លោក ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង

រូបភាពដកស្រង់ពីបណ្តាញសង្គមបង្ហាញនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងមេដឹនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចាប់ដៃគ្នានៅក្នុងជំនួបមួយនៅប្រទេសចិន។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ដែល​កាន់​អំណាច​បាន​ជាង​មួយ​ឆ្នាំ ​នៅ​ថ្ងៃ​ពុធ​ បាន​ជួប​មេ​ដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា ​លោក ​Min Aung Hlaing​ នៅ​ក្នុង​ប្រទេស​ចិន។​

នេះ​ជា​លើក​ដំបូង​ដែល​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ជួប​មេ​ដឹកនាំ​យោធា​របស់​មីយ៉ាន់ម៉ា ​នៅ​គ្រា​ដែល​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ចិន ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ។​

សម្រាប់​លោក ​Min Aung Hlaing ​នេះ​ ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​ តាំងពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​អំណាច​បន្ទាប់​ពី​បាន​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ​ ២០២១​ មក។​ ដំណើរ​ទស្សន​កិច្ច​របស់​មេ​ដឹកនាំ​យោធា​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​ប្រឹង​ប្រែង​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​បង្ក្រាប​ការ​តស៊ូ​ប្រដាប់​អាវុធ​របស់​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​ផ្សេងៗ​និង​ «កងកម្លាំង​ប្រជា​ការពារ» ​ដែល​បាន​លេច​ឡើង​ប្រឆាំង​នឹង​ការ​ក្ដោប​ក្ដាប់​អំណាច​របស់​ មេ​ដឹកនាំ​យោធា។

លោក​ ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​បាន​ជួប​ជាមួយ​ «ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់ ​Min Aung Hlaing​ ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណ​រដ្ឋ​សហ​ភាព​មីយ៉ាន់ម៉ា ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ»​ នៅ​ក្នុង​ខេត្ត​យូណាន​ប្រទេស​ចិន​ កាល​ពី​ព្រឹក​ថ្ងៃពុធ ​ទី ៦​ វិច្ឆិកា​ ២០២៤។ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ខ្លឹម​សារ​លម្អិត​នៃ​កិច្ច​ពិភាក្សា​នេះ​ឡើយ។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ មាស សុភ័ណ្ឌ​ អ្នក​នាំពាក្យ​នាយក​រដ្ឋមន្រ្តី ​និង​លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ​រដ្ឋមន្ត្រី​ប្រតិភូ​អម នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​នោះ​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក​ ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា​ លោក​នឹង​ជម្រាប​ជូន​អ្នក​សារ​ព័ត៌មាន ​នៅ​ពេល​លោក​ទទួល​បាន​ខ្លឹម​នៃ​ជំនួប​នោះ។​

កាល​ពី​ខែ​ឧសភា​ នៅ​ក្នុង​ជំនួប​តាម​អនឡាញ​មួយ​ជាមួយ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​លោក​ ហ៊ុន សែន ​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​ស្នើ​ទៅ​លោក​ Min Aung Hlaing ​សុំ​ជជែក​ជាមួយ​អ្នកស្រី ​អោងសាន ស៊ូជី​តាម​វីដេអូ​អនឡាញ។ ​ប៉ុន្តែ​លោក ​ហ៊ុន សែន ​មិន​បាន​បញ្ជាក់​ថា ​តើ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ដូចម្តេច​ពី​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ឡើយ។​

លោក ​ហ៊ុន សែន​ ធ្លាប់​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ឯកច្ឆន្ទ​៥​ចំណុច ហើយ​រំពឹង​ថា​ ការ​រីក​ចម្រើន​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​«នឹង​ចូលរួម​ចំណែក​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ដែល​មីយ៉ាន់ម៉ា​ខ្លួន​ឯង​ជា​អ្នក​ដឹកនាំ ​និង​ជា​ម្ចាស់»។​

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​ថ្លែង​ថា ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​និង​មេ​ដឹកនាំ​យោធា​របស់​មីយ៉ាន់ម៉ា ​គឺ​ជា​ការ​បន្ត​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​មីយ៉ាន់ម៉ា​បន្ថែម​ទៀត ​បើ​ទោះ​បី​ជា​មីយ៉ាន់ម៉ា​កំពុង​មាន​វិបត្តិ​នយោបាយ​ក៏​ដោយ។​ លោក​បន្ថែម​ថា ​ជំនួប​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ប្រទេស​មីយ៉ាន់ម៉ា​ត្រឡប់​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៃ​ស្ថាន​ការណ៍​នយោបាយ​ ហើយ​ក៏​ជា​ឱកាស​ដែល​កម្ពុជា​អាច​ចែក​រំលែក​បទ​ពិសោធ​នៃ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ សង្គ្រាម​ស៊ីវិល​ដល់​មីយ៉ាន់ម៉ា ​ដោយសារ​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ។​

បើ​តាម​លោក ​គិន ភា ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​យូរ​ក្នុង​ការ​ស្វែង​រក​ច្រក​ចេញ ​ប្រសិន​បើ​គ្រប់​ភាគី​ទាំង​អស់​នៅ​តែ​មាន​គំនិត​ខ្វែង​គ្នា ​គិត​តែ​ពី​ប្រយោជន៍​មុខ​មាត់​ផ្ទាល់​ខ្លួន ​និង​មិន​ចូល​រួម​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖​ «ខ្ញុំ​គិត​ថា ​បញ្ហា​មីយ៉ាន់ម៉ា​នេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​យូរ​តទៅ​ទៀត​ ដោយ​សារតែ​មាន​ការ​ខ្វែង​គំនិត​ច្រើន​ ហើយ​បើ​យើង​ពិនិត្យ​មើល​លើ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ​ទាំង​កត្តា​ប្រវត្តិ​សាស្រ្ត​ កត្តា​ជាតិ​ពន្ធុ ​កត្តា​វប្បធម៌​ នយោបាយ​ ក៏​ដូច​ជា​តួនាទី​យោធា​ក្នុង​សង្គម​មីយ៉ាន់ម៉ា​នេះ​ ខ្ញុំ​គិត​ថា​ ទាម​ទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មាន​ការ​សម្រប​សម្រួល​ មាន​ការ​ធ្វើ​សម្បទាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​ទើប​អាច​រក​បាន​នូវ​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយ​បរិយា​បន្ន»។​

លោក​សង្កេត​ឃើញ​ថា ​ជំហរ​របស់​កម្ពុជា​ទៅ​លើ​មីយ៉ាន់ម៉ា​ គឺ​ចង់​ឱ្យ​មីយ៉ាន់ម៉ា​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។​

លោក​ថ្លែង​ថា៖​ «កម្ពុជា​តែង​តែ​ចង់​ឃើញ​មីយ៉ាន់ម៉ា​វិល​ត្រឡប់​រក​ប្រក្រតី​ភាព​មុន​រដ្ឋ​ប្រហារ។ ​ទី​ ២ ​ចង់​ឃើញ​មីយ៉ាន់ម៉ា​ប្រកាន់​យក​ដំណោះ​ស្រាយ​ឈ្នះៗ​ ឈរ​លើ​គោល​ការណ៍​បរិយាបន្ន​ មាន​ន័យ​ថា​ មិន​ផាត់​ចោល​ភាគី​ណា​មួយ​នៅ​ក្នុង​វិបត្តិ។ ​ទី ៣​ ចង់​ឃើញ​សហគមន៍​អន្តរជាតិ​ប្រើប្រាស់​វិធី​សាស្រ្ត​នៃ​ការ​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ​ហើយ​ជំរុញ​យន្តការ​ការទូត​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ​ដើម្បី​ឱ្យ​មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ទទួល​យក​វិធី​សាស្រ្ត​ក្នុង​ការ​ដោះស្រាយ ​ជាពិសេស​ការ​ចូល​រួម​ គឺ​សំខាន់​មែន​ទែន​ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ»។​

គួរ​បញ្ជាក់​ថា​ ភាព​ចលាចល ​និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើត​ឡើង​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី ​អោង​សាន ស៊ូជី​ កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០២១។​

កាល​ពី​ខែ​មេសា ​ឆ្នាំ ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​៥​ចំណុច​ ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​នយោបាយ ​ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋ​ប្រហារ​យោធា ​កាល​ពី​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១។ ​ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ទី​ ៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕​