លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានយល់ព្រមកំណត់យកថ្ងៃទី១៧ដល់២១ ខែ សីហា ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ និងកម្មករនិយោជិតជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវបានលើកពេលតាំងពីខែមេសាកន្លងមក។ នេះបើយោងចំណារឯកភាពរបស់លោក ហ៊ុន សែន នៅថ្ងៃទី១៣ខែកក្កដានេះ ទៅលើលិខិតមួយច្បាប់របស់លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ញើជូនលោកនាយករដ្ឋមន្ត្រីដែលវីអូអេទទួលបាននៅថ្ងៃច័ន្ទនេះ។
ការឯកភាពនេះធ្វើឡើង ក្រោយពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលដឹកនាំដោយលោកអូន ព័ន្ធមុនីរ័ត្ន បានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិភាក្សាបញ្ហាមួយចំនួនរួមទាំងការស្នើកំណត់យកថ្ងៃទាំង៥នោះសម្រាប់ការឈប់សម្រាកសាធារណៈ។
កាលពីខែមេសា រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៣ថ្ងៃ និងតម្រូវឲ្យមន្ត្រីរាជការ និងកម្មករនិយោជិតធ្វើការធម្មតា ជាវិធានការមួយដែលរដ្ឋាភិបាលបានអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសនៅគ្រានោះ។
គិតត្រឹមថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០ ករណីឆ្លងសរុបនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានចំនួន ១៥៦ នាក់ រួមទាំងជនជាតិខ្មែរដែលជាអ្នកធ្វើដំណើរ ១៥ នាក់ចុងក្រោយបង្អស់ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីចុងសប្តាហ៍ផងដែរ។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា៕