ការតវ៉ាប្រឆាំងបានផ្ទុះឡើងកាលពីថ្ងៃពុធនៅទូទាំងតំបន់មជ្ឈឹមបូព៌ាប្រឆាំងនឹងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការផ្ទុះមួយបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ហ្កាហ្សាដែលជាឧបទ្ទវហេតុដ៏ប្រល័យបំផុតមួយនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
កងទ័ពអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីន២នាក់នៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank ក្នុងអំឡុងបាតុកម្មប្រឆាំងការផ្ទុះកាលពីយប់ថ្ងៃអង្គារនៅជិតមន្ទីរពេទ្យហ្កាហ្សា។ នេះបើតាមក្រុមមន្ត្រីប៉ាឡេស្ទីន។
បណ្តាញផ្សព្វផ្សាយលីបង់ al-Jadeed បានបង្ហាញកងកម្លាំងសន្តិសុខនៅក្នុងប្រទេសលីបង់ បាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹកដាក់ពួកបាតុករដែលបានគប់របស់របរក្នុងអំឡុងនៃការតវ៉ាប្រឆាំងហិង្សាមួយនៅជិតស្ថានទូតសហរដ្ឋអាមេរិកនៅភាគខាងជើងទីក្រុងBeirut ។
ពួកមន្ត្រីប៉ាឡេស្ទីនបានស្តីបន្ទោសការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យនោះ ខណៈដែលអ៊ីស្រាអែលនិយាយថាការផ្ទុះនោះបណ្តាលមកពីការបាញ់គ្រាប់រ៉ុក្កែតមិនបានជោគជ័យដោយក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមប៉ាឡេស្ទីនដែលបានបដិសេធការស្តីបន្ទោសនេះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters