លោក ហ៊ុន ម៉ាណែត ថា ការដំឡើង​ប្រាក់​ឈ្នួល ៤ដុល្លារ ជា​«ជោគជ័យ»​ក្នុង​«ពេល​លំបាក»

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថតរូបនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អង្គារ​នេះ បាន​ការពារ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ​៤​ដុល្លារ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​វាយនភណ្ឌ​សម្រាប់​ឆ្នាំ​២០២៤ គឺ​ជា​ការ​ខិត​ខំ និង​ជា​«ជោគជ័យ»មួយ ក្នុង«កាលៈ​ទេសៈ​លំបាក​ទាំង​អស់​គ្នា» ហើយក្នុងពេល​ទីផ្សារ​អន្តរ​ជាតិ​ក៏​កំពុង​មាន​បញ្ហា។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​ប្រមាណ ​២​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​ ​ប្រាក់​ឈ្នួល​ ២០៤ដុល្លារ​ដែល​នឹង​ចាប់​ផ្តើម​ផ្តល់​ចាប់​ពី​ឆ្នាំ​២០២៤ គឺ​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗ ដូច​ជា​ប្រទេស​ស្រីលង្កា បង់ក្លាដេស ឡាវ វៀតណាម ភូមា និង​ឥណ្ឌា​ជា​ដើម ដែល​ប្រទេស​ភាគ​ច្រើន​មិន​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ទេ​នៅ​ឆ្នាំ​នេះ។ លោក​បន្ត​ថា​ ការ​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​ក៏​ថយចុះ​នា​ពេល​នេះ ប៉ុន្តែ​កម្ពុជា​នៅ​រក្សា​ការ​ប្រកួត​ប្រជែង ក្នុង​ទំហំ​ប្រាក់​ឈ្នួល​ ២០៤​ដុល្លារ។

លោក​ថ្លែង​ថា៖ «កម្មករ​ខ្មែរ​សំណាង​ណាស់ ដែល​ប្រាក់​ខែ​ដំឡើង​ហើយ ខ្ពស់​ជាង​ប្រទេស​គេ​ហើយ ហើយ​ឆ្នាំ​នេះ រដ្ឋាភិបាល​ដំឡើង​ឱ្យ​ទៀត។ នេះ​គួរ​អបអរ​សាទរ​ទៅ​ហើយ​ប្រទេស​ទាំង​អស់​នេះ​ប្រកួត​ប្រជែង​ជា​មួយ​យើង​ នាំ​អី​វ៉ាន់​ទៅ​អាមេរិក​ទៅ​អឺរ៉ុប​ដូច​គ្នា»។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ ជា​ភាព​«ជោគជ័យ​»មួយ ក្រោម​គោល​ការណ៍​«ជួយ​គ្នា​រស់ ចែក​គ្នា​រស់»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «នេះ​ជា​ស្មារតី​ដែល​យើង​ជួយ​គ្នា​រស់ ថែរក្សា​ឆ្នាំង​បាយ​ ថែ​រក្សា​អង្ករ​ហើយ​បង្កើន​តិច​តួច​ក្តី​ឱ្យ​វា​កើន​ក្នុង​ឆ្នាំង»។

តួលេខ​ ២០២​ដុល្លារ​ជា​លទ្ធផល​បោះ​ឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ខ្ពស់​ជាង​គេ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ចំនួន​ ២​ដុល្លារ ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​ចំនួន​ ២០៤​ដុល្លារ​ ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៤។

បើ​តាម​ លោក ហ៊ុន ម៉ាណែត ការ​បន្ថែម ​២​ដុល្លារ​ពី​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី គឺ​ជា​ការ«បង្ខំ»និយោជក​ក្នុង​ការ​ឱ្យ​ទទួល​យក​ប្រាក់​ឈ្នួល​ដែល​បាន​ចរចា។ លោក​បញ្ជាក់​ថា​ នាយក​រដ្ឋមន្រ្តី​មាន​សិទ្ធិ​សម្រេច​ចុង​ក្រោយ តែ​ត្រូវ​បញ្ចប់​នីតិវិធី​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ តាម​ច្បាប់​ចែង​ជា​មុន​សិន។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «នាយក​រដ្ឋមន្រ្តី​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​រក្សា​ដដែល បន្ថយ​បើ​សិន​ជា​មើល​ទៅ​ប៉ះពាល់​សេដ្ឋកិច្ច​ ឬ​បង្កើន​ខ្លះ។ អាហ្នឹង​ហើយ​បាន​យើង​សម្រេច​ថែម ​២​ដុល្លារ​មិន​ច្រើន​ តែ​ក៏​មិន​តិច ​៤​ភាគ​រយ។ នេះ​ហើយ​គឺ​ជា​ឆន្ទានុសិទ្ធិ ហើយ​សន្តិវិធី​ ហើយ​នេះ​ហើយ​គឺ​ជា​ អ្វី​ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ដំណាក់​កាល​ដ៏​លំបាក​នេះ»។

ក្រោយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​ ៤​ដុល្លារ មន្ត្រី​សង្គម​ស៊ីវិលនិង​មេ​ដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​មួយ​ចំនួន​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​ប្រាក់​ឈ្នួល​គោល ដោយ​ថា​ វាមិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាយ​វាយ​របស់​កម្មករ ​ខណៈ​ទំនិញ​នៅ​លើ​ទីផ្សារ​ និង​ប្រេង​សាំង​នៅ​តែ​បន្ត​ឡើង​ថ្លៃ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC)​ លោក ​អាត់ ធន់​ ប្រាប់​វីអូអេ​ថា ចំនួន​ប្រាក់​ឈ្នួល​កម្មករ ​២០៤​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ២០២៤​ ខាង​មុខ​នេះ មាន​កម្រិត​ទាប​នៅ​ឡើយ​ ខណៈ​ការ​ចំណាយ​របស់​កម្មករ​ច្រើន​ជាង​ចំណូល​ដែល​ទទួល​បាន។

លោក​ថ្លែងថា​៖ «ប្រាក់​ឈ្នួល ​២០៤ដុល្លារ​គឺ​វា​ជា​ចំនួន​តិច​ មិន​អាច​ឆ្លើយ​តប​នឹង​ស្ថានភាព​រស់នៅ​របស់​កម្មករបច្ចុប្បន្ន​ទេ​។ តាម​ការសិក្សា​ស្រាវជ្រាវ​ក្នុង​មនុស្ស​ម្នាក់​ចំណាយ​ក្នុង​រវង្វង់​ពី​ ២៦០​ដុល្លារ​ទៅ ​៣០០ដុល្លារ​ ហើយ​គិត​មួយ​គ្រួសារ​វា​ជិត ​៤០០​ឯណោះ​ ហើយពេល​ដែល​ប្រាក់​ឈ្នួល​ត្រឹម​តែ​ ២០៤ គឺ​វា​នៅ​ទាប​នៅ​ឡើយ​ទេ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះទទួល​ស្គាល់​ថា​ ប្រាក់​ឈ្នួល​កម្មករ​នៅ​កម្ពុជា​គឺ​ខ្ពស់​ជាង​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ប្រទេស​ផ្សេងៗ​ពិត​មែន ប៉ុន្តែ​លោក​ថា​ ការចាយ​វាយ​នៅ​ក្នុង​បណ្តា​ប្រទេស​នីមួយៗ​មិន​ដូច​គ្នា​នោះ​ទេ។

លោក​ អាត់ ធន់ បន្ថែម​ថា​៖«បាទ​វា​ជាការពិត​វា​ខ្ពស់​ជាង​បើ​យើង​ប្រៀបធៀប​ទៅ​ឡាវ ភូមា ស្រីលង្កា ប៉ុន្តែ​បើ​យើង​ប្រៀប​ធៀប​វៀតណាម​ ថៃ ម៉ាឡេ[ស៊ី] ឬ​ក៏​សិង្ហបុរី​ ឬ​ក៏​ឥណ្ឌូណេស៊ី គឺ​យើង​ទាប​ជាង​គេ។ ហើយ​ការ​កំណត់​ប្រាក់​ឈ្នួល វា​មិន​អាស្រ័យ​លើ​ប្រាក់​ឈ្នួល​ទាប​ ឬ​ប្រាក់​ឈ្នួល​ខ្ពស់​ទេ។ យើង​អ្នក​ជំនាញ​ច្បាប់​ អ្នក​ជំនាញ​ប្រាក់​ឈ្នួល​ យើង​ដឹង​ហើយ​ថា​ ការកំណត់​ប្រាក់​ឈ្នួល វា​អាស្រ័យ​លើ​ការ​ចាយ​វាយ​ឬ​ក៏​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០២៣ ​ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​ចំនួន​ ៦​ដុល្លារ​ ដល់ ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​ជា​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕