាសរុបមានចំនួនជាង ៥ ពាន់នាក់។ ចំណែកអង្គភាពសារព័ត៌មានអនឡាញដែលមានគេហទំព័រ និងទូរទស្សន៍អនឡាញមានចំនួន ៨៧៨ ស្ថាប័ន៕
ភ្នំពេញ —