លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ សាទរចំពោះការសម្រេចរបស់តុលាការបារាំង ដែលលោកអះអាងថា បានបញ្ជាក់ពីភាពស្អាតស្អំរបស់លោកក្នុងសំណុំរឿងបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងឃាតកម្មអតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី មិនដូចការចោទប្រកាន់របស់គូប្រជែងនយោបាយរបស់លោកគឺ លោក សម រង្ស៊ី កន្លងមកនោះទេ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រមួយនៅទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន លើកឡើងថា សាលក្រមរបស់តុលាការនៅប្រទេសបារាំង បានបញ្ជាក់ថា លោកមិនមែនជាអ្នកចេញបញ្ជាឱ្យសម្លាប់លោក ហុក ឡងឌី ដែលជាដន្លងរបស់លោកនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការបារាំងកាលពីឆ្នាំ ២០១៩ ដោយចោទ លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ក្នុងសារហ្វេសប៊ុកដែលថា លោក ហ៊ុន សែន នៅពីក្រោយការស្លាប់របស់ លោក ហុក ឡងឌី។
សាលក្រមតុលាការបារាំងចេញថ្ងៃទី១០ ខែតុលានេះ បានសម្រេចថា ការចោទប្រកាន់របស់ លោក សម រស្ស៊ី បែបនេះ ជាការបង្ខូចកេរ្តិ៍ឈ្មោះដល់ លោក ហ៊ុន សែន។ ក៏ប៉ុន្តែតុលាការក៏បានសម្រេចមិនកាត់ទោសលោក សម រស្ស៊ី ពីបទបរិហារកេរ្តិ៍នោះទេ ដោយយោងហេតុផលថា ការចោទប្រកាន់របស់មេបក្សប្រឆាំងវ័យ ៧៣ឆ្នាំ រូបនេះ ជាការបញ្ចេញសំឡេងប្រឆាំង និងស្ថិតក្នុងទម្រង់លើកលែងពីព្រោះ លោក សម រស្ស៊ី ត្រូវបានរឹតត្បិតសេរីភាពនយោបាយ និងមិនត្រូវបានអនុញ្ញាតឲ្យទៅរកភស្តុតាងនៅក្នុងប្រទេសកម្ពុជា។
បើតាមលោក ហ៊ុន សែន លោកក៏នឹងមិនប្តឹងឧទ្ធរណ៍បន្តទៀតឡើយ ខណៈលោកចាត់ទុកករណីនេះជាជោគជ័យមួយសម្រាប់លោក ក្នុងការតតាំងក្តីនៅតុលាការបារាំង ជាមួយអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ហើយថាសេចក្តីសម្រេចរបស់តុលាការបារាំងថ្មីៗនេះបានជម្រះមន្ទិលសង្ស័យផ្សេងៗ ពាក់ព័ន្ធការស្លាប់របស់លោក ហុក ឡងឌី កាលពីឆ្នាំ២០០៨។
លោក ហ៊ុន សែន បានថ្លែងថា៖ «អ្វីដែលខ្ញុំចង់បានគឺគ្រប់គ្រាន់សម្រាប់ខ្ញុំ ដែលខ្ញុំចាត់ទុកថាជាការឈ្នះនិងជម្រះនូវមន្ទិលទាំងឡាយតាមរយៈតុលាការបារាំងដែលអ្នកឯងចាត់ទុកថាជាតុលាការឯករាជ្យ តុលាការមិនតេឡេ។ ឥឡូវតុលាការមិនតេឡគេបញ្ជាក់ថាលោកឯងនេះនិយាយដូច្នេះ។ ការនិយាយនេះទុកថាជា ការបរិហារកេរ្តិ៍ លោក ហ៊ុន សែន។ ហើយដែលភាគីខាងជនជាប់ចោទមិនបានបដិសេធនោះទេ។ មានន័យថាម៉េច គេបានកាត់ទោសលោកឯងថាបរិហារកេរ្តិ៍ទៅហើយ»។
ក៏ប៉ុន្តែ លោក សម រង្ស៊ី បានបង្ហោះសារអត្ថាធិប្បាយនៅលើគេហទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថា តុលាការបារាំងបានសម្រេចលើកលែងការចោទប្រកាន់មកលើលោកក្នុងសំណុំរឿងបរិហារកេរ្តិ៍ខាងលើ។
លោក សម រង្ស៊ី បានបញ្ជាក់ក្នុងន័យដើម ដោយយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីការពារក្តីលោកថា៖ «តាមរយៈការប្រកាសថា សម រង្ស៊ី គ្មានទោសកំហុសអ្វីទេ តុលាការប្រទេសបារាំង ទទួលស្គាល់ជាឱឡារឹក ថាការតស៊ូរបស់ លោក សម រង្ស៊ី ជាការតស៊ូត្រឹមត្រូវ ហើយតុលាការក៏បានការពារសិទ្ធិសម្តែងមតិរបស់គាត់»។
អ្នកវិភាគនយោបាយ លោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោក សម រង្ស៊ី និង លោក ហ៊ុន សែន គឺជាអ្នកនយោបាយដែលមិនអាចប្រកួតប្រជែងគ្នាដោយសន្តិវិធី និងថាមេដឹកនាំគណបក្សជំទាស់រូបនោះ លែងមានឱកាសចូលមកប្រទេសកម្ពុជាដើម្បីធ្វើនយោបាយវិញហើយ។
អ្នកវិភាគរូបនេះអះអាងថា បើទោះជាមានការបិទផ្លូវមិនឱ្យ លោក សម រង្ស៊ី ចូលកាន់ប្រទេសកម្ពុជាវិញក្តី ក៏ស្ថានភាពនឹងមិនមានអ្វីប្រែប្រួលឡើយពាក់ព័ន្ធជាមួយសម្ពាធអន្តរជាតិ។
បើតាម លោក សេង សារី លោកកឹម សុខា ឥឡូវទំនងជាក្លាយជាប៉ូលនយោបាយមួយដែលសំខាន់ជាង លោក សម រង្ស៊ី បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
លោក សេង សារី ថ្លែងថា៖ «ខ្ញុំមើលឃើញថាអន្តរជាតិ បើសិនជាឃើញរូបភាពថាកម្ពុជាងាកមកការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យអីឡើងវិញ ជំរុញឱ្យមានការបោះឆ្នោតមានភាពត្រឹមត្រូវ តម្លាភាពអ៊ីខ្លះចឹងទៅ ខ្ញុំគិតថាលោក សម រង្ស៊ី អាចបញ្ចប់ជីវិតនយោបាយមុនឆ្នាំ២០២៣ ហ្នឹងហើយ»។
គួររំឭកឡើងវិញផងដែរថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ហ៊ុន សែន និងកូនប្រសាររបស់លោកគឺលោក ឌី វិជ្ជា បានប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការថ្លែងរបស់មេដឹកនាំជំទាស់រូបនោះដែលថា លោក ហ៊ុន សែន ជាអ្នកដែលនៅពីក្រោយនៃការស្លាប់របស់លោក ហុក ឡងឌី។
បណ្ដឹងនេះកើតមានឡើងបន្ទាប់ពី លោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យសម្លាប់លោក ហុក ឡងឌី តាមរយៈការធ្វើឱ្យផ្ទុះឧទ្ធម្ភាគចក្រ ដែលលោក ហុក ឡងឌី កំពុងជិះពីភ្នំពេញទៅខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក សម រង្ស៊ី បានចោទបន្តទៀតថា កូនប្រុសរបស់ លោក ហុក ឡងឌី គឺ លោក ឌី វិជ្ជា ដែលត្រូវជាកូនប្រសាររបស់ លោក ហ៊ុន សែន កំពុងរៀបចំផែនការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីរកវិធីសងសឹក លោក ហ៊ុន សែន ផងដែរ៕