លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានថ្លែងសរសើរជំនួយហិរញ្ញប្បទានជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ដែលលោកហៅថា ជាជំនួយមាន«ចំណុចពិសេស»។
លោកថ្លែងថា៖ «ចំណុចល្អពិសេសរបស់មិត្តចិន គឺនៅត្រង់ថាកន្លែងណាដែលជាអាទិភាពរបស់កម្ពុជា សុំដាក់គម្រោងហ្នឹងទៅ ដោយមានការសិក្សាហ្មត់ចត់ មិត្តចិនផ្តល់ឥណទានដោយគោរពនូវការចង់បានរបស់កម្ពុជា។ នេះជាចំណុចពិសេស ដែលខុសប្លែកពីកន្លែងដទៃ ពីប្រភពទុនដទៃ ដែលយើងចង់ទៅនេះ គាត់ថាចង់ទៅនោះ។ ចំណុចវាខុសគ្នាគឺនៅកន្លែងហ្នឹង»។
លោក ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារដែលតភ្ជាប់ខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ។ គម្រោងស្ពាននេះជាជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិន ដែលបានចំណាយថវិកាអស់ជិត៥៧លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃជំនួយ និងកម្ចីបរទេស ដែលកម្ពុជាទទួលបានមួយភាគធំពីចិន ជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
បើតាមលោក ហ៊ុន សែន សំណង់ផ្លូវ៣ពាន់គីឡូម៉ែត្រ នៅក្នុងចំណោមគម្រោងសាងសង់ផ្លូវនៅកម្ពុជាសរុបប្រវែងប្រមាណ១៥.០០០គីឡូម៉ែត្រ និងគម្រោងសាងសង់ស្ពានចំនួន១០ ក្នុងចំណោមគម្រោងសរុបប្រមាណ២០ គឺស្ថិតក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិន។ លោកបន្ថែមថា លោកនឹងដាក់គម្រោងស្នើទៅរដ្ឋាភិបាលចិនបន្ថែមទៀតដើម្បីសាងសង់ផ្លូវ និងស្ពានក្នុងប្រទេស ដែលលោកថា ជាចំណុចអាទិភាពនៃនយោបាយរបស់លោក។
ក្រៅពីជំនួយចិនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោក ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា កម្ពុជាអាចនាំចេញទំនិញបន្ថែមទៅប្រទេសចិន ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។
លោកថ្លែងថា៖ «នាយករដ្ឋមន្ត្រីចិនបាននិយាយថា ខិតខំទិញពីកម្ពុជាដោយត្រង់ ដោយមិនឆ្លងកាត់ប្រទេសដទៃ ដែលមុននេះទំនិញរបស់កម្ពុជា មួយចំនួនចូលទៅក្នុងទីផ្សាររបស់ចិនគឺឆ្លងកាត់ប្រទេសទីបី។ តែឥឡូវហ្នឹង ត្រូវទៅផ្ទាល់ជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិនផង និងរវាង គេហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់នឹងចូលនៅថ្ងៃ១ មករា ឆ្នាំ២០២២»។
កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (Free Trade Agreement) ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២០ ហើយកិច្ចព្រមព្រៀងនេះនឹងចូលជាផ្លូវការនៅដើមឆ្នាំក្រោយ។
លោក ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ថា លោកលម្អៀងទៅប្រទេសចិន ហើយចោទជាសំណួរថា បើលោកមិនពឹងចិន តើលោកពឹងអ្នកណា? ទោះជាយ៉ាងណា លោកប្រកាសថា លោកក៏ទទួលស្វាគមន៍គម្រោងកសាងពិភពលោកឲ្យប្រសើរឡើងវិញ(Build Better Back) ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ហើយលោកសង្ឃឹមថា កម្ពុជានឹងទទួលបានគម្រោងអភិវឌ្ឍន៍មួយចំនួនពីគំនិតផ្តួចផ្តើមមួយនេះ។
លោក សេង សារី អ្នកវិភាគនយោបាយ បានលើកឡើងថា ខណៈមានលំហូរជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់ពីរដ្ឋាភិបាលចិន មន្ទិលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពចិននៅកម្ពុជាអាចបង្កជាផលវិបាកផងដែរសម្រាប់កម្ពុជា និងសន្តិសុខក្នុងតំបន់។
លោកថ្លែងថា៖ «ឥទ្ធិពលនៃជំនួយហិរញ្ញវត្ថុ ឥទ្ធិពលនៃទំនាក់ទំនងពាណិជ្ជកម្មតិច ឬច្រើន វាមានឥទ្ធិពលខ្លះ ទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីធានានូវផលប្រយោជន៍ជាតិ។ ក៏ប៉ុន្តែអ្វីដែលរដ្ឋាភិបាលគួរតែប្រុងប្រយ័ត្ននោះគឺ អន្តរាគមន៍ ឬក៏វត្តមានកងទ័ពបរទេសណាមួយនៅប្រទេសកម្ពុជា ព្រោះអាហ្នឹងវាខុសហ្នឹងច្បាប់រដ្ឋធម្មនុញ្ញ។ ទីពីរវាធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងសន្តិសុខតំបន់ និងអន្តរជាតិ ដែលអាចឲ្យប្រទេសមួយចំនួនហ្នឹងយកកម្ពុជាជាទីលាននៅក្នុងការប្រកួតប្រជែងអំណាចរបស់ខ្លួន និងអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់កម្ពុជាទាំងមូល»។
លោកក៏បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលត្រូវបានជំរុញពីក្រោយ ដោយការកើនឡើងនូវទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងលទ្ធភាពដែលកម្ពុជាអាចទាញប្រយោជន៍ពីការប្រជែងគ្នារវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក តាមរយៈគម្រោងអភិវឌ្ឍន៍ផ្សេងៗផងដែរ។
គួរបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០២១ ស្ថានទូតចិននៅភ្នំពេញបានបញ្ជាក់ធានាថា ខ្លួនមិនបានរាយអន្ទាក់បំណុល ដើម្បីទាញកម្ពុជាឲ្យធ្លាក់ចូលហើយក៏មិនបានស្វែងរកការដាក់វត្តមានយោធានៅកម្ពុជាដែរ។ ប៉ុន្តែអ្នកវិភាគនៅបន្តក្រើនរំឭកថ្នាក់ដឹកនាំកម្ពុជាឲ្យដើរនយោបាយចិនដោយប្រយ័ត្នប្រយែង។
នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ កម្ពុជាមានទំហំបំណុលជំពាក់បរទេសសរុប៨.៨០០លានដុល្លារ ដែលក្នុងនោះមាន៣.៩០១លានដុល្លារ ឬស្មើនឹង៤៤,២៨% ជំពាក់ចិន។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា៕