ក្នុងជំនួបជាលើកទី២រវាងនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ជាមួយប្រធានាធិបតីចិន លោក ហ៊ុន ម៉ាណែត និងលោក ស៊ីជិនពីង ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ជំនួបរបស់ប្រមុខរដ្ឋាភិបាលទាំងពីរនេះកើតឡើង ក្នុងអំឡុងពេលដែលលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ចាប់ពីថ្ងៃទី១៦ដល់ទី១៩ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។
ត្រឹមរយៈពេលជិតពីរខែបន្ទាប់ពីក្លាយជានាយករដ្ឋមន្ត្រីថ្មីកម្ពុជា លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅប្រទេសចិនចំនួន២លើក ខណៈចិនគឺជាប្រទេសទី១ ដែលលោកបានទៅបំពេញទស្សនកិច្ចក្នុងនាមជាប្រមុខដឹកនាំថ្មីរបស់កម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ជំនួបនេះធ្វើឡើងគឺដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនកាន់តែស៊ីជម្រៅ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ក្នុងន័យដើមថា៖ «ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងកម្ពុជា-ចិន និងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យអាទិភាពចំនួន០៦ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន»។
ក្រៅពីនេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការសហការគ្នាយ៉ាងជិតស្និទ្ធ និងការគាំទ្រឥតងាករេចំពោះគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងពហុភាគី។ បន្ថែមពីនេះ កម្ពុជា និងចិន ក៏បានឯកភាពគ្នាបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងល្បែងភ្នាល់ឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត និងព័ត៌មានក្លែងក្លាយ។
គំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជា ក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាដែលកាន់តែស្និទ្ធនឹងប្រទេសចិន បានសរសើរគម្រោង BRI បើទោះជាមានភាពចម្រូងចម្រាសនៃការលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញយ៉ាងណាក្តី។
អ្នកវិភាគនយោបាយអន្តរជាតិធ្លាប់ព្រមានពីភាពស្អិតល្មួតក្នុងទំនាក់ទំនងកម្ពុជា និងចិន ដោយសារតែទំនាក់ទំនងមួយនេះអាចធ្វើឱ្យកម្ពុជាមានភាពរកាំរកូសជាមួយប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ដែលជាគូប្រកួតប្រជែងរបស់ចិន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា អ្នកនយោបាយកម្ពុជា គួរតែថ្លឹងថ្លែងរក្សាឱ្យបាននូវនយោបាយការបរទេសជាមួយប្រទេសដទៃទៀតដើម្បីធានាពីអព្យាក្រឹតភាពរបស់ខ្លួន។
លោកថ្លែងថា៖ «BRI គំនិតផ្តួចផ្តើមផ្លូវ និងខ្សែ [ក្រវាត់] នេះ វាផ្តល់ផលប្រយោជន៍ហើយ[សម្រាប់]កម្ពុជា។ ក៏ប៉ុន្តែបើសិនជាយើងមិនអាចរក្សាបាននូវតុល្យភាពនៃទំនាក់ទំនងជាមួយលោកខាងលិចទេ ឬយើងខ្លួនឯងប្រាសចាកនឹងខ្លឹមសារច្បាប់ ដែលយើងបានចុះហត្ថលេខា ដែលយើងបានអនុវត្តហ្នឹងគឺបានន័យថា យើងនឹងបាត់បង់អត្ថប្រយោជន៍ជាមួយលោកខាងលិចហើយ។ លោកខាងលិចទាមទារឱ្យយើងឈរជំហរអព្យាក្រឹត ជាពិសេសទៅលើទីតាំងភូមិសាស្រ្ត»។
យោងតាមព្រឹត្តិបត្រដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមិថុនា ឆ្នាំ២០២២ ទំហំបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេសបានកើនឡើងដល់៩,៨ពាន់លានដុល្លារ ឬស្មើប្រមាណជាជាង២៣%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះបំណុលជាង៤០% កម្ពុជាជំពាក់ប្រទេសចិន ហើយបំណុលជាង៣០%ផ្សេងទៀត កម្ពុជាជំពាក់ដៃគូអភិវឌ្ឍន៍នានា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេថា កម្ពុជាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក គឺស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន នឹងបន្តពង្រឹងបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «អ៊ីចឹងខ្ញុំសរុបមកវិញគឺទំនាក់ទំនងកម្ពុជា-ចិនគឺត្រូវបន្តលើគោលការណ៍ដែលបានសាងរួចហើយ ដោយរាជរដ្ឋាភិបាលសម្តេចតេជោ ហើយនឹងបន្តពង្រឹងបន្ថែមទៀត ដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយគោលនយោបាយនេះអនុវត្តគ្រប់បណ្តាមិត្តទាំងអស់ដោយមិនប្រកាន់ មិនថាប្រទេសណាជាប្រទេសណាទេ»។
គួរបញ្ជាក់ថា នៅក្នុងដំណើរទៅចិនជាលើកទី២របស់នាយករដ្ឋមន្ត្រីថ្មី កម្ពុជានិងចិន បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន១០ ក្នុងវិស័យនានា រួមមានការវិនិយោគ សមត្ថភាពផលិត ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេត បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍបៃតង៕