ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ម៉ាណែត​ ការពារ​ការ​តែងតាំង​ទីប្រឹក្សា​ និង​មន្ត្រី​នយោបាយ​ច្រើន​លើស​លប់​ ថា​ជា​តម្រូវ​ការ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។

ខណៈ​មាន​ការ​រិះ​គន់​ទាក់ទង​ការ​តែង​តាំង​ទី​ប្រឹក្សា​ ​រដ្ឋ​លេខាធិការ​ និង​អនុ​រដ្ឋ​លេខាធិការ ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​យ៉ាង​ច្រើន​លើស​លប់​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃ​សុក្រ​នេះ ​លើក​ឡើង​ថា ការ​តែង​តាំង​តំណែង ​និង​តួនាទី​ច្រើន​បែប​នោះ​ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ចាស់ៗ ​និង​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការងារ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ។​

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ ​និយោជិត​ក្នុង​ខេត្ត​កណ្តាល ​នា​ថ្ងៃ​ទី ១ ​ខែ​កញ្ញា​នេះ ​លោក ​ហ៊ុន ម៉ាណែត​ បាន​ឆ្លើយ​តប​ទៅ​ អ្នក​ដែល​រិះគន់​ចំពោះ​ការ​រៀប​ចំ​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​ និង​ការ​តែង​តាំង​ទីប្រឹក្សា​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​មាន​ចំនួន​ច្រើន។ លោក​ថា ​គឺ​ដោយ​សារ​មាន​តម្រូវ​ការ​ការងារ​ និង​ដើម្បី​លើក​ទឹក​ចិត្ត​ និង​ផ្តល់​កិត្តិយស​ដល់​មន្ត្រី​ចូល​និវត្តន៍។​

លោក​ថ្លែង​ថា៖​ «មូលដ្ឋាន​នៃ​ការ​រៀប​ចំ​នេះ​ គឺ​ផ្អែក ​ទី ១ ​ទៅ​លើ​តម្រូវ​ការ​ចាំ​បាច់។​ ពេល​ខ្លះ​យើង​ត្រូវ​ការ​ទីប្រឹក្សា ​ជំនាញ​ផ្សេងៗ​ឱ្យ​មក​ធ្វើការ ​មិន​មែន​ជា​មន្ត្រី​របស់​យើង។ ​ពេល​ខ្លះ​ត្រូវ​ការ​ធានា​ប្រសិទ្ធ​ភាព​ការងារ​ ព្រោះ​ពេល​ខ្លះ​ដើម្បី​ឱ្យ​គាត់​មាន​…​គាត់​ដឹកនាំ​យន្តការ​មួយ​ហ្នឹង ​ត្រូវ​រៀបចំ​គាត់​ដំឡើង​គាត់ ​តាម​រយៈ​ទី​ប្រឹក្សា។ ​យន្តការ​មួយ​ទៀត ​គឺ​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ ឧទាហរណ៍​ថា ដើម្បី​ឱ្យ​មន្ត្រី​ចូល​និវត្តន៍​ម្នាក់ ​គាត់​នៅ​បន្ត​ជំនាញ​ ជួយ​ក្រសួង​បាន យើង​រៀបចំ​ជា​ជំនួយ​ការ​ ទីប្រឹក្សា​ក្រសួង​ដើម្បី​ឱ្យ​មក​ជួយ​ការងារ​ហ្នឹង​បន្ត។ ​ហើយ​ដើម្បី​ផ្តល់​ជា​កិត្តិយស​ជូន​គាត់»។​

បើ​តាម​លោក​ ហ៊ុន ម៉ាណែត ​គណ​បក្ស​ប្រជាជន​កម្ពុជា​តែង​ផ្តល់​គុណធម៌​ទៅ​មន្ត្រី​ដែល​បាន​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​ និង​រដ្ឋាភិបាល​ ​បើ​ទោះ​បី​ជា​ផ្តល់​តួនាទី​ ក្នុង​រូប​ភាព​ណា​ក៏​ដោយ។​

លោក​បន្ត​ថា៖ ​«ឃើញ​តែ​គេ​បង្ហោះ ​មូល​ហេតុ​អ្វី​បាន​ជា​រៀបចំ​ទីប្រឹក្សា​ជំនួយ​ការ​ឡើង​វិញ​ ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ដដែលៗ។ ​គេ​ចេញ​មុខ​ថា​ អើយ!​ រាជ​រដ្ឋាភិបាល​ថ្មី ​តែ​រដ្ឋ​មន្ត្រី ​ប៉ុន្តែ​អ្នក​នៅ​ក្រសួង​ដដែលៗ។ ​ចុះ​ឱ្យ​យើង​យក​គាត់​ទៅ​ទី​ណា​ បើ​គាត់​មាន​បទពិសោធន៍ ​ហើយ​ចូលរួម​តាំង​ពី​លំបាក​ជាមួយ​យើង​មក? ​យើង​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​គាត់​បន្ត​ទៀត ​ទី​ប្រឹក្សា​ ជំនួយ​ការ។ ​នេះ​គេ​ហៅ​ថា​ គុណធម៌​នៃ​ការ​តែង​តាំង​នៃ​ការងារ»។​

លោក​ ហ៊ុន ម៉ាណែត ​ក៏​បាន​ណែ​នាំ​ទៅ​រដ្ឋ​មន្ត្រី​ទាំង​អស់​ ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន​ រក្សា​សាមគ្គី​ភាព ឯកភាព​ និង​សាមគ្គី​ផ្ទៃ​ក្នុង​ ដែល​លោក​ថា​ នេះ​ជា​យុទ្ធសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​អនុវត្ត​ និង​បាន​យក​ឈ្នះ​ខ្មែរ​ក្រហម។ ​

លោក ​ហ៊ុន ​ម៉ាណែត ​បន្ថែម​ថា ​ព្រះ​រាជ​ក្រឹត្យ​តែង​តាំងនា​ពេល​ក្រោយ​ ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល​ កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ក្របខណ្ឌ​រដ្ឋ​ ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា ​នឹង​មិន​មាន​ចែង​ឋានៈ​ឱ្យ​ស្មើ​រដ្ឋមន្ត្រី ​ឬ​អគ្គ​នាយកដ្ឋាន ​ឬ​រដ្ឋ​លេខាធិការ​ ឬ​អនុរដ្ឋ​លេខាធិការ​ទៀត​ទេ ​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ពាល់​ផល​ប្រយោជន៍​រួម​ និង​ការ​ដឹក​នាំ​ការងារ។ ​លោក​ថា ​បើ​មន្ត្រី​ណា​ចង់​យក​តួនាទី​ជា​ទីប្រឹក្សា​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្ត្រី ​ឬ​អគ្គ​នាយកដ្ឋាន ​ឬ​រដ្ឋ​លេខាធិការ​ ឬ​អនុរដ្ឋ​លេខាធិការ​គឺ​មន្ត្រី​ទាំង​នោះ ​ត្រូវ​ព្យួរ​ការងារ​ក្រប​ខណ្ឌ​ដើម។​ ដោយ​ឡែក​ ​អ្នក​ដែល​ទទួល​បាន​ការ​តែង​តាំង​ពី​ព្រះ​រាជ​ក្រឹត្យ​រួច​ហើយ ​គឺ​ទុក​រយៈពេល ​៦ ​ខែ​ដើម្បី​ឱ្យ​ធ្វើការ​សម្រេច​ចិត្ត។​

ចំពោះ​បុគ្គល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ ឬ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ឯក​ជន​ ឧកញ៉ា ​មេធាវី ​វិស្វករ ​និង​អ្នក​បំពេញ​វិជ្ជា​ជីវៈសេរី​ផ្សេង​ទៀត​ គឺ​នៅ​តែ​អាច​ទទួល​តួនាទី​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី ទីប្រឹក្សា​ក្រសួង​ការ​បរទេស​ ក្រសួង​មហាផ្ទៃ​ ទី​ប្រឹក្សា​ទេស​រដ្ឋមន្ត្រី ​ឧប​នាយក​រដ្ឋមន្ត្រី ​និង​ក្រសួង​នានា​ ​ប៉ុន្តែ​មិន​មាន​កំណត់​ឋានៈ​ស្មើ ​ រដ្ឋ​មន្ត្រី ​ឬ​អគ្គ​នាយកដ្ឋាន ​ឬ​រដ្ឋ​លេខាធិការ​ ឬ​អនុរដ្ឋ​លេខាធិការ​ទៀត​ដូច​មន្ត្រី​រាជការ​ស៊ីវិល ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ។​

ទោះ​បីជា​មាន​ការ​ការពារ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ម៉ាណែត ​បែប​នេះ​ក្តី ​ប៉ុន្តែ​អ្នក​តាម​ដាន​យល់​ថា ​ការ​តែង​តាំង​មនុស្ស​ច្រើន​លើស​លុប​តាម​ក្រសួង​បែប​នោះ​ គឺ​ជា​ការ​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ​ ​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​ប្រព័ន្ធរដ្ឋបាល​ ​និង​បង្ក​ជា​ទំនាស់​ផល​ប្រយោជន៍​ដោយ​អាច​មាន​អ្នក​យក​តួនាទី​ទៅ​កាង ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាដើម។​

រូបឯកសារ៖ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី និងសមាជិករដ្ឋាភិបាល ចូលរួមសម័យប្រជុំរដ្ឋសភាលើកទី ១ សម្រាប់នីតិកាលទី ៧ នៅរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី និងសមាជិករដ្ឋាភិបាល ចូលរួមសម័យប្រជុំរដ្ឋសភាលើកទី ១ សម្រាប់នីតិកាលទី ៧ នៅរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក ​យង់ គិមអេង​ ថ្លែង​ថា​ ការ​តែង​តាំង​ទី​ប្រឹក្សា​ ​អនុ​រដ្ឋ​លេខាធិការ ​និង​រដ្ឋ​លេខាធិការ​ជា​ច្រើន​រយ​នាក់​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ ​គឺ​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​ និង​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​ការងារ​ និង​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​ថែម​ទៀត។ លោក​ថា នៅ​តាម​ក្រសួង​នីមួយៗ ​មិន​គួរ​តែង​តាំង​មន្ត្រី​ ឬ​ទីប្រឹក្សា​ឱ្យ​លើស​ចំនួន​នៃ​សមាជិក​រដ្ឋ​សភា​ ដែល​មាន​ ១២៥ ​រូប​នោះ​ទេ។ ​

លោក​បន្ថែម​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​យក​កញ្ចប់​ថវិកា​ដែល​តែង​តាំង​ទីប្រឹក្សា​ ឬ​តួនាទី​នយោបាយ​ផ្សេង​ទៀត​ បង្វែរ​ទៅ​បង្កើន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ឬ​ជួយ​ដល់​ប្រជា​ពលរដ្ឋ ​នោះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ជាង។ ​

លោក​ថា៖​ «កញ្ចប់​ថវិកា​ដែល​រដ្ឋ​ចំណាយ​ក៏​អស់​ច្រើន​ដែរ។ ​យើង​ឃើញ​ថា​ នៅ​តាម​ក្រសួង​មួយៗ ​រាប់​រយ​នាក់។ ​អាហ្នឹង​ជា​បញ្ហា​ខាត​បង់​មួយ​ធំ​ណាស់។​ ហើយ​បើ​យើង​យក​ទៅ​អភិវឌ្ឍ​ជា​ផ្លូវ​ថ្នល់​ ជា​សាលារៀន​ ជា​អ្វី​[ផ្សេង]​ឱ្យ​ប្រជា​ពលរដ្ឋ​ ​ប្រហែល​ជា​បាន​ច្រើន​ ហើយ​យើង​យក​ទៅ​ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ដើម្បី​បង្កើន​មុខ​របរ​របស់​ពួក​គាត់ ​ដែល​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ជីវភាព ​អាច​បាន​ច្រើន​ដែរ»។​

បើតាម​លោក ​យង់ គិម​អេង ​ប្រសិន​បើ​រដ្ឋា​ភិបាល​ចង់​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​ស៊ីវិល​ ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ម្នាក់​ដែល​មាន​សមត្ថ​ភាព​ គឺ​អង្គភាព​នីមួយៗគួរ​ណាស់​តែ​វិនិច្ឆ័យ ​និង​ដំឡើង​ឋានៈ​តួនាទី​ទៅ​តាម​ឋានានុក្រម។​ ចំណែក​មេធាវី ​អ្នក​រក​ស៊ី ​និង​ឧកញ្ញា​ជាដើម​ មិន​គួរ​មាន​តួនាទី​ជា​ទីប្រឹក្សា​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ ឬ​ទីប្រឹក្សា​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ ព្រោះ​អាច​បង្ក​ជា​ទំនាស់​ផល​ប្រយោជន៍​ ឬ​ធ្វើ​ឱ្យ​បុគ្គល​ទាំង​នោះ ​យក​ឋានៈ​តួនាទី​ទៅ​កាង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដែល​ប៉ះ​ពាល់​ដល់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ធ្វើ​ជំនួញ ​និង​ការ​បំពេញ​វិជ្ជា​ជីវៈ។​

ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​កាលពី​ចុង​ខែ​សីហា​នេះ​មក ​គេ​ឃើញ​មាន​ព្រះ​រាជ្យ​ក្រឹត្យ​តែង​តាំង​ជាច្រើន​បាន​ចេញ​ជា​ហូរហែ ​ដោយ​មាន​ការ​តែង​តាំង​ទី​ប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី​ចំនួន​ ១០៤ ​នាក់ ​ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន​ ៤១៥​ នាក់។​ ក្នុង​ចំណោម​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ទាំង​នោះ​ មាន​បុគ្គល​យ៉ាង​តិច​ ១០ ​នាក់​កំពុង​បម្រើ​ការ​ក្នុង​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​រណប​នឹង​រដ្ឋាភិបាល​ ​ចំណែក​ទីប្រឹក្សា​ និង​ជំនួយ​ការ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ មាន​ចំនួន​ ៩៧ ​នាក់ ​និង​មាន​ការ​តែង​តាំង​ទីប្រឹក្សា​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ជាច្រើន​ទៀត។

ដោយ​ឡែក​ សម្រាប់​តួលេខ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋា​ភិបាល​អាណត្តិ​ទី​ ៧​ នេះ ​ដែល​រួម​មាន​នាយក​រដ្ឋ​មន្ត្រី ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​និង​រដ្ឋ​មន្ត្រី​ មាន​ចំនួន​ ៩០ ​នាក់។ ​ហើ​យ​ចំនួន​រដ្ឋ​លេខាធិការ​ និង​អនុ​រដ្ឋ​លេខាធិការ ​ដែល​ជា​តំណែង​នយោបាយ ​គឺ​មាន​ចំនួន​សរុប​ជាង​ ១៤០០ ​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG