លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានទូរស័ព្ទពិភាក្សាគ្នា នៅព្រឹកថ្ងៃពុធនេះ ដោយថ្លែងអំណរគុណគ្នាទៅវិញទៅមកលើការចូលរួមជួយគ្នាក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ហើយភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីអំពីការគោរពអធិបតេយ្យជាតិ និងសេរីភាពនៃការបញ្ចេញមតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃពុធនេះ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោក Pompeo បានអរគុណកម្ពុជាចំពោះការជួយសង្រ្គោះអ្នកធ្វើដំណើរលើនាវាកម្សាន្ត Westerdam ដែលមានជនជាតិអាមេរិកដល់ទៅជាង៦០០នាក់ ហើយលោក ហ៊ុន សែន ក៏អរគុណអាមេរិកវិញចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក ក៏ដូចជាជំនួយទឹកប្រាក់២លានដុល្លាររបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិកបានស្វាគមន៍«សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីអធិបតេយ្យជាតិ» គាំទ្រគ្រប់ទម្រង់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពី«សារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ»។
បើតាមក្រសួងការបរទេស លោក ហ៊ុន សែន ក៏បានផ្តាំផ្ញើ«ការគាំទ្រ»របស់លោកចំពោះលោកប្រធានាធិបតី Donald Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោក ហ៊ុន សែន ក៏បានអញ្ជើញ លោក Pompeo មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់ VOA នៅថ្ងៃពុធនេះថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយ លោក Pompeo និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលស្គាល់នូវទំនាក់ទំនងជាដៃគូទ្វេភាគីយូរអង្វែងនេះ។ លោកស្រីបញ្ជាក់ថា នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អាមេរិកបានផ្តល់ជំនួយអភិវឌ្ឍន៍ជាង២ពាន់លានដុល្លារដល់កម្ពុជា។
លោកស្រីមានប្រសាសន៍តាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលថា៖
«រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Pompeo បានសង្កត់ធ្ងន់អំពីការប្តេជ្ញារបស់អាមេរិកក្នុងការជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ លោកបានបង្ហាញក្តីសង្ឃឹមថា ជំនួយជាង២លានដុល្លារ ដែលជាជំនួយថ្មីបន្ថែម ដើម្បីដោះស្រាយជំងឺរាតត្បាតក្នុងប្រទេសកម្ពុជា បន្ថែមលើការគាំទ្រយូរមកហើយពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក និងវិទ្យាស្ថានជាតិសុខាភិបាល និង USAID នឹងជួយកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងការរាតត្បាត»។
លោកស្រីបន្តថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក និងលោក ហ៊ុន សែន «ក៏បានពិភាក្សាអំពីសារៈសំខាន់នៃអធិបតេយ្យជាតិរបស់កម្ពុជា ក៏ដូចជាមធ្យោបាយដើម្បីពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដោយបញ្ចូលទាំងសារៈសំខាន់នៃសេរីភាពបញ្ចេញមតិ ជាពិសេសអំឡុងពេលនេះ នៅពេលដែលត្រូវការសំឡេងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ»។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានថ្លែងសរសើរ និងគាំទ្រប្រទេសចិនក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ ប៉ុន្តែលោកបានរិះគន់ប្រទេសដែលលោកថា មានអភិបាលកិច្ចមិនល្អ តែប្រទេសនោះ«បណ្តែតបណ្តោយ»ឲ្យមានប្រជាជនស្លាប់ច្រើនដោយសារវីរុសនេះ។
កាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មានមួយ លោក ហ៊ុន សែន បានថ្លែងថា៖
«ឥឡូវខ្មែរយើងដែលស្លាប់នៅប្រទេសក្រៅ ខ្ញុំសូមសម្តែងនូវមរណទុក្ខជាមួយនឹងបងប្អូនកម្ពុជា ដែលរស់នៅសហរដ្ឋអាមេរិក រស់នៅប្រទេសក្រៅ ដែលកំពុងមានការភ័យខ្លាច និងត្អូញត្អែរអំពីប្រព័ន្ធការពារសុខភាពនៅទីនោះ ហើយផ្ញើសារជាបន្តបន្ទាប់ ចូលមកក្នុងប្រទេសបង្ហាញការព្រួយបារម្ភ ហើយមានអ្នកខ្លះចង់មករស់នៅក្នុងស្រុកខ្មែរ ដោយឃើញថា ស្រុកខ្មែរមានអ្នកជំងឺតិច»។
ត្រង់ចំណុចនេះ លោកស្រី Emily Zeeberg អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនបានឆ្លើយតបនឹងសំណួររបស់ VOA នោះទេ។
ទំនាក់ទំនងកម្ពុជា និងអាមេរិកមានភាពមិនល្អប្រសើរនោះទេ ខណៈកម្ពុជា និងចិនបានខិតជិតគ្នាថែមទៀតរហូតដល់ក្លាយជា«មិត្តដែកថែប» និងការបន្តសមយុទ្ធយោធាជាមួយគ្នា ទោះក្នុងស្ថានភាពនៃការរាតត្បាតវីរុសកូរ៉ូណាក៏ដោយ។ កងទ័ពជើងគោកកម្ពុជា និងចិនបានធ្វើលំហាត់ហ្វឹកហ្វឺន«សមយុទ្ធនាគមាស២០២០» ដែលប្រើប្រាស់កងកម្លាំងទាំងពីរប្រទេសប្រមាណ៣ពាន់នាក់ កាលពីថ្ងៃទី១៥ខែមីនា ដល់ចុងខែមីនា។
ចំណែកទំនាក់ទំនងយោធាក៏ដូចជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក បានជួបភាពរកាំរកូស ខណៈលំហាត់សមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន VOA ថា កម្ពុជាស្វាគមន៍សមយុទ្ធទាំងអស់ជាមួយអាមេរិក។
លោកបន្តថា៖
«ឥឡូវសូមអញ្ជើញមក! ចង់ធ្វើសមយុទ្ធអី? ឲ្យអាមេរិកលើកសំណើមក។ ពេលមុន វាគ្រាន់តែពេលវេលា។ វាកៀកនឹងការបោះឆ្នោត។ សមយុទ្ធមួយណាក៏មិនឲ្យធ្វើដែរ តែក្រោយមក វាទៅជារឿងផ្សេងទៅ។ ឥឡូវមក! មក! ខ្ញុំស្វាគមន៍រឿងធ្វើសមយុទ្ធជាមួយប្រទេសទាំងអស់។ មកធ្វើទៅ! ប៉ុន្តែចេញលុយខ្លួនឯង»។
លោក ហ៊ុន សែន បន្តថា ត្រូវមានការកំណត់ប្រធានបទ ដូចជាសមយុទ្ធប្រឆាំងភេរវកម្ម និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម។ លោកមានប្រសាសន៍ថា៖
«ជាសមយុទ្ធដែលកម្ពុជាចង់ធ្វើ មិនមែនជាសមយុទ្ធសម្រាប់ការវាយលុយ វាយទម្លាយអានេះ វាយទម្លុះអានោះទេ គឺការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ និងគ្រប់គ្រងគ្រោះមហន្តរាយ»។
លោកបន្ថែមថា៖
«ឥឡូវហ្នឹង បើមកធ្វើសមយុទ្ធទាក់ទងជាមួយនឹងសង្រ្គោះកូវីដ ដោះស្រាយកូវីដ ខ្ញុំខ្លាចកងទ័ពអាមេរិកនាំកូវីដ ចូលស្រុកខ្មែរវិញទេ។ ហើយកុំយកលេសថា កម្ពុជាទាត់ចោលជំនួយអាមេរិក លើវិស័យយោធា ឬក៏ឈប់សហប្រតិបត្តិការសមយុទ្ធ។ កុំនិយាយតទៅទៀត។ កម្ពុជាត្រៀម! មិនមកធ្វើ កុំបន្ទោសកម្ពុជា»។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយលើកឡើងថា កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានលើកពីគោលបំណងស្វាគមន៍នៃការធ្វើសមយុទ្ធ តែលោកមិនទាន់ដឹងថា គោលបំណងអ្វីបានជានាំឲ្យមានការសន្ទនានេះទេ។ ប៉ុន្តែលោកថា នេះជាការសន្ទនា«បែបការទូត គោរពគ្នាទៅវិញទៅមក»។
លោក មាស នី មានប្រសាសន៍ថា ទំនាក់ទំនាក់កម្ពុជាអាមេរិកស្ថិតក្នុងភាពរកាំរកូសដដែល។
លោកបានថ្លែងថា៖
«រឿងមួយដែលយើងឃើញថា ធ្វើឲ្យទំនាក់ទំនងអាមេរិក ហើយនិងកម្ពុជា នៅតែមានភាពមិនទាន់បានល្អូកល្អើនជាមួយគ្នា គឺដោយសារតែការបង្ហាញនូវជំហររបស់កម្ពុជាទៅលើទំនាក់ទំនងរវាងកម្ពុជាចិនហ្នឹង ហាក់មានភាពស៊ីជម្រៅពេក បាទ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា ប្រទេសចិនបានសម្រេច«កិច្ចព្រមព្រៀងសម្ងាត់»ដើម្បីឲ្យកងទ័ពជើងទឹករបស់ខ្លួនអាចប្រើប្រាស់មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្នុងពេលអនាគត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានអាមេរិក The Wall Street Journal ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩។ ការចោទប្រកាន់នេះនាំឲ្យមានប្រតិកម្មពីកម្ពុជាជាបន្តបន្ទាប់៕