ក្បួនរថយន្តកុងវ័រជំនួយមនុស្សធម៌ដែលគេត្រូវការចាំបាច់ដែលត្រូវបានរំពឹងពីមុនថានឹងចូលក្នុងតំបន់ហ្កាហ្សា (Gaza) ពីប្រទេសអេហ្ស៊ីបតាមច្រក Rafah នៅថ្ងៃសុក្រនេះ នៅពេលនេះត្រូវរំពឹងថានឹងពន្យារពេលយ៉ាងតិចណាស់មួយថ្ងៃ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយយោងដល់ការជួសជុលផ្លូវថាជាហេតុផលមួយសម្រាប់ការពន្យារពេលក្បួនកុងវ័រនេះ ដែលដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្ត្រ ស្បៀងអាហារ ទឹកនិងវត្ថុចាំបាច់ឯទៀតៗចូលក្នុងតំបន់ Gaza ដែលបានរងការទម្លាក់គ្រាប់បែកនិងការបាញ់ផ្តក់ពីកងកម្លាំងអ៊ីស្រាអែលអស់ជិតពីរសប្តាហ៍ ដែលឆ្លើយតបនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលពីពួកជនសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។
ការទម្លាក់គ្រាប់បែកនិងការបាញ់ផ្តក់ទាំងនេះបានបណ្តាលឱ្យអ្នកស្រុក Gaza រាប់សែននាក់គ្មានទីលំនៅហើយត្រូវការជំនួយ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើឱ្យមានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងអេហ្ស៊ីបដើម្បីអនុញ្ញាតឱ្យជំនួយខ្លះបានចូលក្នុងតំបន់ Gaza នៅក្នុងទស្សនកិច្ចរបស់លោកនៅអ៊ីស្រាអែលក្នុងសប្តាហ៍នេះ។
នៅពេលជាមួយគ្នានេះ អ៊ីស្រាអែលកំពុងគ្រោងជម្លៀសក្រុង Kiryat Shmona នាប៉ែកខាងជើងប្រទេស។ អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា ប្រជាជនក្នុងក្រុងនេះនឹងត្រូវដាក់ក្នុងផ្ទះសំណាក់របស់រដ្ឋ។ ក្រុងខាងជើងនេះស្ថិតនៅជិតព្រំដែនអ៊ីស្រាអែលជាមួយប្រទេសលីបង់ហើយបានរងការបាញ់រ៉ុក្កែតនិងមីស៊ីលជាច្រើនដងពីក្រុមប៉ាឡេស្ទីនផ្សេងៗ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយប្រាប់ទាហានរាប់សែននាក់ឱ្យប្រុងប្រៀបសម្រាប់លុកលុយតំបន់ Gaza។
លោក Gallant បានជួបជាមួយក្រុមទាហានជើងគោកនៅតាមព្រំដែន Gaza ដោយលោកបានប្រាប់កងកម្លាំងទាំងនេះ«ឱ្យមានការរៀបចំ មានការប្រុងប្រៀប» តែលោកមិនបានថ្លែងនៅពេលណានឹងមានបញ្ជាឱ្យធ្វើការលុកលុយទេ។
លោកបាននិយាយថា៖ «ជនទាំងឡាយណាដែលបានឃើញ Gaza ពីចម្ងាយ នៅពេលនេះនឹងឃើញតំបន់នេះពីខាងក្នុងហើយ ខ្ញុំសន្យាដូច្នេះជាមួយលោកអ្នក»។
អ៊ីស្រាអែលបានប្រមូលទាហាន៣សែននាក់ឬច្រើនជាងនេះនៅតាមព្រំដែននៅក្រោយការវាយប្រហាររបស់ពួកហាម៉ាស់ឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល ដែលនាំឱ្យមនុស្ស១.៤០០នាក់ត្រូវបានសម្លាប់ ដោយភាគច្រើនជាជនស៊ីវីល។
ការលុកលុយជិតមានធ្វើនេះ កើតមានឡើងខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីបង្ហាញការគាំទ្ររបស់លោកខាងលិចដល់សង្គ្រាមប្រឆាំងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់៕