លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានព្រមានដកតំណែងអភិបាលខេត្ត បើមានការទន្ទ្រានដីនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តនីមួយៗ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ហ៊ុន ម៉ាណែត ដែលកាន់តំណែងបានជាង ៥ ខែ បានណែនាំឱ្យអភិបាលខេត្តទាំង ៦ ដែលជាប់បឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ត្រូវទប់ស្កាត់ឱ្យបាននូវការទន្ទ្រានដីបឹងទន្លេសាប ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ។
លោកថ្លែងថា៖ «ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាល ធ្វើការងារអីមិនចេញទេ។ ខ្ញុំនិយាយឱ្យច្បាស់អ៊ីចឹងហ្មង។ ខ្ញុំអត់សូវចេះមាត់ទេ ប៉ុន្តែដៃខ្ញុំចេះស៊ីញ៉េ។ ខេត្តទាំង ៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម អាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងស្រុះដៃគ្នា អាហ្នឹងយើងទប់។ បញ្ហាអត់លំបាកទេក្នុងការធ្វើ។ យើងចាំបាច់ត្រូវការស្រុះដៃគ្នា»។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យអភិបាលទាំងនេះអនុវត្តឱ្យបានតាមការណែនាំ ហើយបុគ្គលទាំងឡាយដែលចាប់អារម្មណ៍ទីតាំងដីនៅតំបន់បឹងទន្លេសាបក៏ត្រូវដកខ្លួនចេញផងដែរ។
លោកថ្លែងថា៖ «បងប្អូនដែលចាប់អារម្មណ៍ទៅលើដីនៅកន្លែងតំបន់ ៣ នោះ សូមម្ចាស់ការដកថយ មុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលត្រូវធ្វើឱ្យបាន ត្រូវការការពារឱ្យបាន។ អ៊ីចឹងឯកឧត្តមទាំង៦ខេត្តត្រូវសន្យាជាមួយខ្ញុំ។ ចូលរួមដើម្បីអនុវត្តទប់ស្កាត់ការទន្ទ្រានតំបន់ ៣ នេះឱ្យបាន ព្រោះបឹងទន្លេសាបស្ថិតក្នុងដែនសមត្ថកិច្ចរបស់ឯកឧត្តមហ្នឹង»។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃពុធនេះ អភិបាលខេត្តបាត់ដំបង លោក សុខ លូ លើកឡើងថា ការទន្ទ្រានដីនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តរបស់លោកមានតិចតួចតែប៉ុណ្ណោះ ដោយសារតែពលរដ្ឋខ្លះមិនបានដឹងច្បាស់ពីព្រំប្រទល់ដី។
លោកថ្លែងថា៖ «មានករណីតិចតួចដែលបងប្អូនខ្លះគាត់មិនដឹងព្រំពិតប្រាកដ ហើយមានករណីខ្លះមានការទន្ទ្រានចូលទៅតិចតួច មិនច្រើនទេ មិនមានច្រើនទេ។ យើងបានចុះមើលជាប្រចាំដែរ បាទ»។
លោក សុខ លូ បន្ថែមថា ក្នុងនាមលោកជាអភិបាលខេត្តដែលជាប់បឹងទន្លេសាបមួយរូប លោកបេ្តជ្ញាខិតខំការពារ និងទប់ស្កាត់រាល់សកម្មភាពទន្ទ្រានដីបឹងទន្លេសាបគ្រប់ទម្រង់ទាំងអស់ បើទោះបីទីតាំងនោះមិនទាន់ចុះបញ្ជីជាដីរដ្ឋក៏ដោយ។
លោកបញ្ជាក់ថា៖ «ជារួមបច្ចុប្បន្ននេះ ក៏ដូចកាលពីមុនមក យើងបានខិតខំការពារ។ យើងបានកំណត់គ្រប់ ប៉ុន្តែវាលំបាកបន្តិច ដោយសារតែយើងមិនទាន់បានចុះបញ្ជីដីរដ្ឋ។ កាលណាមិនទាន់បានកំណត់បញ្ជី ការកំណត់ព្រំប្រទល់វាមិនទាន់បានច្បាស់លាស់ ១០០% ទេ»។
អភិបាលខេត្តរូបនេះបន្តទៀតថា បច្ចុប្បន្ននេះ លោកបានបញ្ជាឱ្យមានកងកម្លាំងចុះល្បាតជាប្រចាំនៅតាមតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់វីអូអេថា មិនមានការទន្ទ្រានយកដីបឹងទន្លេសាបឡើយក្នុងភូមិសាស្រ្តខេត្តរបស់លោក រហូតមកដល់ពេលនេះ ដោយសារអាជ្ញាធរខេត្តអាចគ្រប់គ្រងបាន។
លោកថ្លែងថា៖ «ខេត្តរបស់ខ្ញុំអត់មានបញ្ហាអីដែលត្រូវប្រឈមនឹងការទន្ទ្រានដីតំបន់ព្រៃលិចទឹកទេ ព្រោះដីនៅក្នុងតំបន់ព្រៃលិចទឹកនៅតាមបឹងទន្លេសាប ដែលមានស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន គឺយើងគ្រប់គ្រងបាន បាទ»។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ឱ្យដឹងថា បញ្ហានៅតំបន់បឹងទន្លេសាប គឺជាបញ្ហាច្រំដែល ដែលកន្លងទៅ អតីតនាយករដ្ឋមន្រ្តីក៏ធ្លាប់បានចេញបទបញ្ជាដែរ។ លោកបារម្ភថា ការអនុវត្តបានតែមួយរយៈពេលប៉ុណ្ណោះ។
លោកបន្ថែមថា ដើម្បីទប់ស្កាត់រាល់ការទន្ទ្រានដីបឹងទន្លេសាប រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធត្រូវកំណត់ឱ្យបាននូវវិធានការច្បាស់លាស់ក្នុងការអនុវត្ត។
លោកថ្លែងថា៖ «ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបង្ហាញពីយន្តការជាក់លាក់ ហើយឈានទៅដល់ការដាក់គោលនយោបាយបង្ខំតែម្តង ដើម្បីឱ្យមន្រ្តីមូលដ្ឋានរបស់ខ្លួនហ្នឹងអនុវត្ត ដោយអត់មានការលើកលែងចំពោះបុគ្គលណាទាំងអស់។ ត្រូវរក ឫសគល់ដែរ ហេតុអីបានជាពីមួយអាណត្តិទៅមួយអាណត្តិ ការអនុវត្តហាក់បីដូចជាមិនមានយន្តការច្បាស់លាស់ ធ្វើតាមអារម្មណ៍ ធ្វើតាមបញ្ជា។ ផ្ទុយទៅវិញ នៅពេលដែលបទបញ្ជាសាបរលាបទៅ លែងមានការជំរុញពីថ្នាក់ដឹកនាំ មន្រ្តីមូលដ្ឋានលែងធ្វើ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានបញ្ជាឱ្យដកហូតដីព្រៃលិចទឹកបឹងទន្លេសាបជាង ២ ពាន់ហិកតាក្នុងខេត្តកំពង់ឆ្នាំង និងឱ្យស៊ើបអង្កេតករណីនេះ ក្រោយលោកទទួលព័ត៌មានថា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូបជាប់ពាក់ព័ន្ធនឹងការទន្រ្ទានដីនេះ៕