អ៊ុយក្រែន​ត្រូវការ​ជំនួយ​មនុស្សធម៌​កាន់តែច្រើន​ជាងមុន ខណៈ​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរឡើង

  • Lisa Schlein

កុមារី​ម្នាក់​មក​ពី​អ៊ុយក្រែន​កំពុង​គេង​ក្នុង​តង់​នៅ​មជ្ឈមណ្ឌល​មនុស្សធម៌​សម្រាប់​ជនភៀសខ្លួន​នៅ​ព្រំប្រទល់​អ៊ុយក្រែន​ជាមួយ​ប្រទេស​ម៉ុលដាវី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

ការ​វាយ​ប្រហារ​របស់​រុស្សីទៅ​លើ​ប្រទេស​អ៊ុយក្រែន​ បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ ធ្លាក់ចូល​ទៅ​ក្នុង​ភាព​ច្របូកច្របល់​។ ទីភ្នាក់ងារ​ផ្តល់​ជំនួយ​នានា​ កំពុង​ស្វះ​ស្វែង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ស្ថានភាព​គ្រោះថ្នាក់​ និង​សេចក្តី​ត្រូវ​ការ​ចាំបាច់ជាអទិភាព​ ដើម្បីជួយដល់​មនុស្ស​រាប់លាន​នាក់​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អសន្តិសុខ​យ៉ាង​ខ្លាំងនេះ​។

តួលេខបឋម​នៃចំនួន​មនុស្ស​ស្លាប់​និង​របួស​កំពុង​កើនឡើង។​ គិតត្រឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា ខ្លួន​បាន​ទទួល​របាយការណ៍​ ស្តី​ពី​ជនស៊ីវិល​ដែល​ទទួល​រងគ្រោះ​មាន​ចំនួន​យ៉ាងហោចណាស់​ក៏​១២៧​នាក់​ដែរ​ ដែល​ក្នុងនោះ​២៥នាក់ បាន​ស្លាប់ និង​១០២​នាក់​ ​រងរបួស។​ ភាគច្រើន​នៃ​ជន​រងគ្រោះ​ទាំងនោះ​ត្រូវ​បាន​គេ​រាយការណ៍មក​ថា​ ស្ថិត​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ គឺ​តំបន់​ផ្តាច់​ខ្លួនDonetsk និង Luhanskដែល​ស្ថិតនៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន។ ​

​អ្នកស្រី Shabia Mantoo អ្នកនាំពាក្យរបស់ទី​ភ្នាក់ងារទទួល​បន្ទុក​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​ ឬ ​UNHCR​បាន​និយាយ​ថា មាន​ការ​ផ្លាស់ទីលំនៅ​និង​ចលនា​រើទីតាំង​ជា​ច្រើន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ និង​នៅ​តាម​បណ្តោយ​ព្រំដែន​ ចាប់តាំង​ពី​ការ​វាយលុយ​បាន​ចាប់​ផ្តើម​មក។

អ្នកស្រី Mantoo បាន​ថ្លែងថា៖ «មាន​មនុស្ស​ប្រមាណ​ជាង​១សែន​នាក់​ ដែលយើង​បាន​ប៉ាន់ស្មាន​ថា​ បាន​ចាកចេញពី​ទីលំនៅ​របស់​ពួក​គេ​ និង​ប្រហែល​ត្រូវបាន​ផ្លាស់ទីលំនៅ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។​ យើង​ក៏​បាន​ដឹង​ផង​ដែរថា មានមនុស្ស​ជា​ច្រើន​ពាន់​នាក់​ ដែល​បានឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​ផ្សេងៗក្នុង​តំបន់។ ហើយ​យើងទើប​ឃើញ​បញ្ហា​នេះ​កើត​មាន​ឡើង​ ចាប់​តាំង​ពីការ​ចាប់​ផ្តើម​នៃ​ស្ថានភាព​នេះមក»។

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា​ អាច​មានមនុស្ស​រហូត​ដល់​ប្រមាណ​៤លាន​នាក់​ ដែល​អាច​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ ប្រសិន​បើ​ស្ថានភាព​នេះ​កាន់​តែ​មាន​ភាព​តានតឹង​ឡើង​នោះ។

តំណាង​អង្គការ​សុខភាព​ពិភពលោកនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ លោក Jarno Habicht កំពុង​ធ្វើ​ដំណើរទៅក្រៅ​ប្រទេស នៅ​ពេល​ដែលរុស្សី​ចាប់​ផ្តើម​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នោះ។​ លោក​បាន​ជាប់​នៅ​ក្នុងប្រទេស​អេស្ប៉ាញ​ ដោយសារ​តែ​ដែន​អាកាស​អ៊ុយក្រែន ត្រូវ​បាន​បិទ​ សម្រាប់​យន្តហោះ​ស៊ីវិល។

លោក​ Jarno រស់​នៅ​ក្នុងរដ្ឋធានី​កៀវអស់​រយៈពេល​៣ឆ្នាំ​មក​ហើយ​ ហើយ​លោក​និយាយ​ថា​លោក​ព្រួយ​បារម្ភទៅ​លើ​សុវត្ថិភាព​ សុខភាព​ និង​ស្ថានភាពរបស់ពលរដ្ឋអ៊ុយក្រែននៅ​ទូទាំង​ប្រទេស។ ​

លោកបន្ថែម​ទៀត​ថា កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ បុគ្គលិក​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ នៅក្នុង​ប្រទេស​អ៊ុយក្រែន។​ លោក​ថា​ កិច្ចប្រឹង​ប្រែង​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នា​ពេល​ថ្មីៗនេះ​ នៃ​ជំងឺ​ស្វិតដៃជើង ហើយ​កំណែ​ទម្រង់ប្រព័ន្ធ​សុខាភិបាល កំពុង​មានសន្ទុះ​ទៅ​មុខ។​

លោក Jarno ថ្លែង​ក្នុង​សម្តី​ដើម​ថា​៖ «នៅ​ពេល​នេះ​អាទិភាព​របស់​យើង​បាន​ងាក​ទៅ​រក​ការ​ព្យាបាល​ជំងឺបាក់ស្បាត​ ដោយ​ធានា​នូវ​ការ​ទទួល​បាន​នូវ​សេវាថែទាំ​ ការ​បន្តថែរក្សា​សុខភាព​ សុខភាព​ផ្លូវ​ចិត្ត​ និង​ការ​គាំទ្រចិត្តសាស្ត្រ​សង្គម ប៉ុន្តែទន្ទឹម​នឹង​នេះ​ ក៏​នៅ​បន្ត​ដំណើរការគ្រប់កំណែ​ទម្រង់​ទាំង​អស់​ផង​ដែរ។​ ដូច​នេះ​ការ​ឆ្លើយតបខាង​មនុស្សធម៌ គឺ​ជាការងារ​សំខាន់​របស់​យើង​នៅ​ពេលនេះ​ ដែល​យើង​ចាំបាច់​ត្រូវ​ធានាផង​ដែរ​ថា​ សុខភាព​របស់​យើងនិង​ការ​ឆ្លើយតបខាង​មនុស្សធម៌​ ត្រូវ​ទទួល​បាន​ការ​ការពារ»។

ដើម្បីឆ្លើយ​តប​ទៅនឹង​វិបត្តិនេះ​ អង្គការ​សុខភាពពិភពលោក​ បាន​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​៣​លាន៥សែន​ដុល្លារ​អាមេរិក​ ពី​កញ្ចប់​ថវិកា​ក្នុង​គ្រាអាសន្ន​របស់​ខ្លួន​ ដើម្បី​ទិញ​និងផ្គត់ផ្គង់​គ្រឿងបរិក្ខាពេទ្យជា​បន្ទាន់។​

បន្ថែម​ពី​លើ​នេះ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោកAntonio Guterres ​បានបែងចែកថវិកា​ប្រមាណ​២០លានដុល្លារ​ ពី​មូលនីធិកណ្តាលដើម្បី​ឆ្លើយតបក្នុង​គ្រាអាសន្ន។

កាល​ពី​ដើម​ឆ្នាំ​នេះ​ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវសុំថវិកា​ជំនួយប្រមាណ​១៩០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ប្រមាណ​១លាន​៨សែន​នាក់នៅ​ក្នុងតំបន់​គ្រប់​គ្រង​ដោយរដ្ឋាភិបាលនិង​តំបន់​ដែល​មិនមែន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៅផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន៕​