របាយការណ៍ថ្មីមួយរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិគឺអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានភ្ជាប់ឥស្សរជនយោធាកម្ពុជាជាន់ខ្ពស់បំផុតពីររូប ដែលកំពុងប្រកួតប្រជែងយកកៅអីសភានៅក្នុងការបោះឆ្នោតសភាខាងមុខនេះ ទៅនឹងឃាតកម្ម ការធ្វើទារុណកម្ម ការរំលោភនានា ការចាប់ពង្រត់ និងការដណ្តើមដីធ្លី។
របាយការណ៍ដែលមានចំណងជើងថា «មនុស្សទុច្ចរិត១២នាក់របស់កម្ពុជា» បានឲ្យដឹងថាមានមន្ត្រីយោធា និងនគរបាលសរុបតាំងពីមុនមក១២រូប បានបង្កើតនូវអ្វីដែលហៅថា «បែបផែននៃកងអង្គរក្សស្ម័គ្រស្លាប់» ឬមានភក្តីភាពចំពោះ និងសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
នៅក្រោយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីបង្កកទ្រព្យសម្បត្តិលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៃកងអង្គរក្សរបស់លោក ហ៊ុន សែន អង្គការឃ្លាំមើលសិទ្ធិមនុស្សសង្ឃឹមថា របាយការណ៍ខ្លួននឹងកា្លយជាបញ្ជីនៃបេក្ខជនសម្រាប់ការទទួលទណ្ឌកម្មបន្ថែម បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស និយាយថា វាមិនអាចយកជាការបានរួចទៅហើយនោះ។
អតីតមេដឹកនាំកំពូលកងយុទ្ធពលខេមរភូមិន្ទ លោក ប៉ុល សារឿន និងអតីតមន្ត្រីក្រោមបង្គាប់លោក ប៉ុល សារឿន គឺលោក គន់ គីម ដែលអ្នកទាំងពីរបានលាលែងពីកងទ័ពដើម្បីឈរឈ្មោះបោះឆ្នោតសភា គឺស្ថិតក្នុងចំណោមបុគ្គលគោលដៅកំពូលៗនោះ។
ចំណែកលោក សៅ សុខា ដែលបានបញ្ជាក់ការពេញចិត្តជាសាធារណៈរបស់លោកចំពោះអតីតមេដឹកនាំអាល្លឺម៉ង់ Adolf Hitler ឬអ៊ីត្លែ ហើយនិងជាអ្នកជំនួសបណ្តោះអាសន្ននៃតួនាទីរបស់លោកប៉ុល សារឿន ក៏ស្ថិតក្នុងក្រុម ដែលអ្នកនិពន្ធរបាយការណ៍នះ លើកឡើងថា បានបង្កើតឲ្យមានអំពើឃោរឃៅជាប្រព័ន្ធ ដើម្បីកម្ទេចគូបដិបក្ខខាងនយោបាយរបស់លោកហ៊ុន សែន តាមរយៈការងាររបស់ពួកគេ។
«បុរស១២នាក់នេះ គឺជាឆ្អឹងខ្នងនៃរបបគាបសង្កត់សិទ្ធិបុគ្គល និងរំលោភបំពាន ដែលកំពុងកើតជារបបផ្តាច់ការកាន់តែខ្លាំងឡើង ស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន»។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ។
របាយការណ៍បានចោទប្រកាន់ថា ពួកគេបានកាន់តួនាទីនាំមុខនៅក្នុងរាល់ទម្រង់ធំៗនៃអំពើហិង្សាខាងនយោបាយ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ។ ក្នុងនោះ មានយុទ្ធនាការបោះឆ្នោតកាប់សម្លាប់ក្នុងឆ្នាំ១៩៩៣ ការវាយប្រហារដោយគ្រាប់បែកដៃនៅឆ្នាំ១៩៩៧ លើការប្រមូលផ្តុំរបស់ក្រុមជំទាស់ និងការវាយយកអំណាចយោធាយ៉ាងហិង្សារបស់លោក ហ៊ុន សែននាពេលក្រោយមកទៀត នៅក្នុងឆ្នាំនោះ និងការសម្លាប់ខាងនយោបាយជាច្រើនដែលបានកើតឡើង ជាបន្តបន្ទាប់មក។
យ៉ាងណាមិញ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សភ្លាមៗនាថ្ងៃព្រហស្បតិ៍នេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលចេញផ្សាយថ្ងៃនេះ បានលើកឡើងថា របាយការណ៍នោះ គឺជាការវាយប្រហារដោយគ្មានមូលដ្ឋានមកលើមេដឹកនាំជាន់ខ្ពស់កម្ពុជា ហើយបន្ថែមនូវភស្តុតាងនៃការឃុបឃិតប្រព្រឹត្តអំពើទុច្ចរិតរបស់បរទេសដើម្បីញុះញង់ឲ្យមាន «បដិវត្តន៍ពណ៌» នៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានសរសេរថា៖«ការប្រឌិតរបាយការណ៍បែបឆ្កួតលីលា របស់ក្រុមនេះ គឺជាការរំលោភបំពានម្តងហើយ ម្តងទៀត មកលើអធិបតេយ្យភាព ឯករាជ្យភាព និងនីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើនយោបាយទុច្ចរិត របស់ជនបរទេសមួយចំនួន និងអ្នកនយោបាយក្បត់ជាតិ ដែលបានប៉ុនប៉ង បង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញ ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ហើយបើទោះបីជា ផែនការបដិវត្តន៍ពណ៌នេះ បានបរាជ័យ រហូតដល់មានការចាប់មេខ្លោងរួចហើយក៏ដោយ ក៏ក្រុមនេះខ្លះ នៅមិនទាន់បោះបង់ចោលគំនិត បំផ្លិចបំផ្លាញជាតិកម្ពុជា នៅឡើយទេ»។
នៅក្នុងខែកញ្ញា ឆ្នាំមុននេះ លោក កឹម សុខាមេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ត្រូវបានចាប់ខ្លួន នៅមុនគណបក្សលោក ដែលជាបក្សប្រជែងគួរឲ្យជឿជាក់បាន ត្រូវបានរំលាយនៅខែវិច្ឆិកា ដោយផ្អែកលើហេតុផលថា គណបក្សនេះ កំពុងរៀបចំ «បដិវត្តន៍ពណ៌មួយ» ដូចអ្វីៗដែលបានបក់បោកនៅមជ្ឈឹមបូព៌ាកាលពីពេលកន្លងនេះ។
ការចោទប្រកាន់នេះ ត្រូវបានចំអកដោយក្រុមអ្នកសង្កេតកាណ៍ក៏ប៉ុន្តែខាងយោធា បានប្រុងប្រៀបខ្លួននៅពីក្រោយរឿងនេះ ដោយបានប្តេជ្ញាវាយបំបែកចោល ក្រុមណាដែលទទួលខុសត្រូវ ហើយនៅពេលខ្លះបានប្រើភាសាគួរឱ្យបារម្ភនិងខ្លាចពីអតីត ដូចជា «កម្ទេច» និង «ដកចេញ»។
VOA មិនទាន់អាចសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន អតីតអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ ដែលកំពុងជំនួសលោក ប៉ុល សារឿន ជាអគ្គមេបញ្ជាការស្តីទីនៃកងទ័ពកម្ពុជាបានទេនៅថ្ងៃព្រហស្បតិ៍នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោករវល់។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យនគរបាលជាតិនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ បានផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា កំណែទម្រង់បែបប្រជាធិបតេយ្យមិនអាចទៅរួចនោះទេ ដោយការមានឥស្សរជនរដ្ឋផ្នែកសន្តិសុខដែលមានអំណាច និងពោរពេញដោយហិង្សាបែបនេះ ស្ថិតក្នុងស្ថាប័នស្នូលសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
ក៏ប៉ុន្តែនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមេដឹកនាំយោធា ប៉ូលិស និងកងរាជអាវុធ មិនបានប្រព្រឹត្តទង្វើបំពានសិទ្ធិមនុស្សនោះទេ ហើយអ្វីដែលឥស្សរជនទាំងនោះបានបំពេញនោះ គឺកិច្ចការពារប្រជាធិបតេយ្យនៅកម្ពុជា។
«អ្វីដែលគាត់អនុវត្តតាម គឺដើម្បីបម្រើឲ្យរបបប្រជាធិបតេយ្យសេរីពហុបក្ស អ៊ីចឹងអ្វីដែលគាត់អនុវត្តហ្នឹង ខ្ញុំគិតថា ជាតួនាទីដែលគាត់ត្រូវអនុវត្ត ដោយឡែកការលើកឡើងអំពីការរំលោភសិទ្ធិមនុស្ស រំលោភអីហ្នឹង។ នេះជាអំពើមួយដែលមិនអាចទទួលយកបានទេ»។
លោក ឈុំ សុជាតិ បានថ្លែងបន្តថា លោកមិនដឹងថា សហរដ្ឋអាមេរិកនឹងមានជំហរបែបណា ក្នុងបញ្ហាបន្ថែមទណ្ឌកម្មលើកងកម្លាំងប្រដាប់អាវុធកម្ពុជានោះទេ តែលោកថា យោធាកម្ពុជា មិនគាំទ្រដាច់ខាតការប៉ុនប៉ង ដាក់ទណ្ឌកម្មមិនសមហេតុផលនោះ។
«រឿងទណ្ឌកម្ម ទណកម្ម យើងមិនអាចដឹងទេ អាហ្នឹងគឺរឿងអាមេរិកាំង ប៉ុន្តែយើងមិន មិន មិនគាំទ្រទេ អំពើហ្នឹង យើងប្រឆាំងដាច់ខាតហើយ»។
ក្រុមឥស្សរជនទាំង១២រូបនេះ គឺជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពជា ដែលជាអង្គភាពផ្លូវការក្នុងការតាក់តែងគោលនយោបាយកំពូលរបស់បក្ស។
ក្នុងក្រុមឥស្សរជនទាំង១២ រូបនេះ ក៏មានអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍នេត សាវឿន និងលោកជួន សុវណ្ណ ដែលស្ថិតក្រោមបញ្ជាលោកនេត សាវឿន។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏ជាស្នងការប៉ូលីសក្រុងភ្នំពេញ។ ឥស្សរជនមួយរូបទៀត គឺនាយឧត្តមសេនីយ៍ម៉ក់ ជីតូ ដែលកាន់តំណែងនៅក្រោមលោកនេត សាវឿន និងលោកសុខ ផល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក Phil Robertson នាយករងអង្គការមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ថ្លែងថា របាយការណ៍បានធ្វើឡើង ដោយមានបំណងបង្ហាញឲ្យច្បាស់នូវឥស្សរជនយោធា និងប៉ូលីសបែបនេះ មានលទ្ធភាពរារាំងការជំទាស់ណាមួយ នាំទៅរកការដួលរលំលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានថ្លែងថា៖ «អ្នកដឹងហើយរាល់និយាយរបៀបនេះ ថា នេះជារបបផ្តាច់ការ តែហេតុអី បានជាប្រជាជនមិនអាចក្រោកជំទាស់បាន»។
លោកបានបន្ថែមក្នុងន័យដើមថា៖
«បញ្ហាគឺថា លោកហ៊ុន សែន មានយោធា ដែលបានត្រៀមខ្លួនជាស្រេច ដើម្បីបាញ់ប្រហារ ប្រសិនបើពួកគេតម្រូវឲ្យធ្វើនោះ ហើយពួកគេបានធ្វើរឿងនោះ កាលពីកន្លងមក នៅកន្លែងមានការតវ៉ា ការតវ៉ាដោយសន្តិវិធី នៅកន្លែងដែលទាហានថ្មើរជើងបានឆ្លើយតបនឹងការបាញ់គ្រាប់ពិត»។
យ៉ាងណាក៏ដោយចុះ អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនោះគឺពុំមានវត្តមាននាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះទេ។ លោកហ៊ីង ប៊ុនហៀង ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មរួចមកហើយនៅខែនេះ សម្រាប់ប្រវត្តិដែលរងការចោទប្រកាន់របស់លោកនៃការរំលោភបំពានសិទ្ធិមនុស្ស។ ទ្រព្យសម្បត្តិរបស់លោកហ៊ីង ប៊ុនហៀងនៅអាមេរិកត្រូវបានបង្កកទុក ហើយគ្រឹះស្ថាននានារបស់អាមេរិកត្រូវបានហាមឃាត់មិនឲ្យរកស៊ីជាមួយមេកងអង្គរក្សរូបនេះ ផ្អែកលើច្បាប់សិទ្ធិមនុស្ស Global Magnitsky រហូតទាល់តែលោកហ៊ុន សែន ចាត់វិធានការសា្តរឡើងវិញនូវការថយចុះនៃប្រជាធិបតេយ្យរបស់ប្រទេស។
លោក Robertson បាននិយាយថា ការលុបចោលលោកហ៊ីង ប៊ុនហៀងចេញពីរបាយការណ៍ គឺមិនមែនដោយសារតែគាត់ ត្រូវបានគេដាក់ទណ្ឌហើយនោះទេ ប៉ុន្តែគឺដោយសារថា របាយ ការណ៍នេះផ្តោតតែទៅលើ មេដឹកនាំកងយុទ្ធពលខេមរភូមិន្ទ និងនគរបាលប៉ុណ្ណោះ៕