នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃសុក្រនេះ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវអ្នកគាំទ្រ និងប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យគណបក្សឈ្នះភ្លូកទឹកភ្លូកដី និងដើម្បីទប់ស្កាត់ឧបាយកល របស់ក្រុមជំទាស់ ដែលលោកថាចង់បំផ្លាញប្រទេសជាតិ។
មុនពេលចាប់ផ្តើមចេញដំណើរហែក្បួន បេក្ខជនតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីរបស់គណបក្សកាន់អំណាចគឺ លោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកគាំទ្រ ឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីអាចឱ្យគណបក្សឈ្នះភ្លូកទឹកភ្លូកដី ដឹកនាំរដ្ឋសភារយៈពេល ៥ឆ្នាំបន្តទៀត។
លោក ហ៊ុន ម៉ាណែត ថ្លែងចេញពីទីធ្លាកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះថា៖ «គណបក្សយើងតែងតែឈ្នះរាល់ការបោះឆ្នោតកន្លងមក គឺផ្អែកលើសន្លឹកឆ្នោតរបស់សមាជិកបក្ស ក្រុមគ្រួសារ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន។ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋគំរូ ក៏ដូចជាសមាជិកបក្សដ៏ស្មោះត្រង់ និងប្រកបដោយវិន័យ ត្រូវធានាឱ្យបាននូវសន្លឹកឆ្នោតដែលមានគុណភាព នោះគឺសន្លឹកឆ្នោតបានការ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឈ្នះឬមិនឈ្នះ? ឈ្នះឬមិនឈ្នះ? ឈ្នះឬមិនឈ្នះ? [អ្នកគាំទ្រស្រែកថា ឈ្នះ] [បើ]ឈ្នះ [គឺ]ឈ្នះឱ្យដាច់»។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ការហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ មានសមាជិកចូលរួមប្រមាណ ៣ម៉ឺននាក់។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងអ្នកគាំទ្រ ពេលលោកដឹកនាំក្បួន នៅតាមផ្លូវក្នុងរាជធានីភ្នំពេញថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺទប់ស្កាត់នូវឧបាលកលរបស់អ្នកដែលចង់បំផ្លាញប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងបោះឆ្នោតថ្ងៃទី២៣ លេខរៀងទី១៨ ឈ្នះ [គឺ]មិនត្រឹមតែផ្ដល់ឱកាស ដើម្បីឱ្យគណបក្សប្រជាជន បក្សទេវតា មានសុពលភាពបម្រើប្រជាពលរដ្ឋកាន់តែល្អនោះទេ ប៉ុន្ដែថែមទាំងដើម្បីទប់ស្កាត់នូវឧបាលកល ដើម្បីបំផ្លាញប្រទេសជាតិរបស់យើង។ អ្នកខ្លះបាននាំគ្នាដើរឃោសនាហើយយោសនាទៀត ក្នុងមួយសប្ដាហ៍នេះកាន់តែបង្កើនការស្រែកអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត បំផ្លាញជីវិតខ្លួនឯង បំផ្លាញឆ្នាំងបាយខ្លួនឯង សូមបងប្អូនកុំជឿទៅតាមការយោសនាបែបនេះ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ចង់ឃើញអ្នកនយោបាយខ្មែរ ងាកមកផ្សះផ្សាគ្នា ដោយបញ្ឈប់ការចោទប្រកាន់គ្នាទៅវិញទៅមក ដែលអាចនាំឱ្យបែកបាក់ក្នុងសង្គមជាតិ។
លោកថ្លែងថា៖ «បើយើងចេះតែមានការលាបពណ៌គ្នា ចោទប្រកាន់គ្នា អ្នកនេះក្បត់ជាតិ អ្នកនេះពួកឧទ្ទាមក្រៅច្បាប់ក្នុងច្បាប់អីទាំងអស់នេះ ខ្ញុំគិតថាវាជារឿងមួយដែលមិនគួរប្រើប្រាស់នូវពាក្យសម្ដីដែលមិនសមរម្យក្នុងការចោទប្រកាន់គ្នាហ្នឹងទេ វាជាការបន្ដឱ្យខ្មែរយើងនៅឈ្លោះគ្នា បែកបាក់គ្នានៅក្នុងសង្គមជាតិហ្នឹងឯង អ៊ឹចឹងគួរតែបញ្ចប់នៅវប្បធម៌បែបហ្នឹងទៅ»។
អ្នកការពារសិទ្ធិមនុស្សរូបនេះ ស្នើអ្នកដឹកនាំប្រទេសនិងអ្នកនយោបាយ ដើរតាមគន្លងប្រជាធិបតេយ្យ និងគោរពទៅតាមច្បាប់ជាតិ ច្បាប់អន្តរជាតិនានា និងរដ្ឋធម្មនុញ្ញកម្ពុជា។
គណបក្សកាន់អំណាចដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានតែងតែរំពឹងថាគណបក្សខ្លួននឹងឈ្នះលទ្ធផលបោះឆ្នោតអាណត្តិទី៧ ភ្លូកទឹកភ្លូកដី ខណៈទីលាននៃការប្រកួតរកសំឡេងគាំទ្រនេះ គ្មានវត្តមានគណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សភ្លើងទៀន និងស្របពេលគណបក្សចំនួន ១៧ទៀតដែលចូលរួមប្រកួតប្រជែង ត្រូវបានអ្នកតាមដាន មើលឃើញថា មិនមែនជាគណបក្សដែលមានសក្តានុពល ក្នុងការប្រកួតជាមួយគណបក្សកាន់អំណាច។
ជារឿយៗ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអំពាវនាវប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ដោយគូសសញ្ញាខ្វែងលើសន្លឹកឆ្នោត។
ព័ត៌មានទាក់ទង៖
លោក សម រង្ស៊ី ប្រាប់ពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ខណៈអវត្តមានគណបក្សភ្លើងទៀនមកដល់ពេលនេះ គេមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ថាតើ លោក ហ៊ុន ម៉ាណែត នឹងឡើងដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឪពុករបស់លោក គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលណានោះទេ។
ចំណែកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមកចូលរួមហែក្បួនឃោសនានៅថ្ងៃសុក្រនេះ ក៏មានជំនឿថា គណបក្សកាន់អំណាចដែលកំពុងដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឈ្នះលទ្ធផលបោះឆ្នោតភ្លូកទឹកភ្លូកដីផងដែរ។ ពួកគេចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេន យកចិត្តទុកដាក់បន្ថែមលើប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចង់ឃើញការអភិវឌ្ឍហេដ្ឋានរចនាសម័ន្ពនៅទីក្រុង និងតាមបណ្ដាខេត្តនានាបន្ថែមទៀត។
អ្នកគាំទ្រម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលរស់នៅក្នុងសង្កាត់ទួលទំពូង អ្នកស្រី សួរ ពីសី អាយុ ៣៤ឆ្នាំ ដែលមកចូលរួមហែក្បួននៅថ្ងៃសុក្រនេះ ប្រាប់អ្នកសារព័ត៌មានវីអូអេថា ក្រុមគ្រួសាររបស់អ្នកស្រី គឺគ្រប់ៗគ្នាស្រឡាញ់គណបក្សប្រជាជនកម្ពុជា ព្រោះដោយមើលឃើញការដឹកនាំ និងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែអ្នកស្រីក៏មានសំណូមពរឱ្យរដ្ឋាភិបាលអាណត្តិថ្មី យកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបន្ថែមទៀត។
អ្នកស្រីថ្លែងថា៖ «ចង់ឱ្យពួកគាត់ជួយប្រជាពលរដ្ឋដែលក្រីក្រដែលអត់មានផ្ទះសម្បែង ហើយស្រឡាញ់គាត់ដែលគាត់ជួយរីកចម្រើនប្រទេសកម្ពុជាយើងច្រើន»។
ចំណែក លោក ប៉ុស សុផាន អាយុ ៤១ឆ្នាំ ជាអ្នកគាំទ្រគណបក្សកាន់អំណាចម្នាក់ទៀត លើកឡើងថា មូលហេតុដែលលោកគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបង្ហាញឱ្យឃើញពីការរីកចម្រើនស្ទើគ្រប់វិស័យ។
លោកយល់ថា លោក ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្រ្ដី នឹងមានសមត្ថភាពខ្លាំងក្នុងការដឹកនាំប្រទេស ដោយសារតែលោកបញ្ចប់ការសិក្សាពីបរទេស។
លោកប្រាប់វីអូអេថា៖ «ចំពោះអនាគតនាយករដ្ឋមន្រ្ដី ឯកឧត្តម ហ៊ុន ម៉ាណែត ខ្ញុំគិតថា គាត់ប្រហែលជាអាចមានសមត្ថភាពខ្លាំងជាងនាយករដ្ឋមន្រ្ដីសម្ដេចតេជោ [និង]អាចមានលទ្ធភាពខ្លាំងធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍថែមទៀត»។
លោកសង្ឈឹមថា បេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគត នឹងខិតខំពង្រឹងស្ថិរភាពនយោបាយរក្សាសុខសន្ដិភាព និងបង្កើនការទាក់ទាញការវិនិយោគពីបរទេសឱ្យចូលមកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។
បេក្ខជននាយករដ្ឋមន្ត្រីពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជាលោកហ៊ុន ម៉ាណែត ថ្លែងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយនៃយុទ្ធនាការ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
បើតាម លោក ប៉ុស សុផាន អវត្តមានគណបក្សភ្លើងទៀនមិនមានអ្វីជាបញ្ហានោះទេ ខណៈមានគណបក្ស ១៧ទៀត ដែលចូលរួមប្រកួតប្រជែង។
ចំណែកអ្នកគាំទ្រម្នាក់ទៀត គឺ លោក សាយ សារ៉ាត អាយុ ៣៦ឆ្នាំ ក៏លើកឡើងស្រដៀងគ្នានឹង លោក ប៉ុស សុផាន ផងដែរ។ លោកយល់ថា លោក ហ៊ុន ម៉ាណែត នឹងមានលទ្ធភាពពេញលេញក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ។
លោកប្រាប់វីអូអេថា៖ «នេះបើយើងប្រៀបធៀបទៅលោកឪពុក គឺគាត់មិនទាន់ដូចលោកឪពុកទាំងស្រុងទេ ដោយសារតែគាត់ជាអ្នកដឹកនាំជំនាន់ក្រោយ ទោះយ៉ាងណាក៏អត់អាចទៅដូចឪពុកដែរ ប៉ុន្ដែគាត់នឹងវិវត្តទៅរកការវិវត្តដូចឪពុកដែរ»។
លោកចង់ឃើញគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍបន្ថែមទៀត ទៅលើហេដ្ឋានរចនាសម័ន្ពនៅទីក្រុង និងតាមបណ្ដាខេត្តមួយចំនួន។
គួរបញ្ជាក់ថា ក្រោយការបញ្ចប់យុទ្ធនាការឃោសនានេះ គឺនៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋជាង ៩លាន៧សែននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសរុបចំនួន១២៥រូប ដែលនឹងចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល៕