ខណៈកំពុងមានវត្តមាននៅប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋកម្ពុជាស្វាគមន៍ដោយការចូលរួមគាំទ្រ។ ប៉ុន្តែការធ្វើទស្សនកិច្ចនៅទីក្រុង Melbourne (មែលប៊ន)នេះ ដើម្បីចូលរួមកិច្ចប្រជុំតំបន់ លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៦ខែ ក៏ប្រឈមនឹងការធ្វើបាតុកម្មប្រឆាំងរូបលោកផងដែរ។
លោក ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍មុន បានធ្វើដំណើរទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ៤ដល់ទី៦ ខែមីនា ឆ្នាំ២០២៤។
អ្នកចូលរួមបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត បានលើកបដាអមដោយពាក្យមួយចំនួនដូចជា«ដោះលែងអ្នកទោសនយោបាយទាំងអស់» «ពួកយើងចង់បានប្រជាធិបតេយ្យពិតប្រាកដ» «យើងមិនទទួលស្គាល់រដ្ឋាភិបាលក្លែងក្លាយ» «បរាជ័យរបបផ្តាច់ការ» និង «យុត្តិធម៌សម្រាប់កែម ឡី»ជាដើម។ ក្រុមគ្រួសាររបស់លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយដែលរងការបាញ់ប្រហារសម្លាប់កាលពីឆ្នាំ២០១៦ ក៏ចូលរួមនៅក្នុងបាតុកម្មនេះដែរ។
លោក សៅ រ៉ាស៊ី តំណាងប្រជាពលរដ្ឋមកពីប្រទេសនូវែលសេឡង់ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅទីក្រុងមែលប៊ន លើកឡើងក្នុងពេលប្រមូលផ្តុំថា គោលបំណងនៃការជួបជុំរបស់ពួកគេ គឺដើម្បីឱ្យរដ្ឋាភិបាលកែប្រែមុខមាត់កម្ពុជា តាមរយៈការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោកបញ្ជាក់ថា៖ «ថ្ងៃនេះដែលយើងមកប្រទេសអូស្ត្រាលី ដើម្បីយើងចូលរួមទាំងអស់គ្នានេះ គឺគោលបំណងគឺយើងដើម្បីឱ្យរដ្ឋាភិបាលខ្មែរ ជាពិសេស លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី កែប្រែមុខមាត់របស់ប្រទេសខ្មែរយើងឱ្យមានប្រជាធិបតេយ្យពិតប្រាកដ និងសេរីពហុបក្សត្រឹមត្រូវ ស្របជាមួយនឹងកិច្ចព្រមព្រៀង[សន្តិភាព]ទីក្រុងប៉ារីស និងស្របជាមួយច្បាប់រដ្ឋធម្មនុញ្ញ។ អ៊ីចឹងអ្វីដែលបងប្អូនខ្មែរយើងមកទីនេះ មិនមែនមកដើម្បីបន្តុបបង្អាក់មុខមាត់ខ្មែរទេ»។
បើតាមលោក រ៉ាស៊ី លោកនិងអ្នកចូលរួមធ្វើបាតុកម្មផ្សេងទៀតចាត់ទុករដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនស្របច្បាប់នោះទេ ដោយសារតែលោកក្លាយជានាយករដ្ឋមន្ត្រីតាមរយៈការលើកបន្តុប។
ចំណែកអ្នកចូលរួមគាំទ្រលោក ហ៊ុន ម៉ាណែត ក៏បានលើកបដាជាសារគាំទ្រមេដឹកនាំថ្មីរបស់កម្ពុជាផងដែរ។
បើតាមរូបភាពដែលបង្ហោះនៅក្នុងប្រព័ន្ធតេឡេក្រាមរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រលោក ហ៊ុន ម៉ាណែត ក៏បានបង្ហាញសារថា «គាំទ្រយ៉ាងពេញទំហឹងការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស» «គាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំប្រទេសជាតិ» និង«គ្មានសន្តិភាព គ្មានក្តីសង្ឃឹម» ជាដើម។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រលោកប្រមាណជាង១ពាន់នាក់ នៅក្នុងអគារមួយនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើងថា លោកមិនតបជាមួយអ្នកធ្វើបាតុកម្មប្រឆាំងរូបលោក ព្រមទាំងអ្នកប្រើពាក្យអសុរោះឡើយ ដោយសារតែវាមិនមានប្រយោជន៍ដល់ជាតិ។
លោកថ្លែងថា៖ «ហេតុអ្វីបានជាខ្ញុំទ្រាំ? ខ្ញុំអត់ឈឺក្បាលផង ខ្ញុំធ្លាប់ក្តៅជាងនេះទៀត... ប៉ុន្តែសួរវាចំណេញអី បើកំហឹងទល់កំហល់។ ទី១វាធ្វើឱ្យខាត បានន័យថាខ្មែរៗទៅស្រែកដាក់គ្នាលើទឹកដីអូស្ត្រាលី ខ្មាសប៉ូលិសអូស្ត្រាលីទេ? ហើយទី២បង្កើតអី បង្កើតនាំឱ្យមិត្តភក្តិធ្លាប់ស្គាល់គ្នាម្នាក់ ចូលទៅនេះ ម្នាក់ចូលទៅនោះ នាំឱ្យមើលមុខគ្នាមិនត្រង់ វាចំណេញស្អី វាអត់ទេ»។
អ្នកតាមដាននយោបាយអន្តរជាតិ លោក សេង វណ្ណលី យល់ថា ការមានអ្នកធ្វើបាតុកម្មប្រឆាំងមេដឹកនាំកម្ពុជា ជារឿងធម្មតា ដែលធ្លាប់កើតមានតាំងពីនាយករដ្ឋមន្ត្រីមុនមកម្ល៉េះ គឺជំនាន់លោក ហ៊ុន សែន ដែលជាឪពុករបស់លោក ហ៊ុន ម៉ាណែត។
ទោះជាយ៉ាងណា លោកថា សំឡេងប្រឆាំងនឹងបាត់ នៅពេលណារដ្ឋាភិបាលព្យាយាមកែប្រែប្រព័ន្ធនៃការដឹកនាំ ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងលុបបំបាត់អំពើពុករលួយជាដើម។
លោកប្រាប់វីអូអេថា៖ «ការកាត់បន្ថយសំឡេងប្រឆាំងបានច្រើន ទាល់តែរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង ជាពិសេសការបើកលំហសិទ្ធិសេរីភាព បើកលម្អនយោបាយ ហើយនឹងជំរុញការធ្វើការកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ហើយកាត់បន្ថយអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។ ខ្ញុំគិតថា បើសិនរដ្ឋាភិបាលអាចធ្វើនូវចំណុចនេះបាន សំឡេងប្រឆាំងនឹងថមថយ»។
បើតាមអ្នកវិភាគរូបនេះ រដ្ឋាភិបាលបច្ចុប្បន្ននៅមិនទាន់ធ្វើអ្វីសម្រេចបានជាដុំកំភួននៅឡើយទេ។
លោកបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ រដ្ឋាភិបាលបច្ចុប្បន្ននៅមិនទាន់បានគ្រប់គ្រងប្រទេសឱ្យមានភាពល្អប្រសើរនៅឡើយទេ។ បើយើងមើលអំពីស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយនៅមានបញ្ហាជាច្រើន អំពើពុករលួយ ការកិបកេងពីអ្នកធំ ឬក៏សមាជិកក្រុមគ្រួសារអ្នកមានអំណាចហ្នឹងគឺកិបកេង បោកប្រាស់ប្រជាពលរដ្ឋច្រើនណាស់។ អ៊ីចឹងអារូបភាពត្រង់នេះដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនិងនៅបរទេសមើលឃើញថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលនីតិកាលទី៧នេះនៅមិនទាន់មានភាពជឿនលឿន និងរីកចម្រើនដូចអ្វីដែលរដ្ឋាភិបាលតែងតែសន្យាឬក៏ប្តេជ្ញាចិត្តនៅឡើយទេ»។
បើតាមលោក សេង វណ្ណលី រដ្ឋាភិបាលអាណត្តិថ្មីគួរតែអត់ធ្មត់ឱ្យបានខ្ពស់ចំពោះសំឡេងប្រឆាំង ហើយផ្តោតលើការធ្វើកំណែទម្រង់វិញ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) និងសមភាគីអាស៊ានមួយចំនួនរបស់លោក ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕