គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប បានឲ្យដឹងថាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនាថ្ងៃអាទិត្យនេះ ខណៈអ្នកតាមដានលើកឡើងថាអង្គការមួយចំនួនដែលឃ្លាំមើលការបោះឆ្នោតមានទំនោរទៅកាន់គណបក្សកាន់អំណាច។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់វីអូអេឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដាថា អង្គការសមាគមដែលបានដាក់អ្នកសង្កេតការណ៍ជាតិ មានចំនួន១៣៤ ស្ថាប័ន ដែលមានអ្នកសង្កេតការណ៍ចំនួនសរុប៨៩.៥៦២នាក់។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានទទួលស្គាល់ មានចំនួន២០ស្ថាប័ន ដែលមានអ្នកសង្កេតការណ៍សរុបចំនួន១១៦នាក់ និងកំពុងពិនិត្យមានចំនួន១៥ស្ថាប័នដែលមានចំនួន១១៧ នាក់ជាភ្ញៀវអន្ដរជាតិ។
ស្ថាប័នគ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន៧នាក់ដែលជា«ភ្ញៀវពិសេស»មកពីស្ថាប័នចំនួន៤ផងដែរ។
អង្គការធំៗចំនួន៤ ក្នុងចំណោម៦៥អង្គការដែលបានដាក់អ្នកសង្កេតការណ៍ច្រើនជាងគេ រួមមានសហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដាក់មនុស្សចូលរួមសង្កេតការណ៍ការបោះឆ្នោត ប្រមាណ៣៦.០០០នាក់។
សមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍ ដែលមានអ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជាប្រធាន បានដាក់អ្នកសង្កេតការណ៍ប្រមាណ២៥.០០០នាក់។
ចំណែកសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា ដែលមានលោក សាន វិសាល ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់អ្នកសង្កេតការណ៍ចំនួន២.៣៨៤នាក់។ គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល ដែលជាអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោត បានដាក់អ្នកសង្កេតការណ៍ប្រមាណ៤ពាន់នាក់។
អ្នកនាំពាក្យគ.ជ.ប ចាត់ទុកអ្នកសង្កេតការណ៍ដែលឃ្លាំមើលការបោះឆ្នោត មានសារៈសំខាន់ ដែលជា«សាក្សីរស់» ដើម្បីឆ្លុះបញ្ចាំងនូវរាល់សកម្មភាពរៀបចំ ជាពិសេសដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតទាំងមូល។
លោកលើកឡើងថាគ.ជ.ប ស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់ដាក់អ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត តែតម្រូវឱ្យអ្នកសង្កេតការណ៍អនុវត្តទៅតាមបទបញ្ជា ក្រមសីលធម៌ និងនីតិវិធីនៃការបោះឆ្នោត។
លោកថ្លែងថា៖« ប្រសិនបើគាត់លម្អៀងក្នុងការងារសង្កេតការណ៍ ត្រូវតែប្រឈមជាមួយនឹងទិដ្ឋភាពច្បាប់បោះឆ្នោតដូចគ្នានឹងមន្រ្ដីបោះឆ្នោត ដូចនឹងអ្នកសង្កេតការណ៍អន្ដរជាតិដូចអ្នកដទៃទៀតដែរ។ អ៊ីចឹងបញ្ហាគិតថាដាក់សម្ពាធមិនដាក់សម្ពាធ សម្រាប់គ.ជ.ប មិនបានគិតដល់បញ្ហាហ្នឹងទេ គ.ជ.ប គឺស្វាគមន៍ចំពោះរាល់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការដាក់អ្នកសង្កេតការណ៍»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លើកឡើងថាលោកមិនអាចសន្និដ្ឋាន ឬវាយតម្លៃបរិយាកាសបែបណាមួយបានទេ ខណៈការបោះឆ្នោតមិនទាន់មកដល់។ ប៉ុន្តែលោកថាការដាក់អ្នកសង្កេតការណ៍ដ៏ច្រើនលើសលប់ពីអង្គការដែលគាំទ្រគណបក្សកាន់អំណាចអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជំហរ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត។
លោកប្រាប់វីអូអេថា៖ «ការបង្ហាញវត្តមានដែលច្រើនលើសលប់នេះពេកវាអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មរបស់អ្នកបោះឆ្នោតដែរ វាអាចធ្វើឱ្យអ្នកបោះឆ្នោតមានការភ័យខ្លាចក្នុងការសម្រេចចិត្តដែរ នេះ វាជាការមើលឃើញរបស់ខ្ញុំ»។
លោកបារម្ភថាប្រសិនបើដំណើរបោះឆ្នោតខាងមុខនេះមិនឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យ កម្ពុជាអាចនឹងទទួលរងការរិះគន់ និងការដាក់សម្ពាធពីសហគមន៍អន្ដរជាតិ ព្រោះកន្លងមកការអនុវត្តនិតិវិធីនៅក្នុងការបោះឆ្នោតមិនបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកថ្លែងថា៖ «នេះជាអ្វីដែលយើងធ្លាប់បានទទួល ហើយកើតមានឡើងរួចទៅហើយអំពីការរិះគន់ហ្នឹងដែលការបោះឆ្នោតដែលមិនមានគណបក្សជំទាស់ ហើយជាពិសេសយើងឃើញហើយឆ្នាំ២០១៨ ក្រោយបោះឆ្នោតមក តើស្ថានភាពនៅក្នុងប្រទេសយើងហ្នឹងធ្លាក់ទៅដល់សភាពបែបម៉េច ឃើញមានការដកហូតប្រព័ន្ធអនុគ្រោះព័ន្ធដូចជា EBA ដូចជា GSPជាដើមហ្នឹងនេះជាអ្វីដែលយើងបានមើលឃើញទាំងអស់គ្នា»។
កញ្ញា ជីម សំណាង អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋ និងជាអ្នកតាមដានស្ថានការណ៍នៃការបោះឆ្នោត យល់ឃើញថាចំនួនដ៏ច្រើនលើសលប់នៃអ្នកសង្កេតការណ៍មកពីស្ថាប័នស.ស.យ.ក ដឹកនាំដោយកូនរបស់លោកនាយករដ្ឋមន្រ្តី ជាសម្ពាធសម្រាប់ប្រជាពលរដ្ឋក្នុងអំឡុងពេលបោះឆ្នោត។
កញ្ញាថ្លែងថា៖ «ខ្ញុំយល់យល់ថាវាជាសម្ពាធសម្រាប់ប្រជាជនក្នុងអំឡុងពេលបោះឆ្នោត ទោះចង់ឬមិនចង់ប្រជាជននឹងមើលឃើញអ្នកអង្កេតការណ៍ទាំងអស់សុទ្ធតែជាមនុស្សដែលស្លាកពាក់ឯកសណ្ឋាន ស.ស.យ.ក ដែលប្រជាជនបានដឹងច្បាស់ថាជាមនុស្សដែលគ្រប់គ្រងដោយកូនប្រុសលោកហ៊ុន សែន ។ វាហាក់ដូចជាការបំភ័យដល់ប្រជាជន ដូចដែលយើងបានឃើញក្នុងសារព័ត៌មានដែលមានទំនោរទៅបក្សកាន់អំណាចថាអ្នកដែលគូសសន្លឹកឆ្នោតខ្វែង និងត្រូវមានទោសអីជាដើម តិចឬច្រើនក៏ដោយក៏ប្រជាជនមួយចំនួនមានការបារម្ភចំពោះការគូសសន្លឹកឆ្នោតរបស់ពួកគាត់ដែរ»។
កញ្ញាបន្ដថាការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ គួរតែប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ ដោយមិនមានការគាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
កញ្ញាថ្លែងបន្តថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ និងជាអ្នកតាមដានស្ថានការណ៍នៃការបោះឆ្នោតអាណត្តិទី៧នេះ ខ្ញុំពិតជាចង់ឃើញការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព ប៉ុន្តែផ្ទុយទៅវិញខ្ញុំបានឃើញថាបក្សកាន់អំណាចព្យាយាមលុបបំបាត់សំឡេងជំទាស់ចោលទាំងអស់ វាមិនមែនជាតម្លាភាពក្នុងសង្គមប្រជាធិបតេយ្យទេ វាបៀបដូចជាការប្លន់សិទ្ធិសេរីភាពពីប្រជាពលរដ្ឋទៅវិញ»។
គួរបញ្ជាក់ថាគណបក្សកាន់អំណាចអះអាងថាអវត្តមានគណបក្សជំទាស់គឺគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតនេះដោយសារចេតនារបស់គណបក្សមិនចង់ចូលរួមការបោះឆ្នោត។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលដោយគណបក្សភ្លើងទៀន៕
គ.ជ.ប៖ អ្នកសង្កេតការណ៍ជាង៩ម៉ឺននាក់នឹងចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត
ភ្នំពេញ —