លោក ហ៊ុន ម៉ាណែត ដែលទើបក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ថ្មីៗនេះត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា«សម្តេចមហាបវរធិបតី»។ ការណ៍នេះឱ្យនាំអ្នកតាមដានបញ្ហាសង្គមមានមតិចម្រុះចំពោះគុណសម្បត្តិនៅក្នុងការទទួលបានគោរមងារមួយនេះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនាពេលថ្មីៗនេះថាគោរមងារជាសម្តេច គឺជាទូទៅត្រូវបានផ្តល់ជូនដល់បុគ្គលទាំងឡាយណាដែលមានស្នាដៃចំពោះជាតិ សាសន៍ និងព្រះមហាក្សត្រ។ អ្នកស្រីបន្ថែមថា ការផ្តល់ងារមួយនេះដល់នាយករដ្ឋមន្ត្រីថ្មី ហាក់ដូចជាលឿនពេក ដោយសារតែលោក ហ៊ុន ម៉ាណែត មិនទាន់បានបញ្ចេញស្នាដៃអ្វីឡើយក្នុងនាមជាប្រមុខរដ្ឋាភិបាល។
អ្នកស្រីបញ្ជាក់ថា៖«បើសិនជាការផ្តល់នូវគោរមងារបែបនេះ ខ្ញុំគិតថា វានឹងធ្វើឱ្យមានការប៉ះពាល់ទៅដល់គោរមងារហ្នឹងថា តើវាមានតម្លៃបែបណា ពីព្រោះវាអាចផ្តល់ឱ្យដោយមិនចាំបាច់វាស់វែងទៅលើស្នាដៃ។ល។»។
អ្នកស្រីបន្ថែមថា៖«អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាដែលផ្តល់នូវគោរមងារទាំងឡាយហ្នឹងគួរតែពិនិត្យមើលឡើងវិញនូវលក្ខខណ្ឌដែលត្រូវផ្តល់គោរមងារហ្នឹង។ តើឈរលើមូលដ្ឋានអ្វីជាជាងការដែលយើងគ្រាន់តែផ្តល់គោរមងារដោយមិនបានផ្តោតលើស្នាដៃហ្នឹង? អ៊ីចឹងវានឹងធ្វើឱ្យតម្លៃនៃគោរមងារទាំងអស់ហ្នឹងមិនមានតម្លៃទៀតឡើយ»។
ចំណែកប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថា គោរមងារជាសម្តេចនេះ ជាគោរមងារដ៏ឧត្តុង្គឧត្តម ដ៏មានតេជៈមានឥទ្ធិពល និងឫទ្ធានុភាព ដែលមិនមានបុគ្គលណាក៏អាចទទួលបាននោះដែរ។
លោកសង្កេតឃើញថា លោក ហ៊ុន ម៉ាណែត ទទួលបានគោរមងារជាបន្តបន្ទាប់ ស្របពេលលោកនៅមិនទាន់ធ្វើអ្វីមួយដែលសម្រេចបានជាដុំកំភួននោះឡើយសម្រាប់ប្រយោជន៍ជាតិ។
លោកថ្លែងថា៖«ដូច្នេះខ្ញុំមើលឃើញថា វាគួរតែជាការទទួលបានដោយលោក ហ៊ុន ម៉ាណែត ខ្លួនឯងហ្នឹងគឺគាត់មានស្នាដៃ។ គាត់បានបង្ហាញអំពីលទ្ធភាពនៅក្នុងការរៀបចំ។ ឧទាហរណ៍បើនិយាយអំពីថា គាត់មានស្នាដៃនៅក្នុងការរៀបចំ លើកស្ទួយ លើកកម្ពស់ប្រជាធិតេយ្យ ស្តារប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ធ្វើឱ្យមានកំណែទម្រង់ ភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាឬកំណើនការងារអីជាដើម. អាហ្នឹងយើងមើលឃើញថា គាត់មានលទ្ធភាពរបស់ខ្លួនឯងនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម»។
បើតាមប្រធានសមាគមរូបនេះ ការទទួលបានងារជាសម្តេចដោយស្រួលៗបែបនេះ មិនមានតម្លៃអ្វីឡើយ ប៉ុន្តែធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើគោរមងារកំពូលមួយនេះ។
ចាប់តាំងពីការបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់លោកហ៊ុន ម៉ាណែត កាលពីចុងខែសីហានេះមក គេឃើញមានការចេញព្រះរាជ្យក្រឹត្យជាហូរហែ ដោយមានការតែងតាំងទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រីចំនួន ១០៤ នាក់ ទីប្រឹក្សាក្រសួងព័ត៌មានចំនួន ៤១៥នាក់។ ក្នុងចំណោមទីប្រឹក្សាក្រសួងព័ត៌មានទាំងនោះ មានបុគ្គលយ៉ាងតិច ១០ នាក់កំពុងបម្រើការក្នុងស្ថាប័នសារព័ត៌មានដែលរណបនឹងរដ្ឋាភិបាល ចំណែកទីប្រឹក្សា និងជំនួយការទីស្តីការគណៈរដ្ឋមន្ត្រី មានចំនួន ៩៧ នាក់ និងមានការតែងតាំងទីប្រឹក្សានៅតាមក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត។
ដោយឡែក សម្រាប់តួលេខក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ រួមមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី មានចំនួន ៩០ នាក់។ ហើយចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលជាតំណែងនយោបាយ គឺមានចំនួនសរុបជាង ១៤០០ នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា លើកឡើងថា ការទទួលបានគោរមងារជាសម្តេចរបស់លោក ហ៊ុន ម៉ាណែតគឺធ្វើឡើងទៅតាមព្រះរាជក្រឹត្យដែលចេញដោយព្រះមហាក្សត្រ និងថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា មានស្នាដៃច្រើននៅក្នុងវឌ្ឍនភាពនៃសង្គមជាតិរាប់ចាប់តាំងកាលពីលោកនៅជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
លោកបញ្ជាក់ថា៖«ការងារសង្គមរបស់គាត់ដើម្បីជួយប្រទេសជាតិប្រជាជននេះ គាត់បានធ្វើអ្វីខ្លះជាពិសេសក្នុងអំឡុងពេលកូវីដ១៩។ ទាំងអស់គ្នាបានដឹងហើយថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកបានធ្វើអ្វី? លោកបានកសាងស្នាដៃគុណសម្បត្តិធំធេង លះបង់គ្រប់បែបយ៉ាងដើម្បីការពារជីវិតប្រជាពលរដ្ឋចេញពីកូវីដ១៩។ ដូច្នេះគឺជាគុណសម្បត្តិគ្រប់គ្រាន់ ស័ក្តិសម ដែលគាត់ទទួលគោរមងារជាសម្តេចនេះ»។
ទោះយ៉ាងណា អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេថា នៅកម្ពុជាមិនមានការកំណត់ឬក៏លក្ខខណ្ឌនៅក្នុងការឱ្យគោរមងារជាក់លាក់នោះទេ ហើយថា ការទទួលបានងារដោយងាយស្រួលបែបនេះ គឺមិនបានផ្តល់តម្លៃលើងារនេះទេ តែបែរជាបន្ទាបតម្លៃងារនោះទៅវិញ។
លោកថ្លែងថា៖«ខ្ញុំមិនមានអ្វីទៅធ្វើការរិះគន់អីទេ គ្រាន់តែថា បើសិនណាគោរមងារដែលយើងឱ្យហ្នឹង វាអត់មានជាលក្ខខណ្ឌថា តើបុគ្គលឬមន្ត្រីដែលបានទទួលនោះត្រូវតែមានជាសមត្ថភាពអី ឬបង្ហាញនូវស្នាដៃអីខ្លះមុននឹងឱ្យគោរមងារហ្នឹង។ អាហ្នឹងខ្ញុំគិតថា កាលណាចេះតែឱ្យអ៊ីចឹងធ្វើឱ្យតម្លៃនៃគោរមងារហ្នឹង វាអត់សូវទទួលស្វាគមន៍ពីមហាជន ហើយក៏វាមិនសូវមានតម្លៃ»។
បើតាមអ្នកវិភាគរូបនេះ នៅពេលរបស់អ្វីមួយមានចំនួនច្រើន ហើយត្រូវបានប្រគល់ដោយស្រួលទៅបុគ្គលណាមួយ ដោយមិនមានគោលការណ៍និងច្បាប់ច្បាស់លាស់ទេ របស់នោះនឹងមិនសូវមានតម្លៃឡើយ។ លោកប្រៀបប្រដូចទៅនឹងងារ «ឯកឧត្តម» ដែលមានចំនួនច្រើនលើសលប់។
បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោកហ៊ុន ម៉ាណែត ក៏បានផ្តើមដំណើរទស្សនកិច្ចកម្រិតតំបន់ជាលើកដំបូង ពោលគឺលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ នៅទីនោះ លោក ហ៊ុន ម៉ាណែតដែលមានគោរមងារជាសម្តេចក៏នឹងជួបបណ្តាមេដឹកនាំអាស៊ាន និងពិភពលោក សរុបប្រមាណ២០ប្រទេស ដែលមានវត្តមានក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកញ្ញា ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ៕