នៅក្នុងសេចក្តីសង្ខេបនៃរបាយការណ៍របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តការស៊ើបអង្កេតទៅលើការវាយដំសមាជិកគណបក្សប្រឆាំងគឺលោក ញ៉យ ចំរើន និងលោកគង់ សភា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជាវាយដំ ទាត់ធាក់។
របាយការណ៍នេះបានសរសេរថា៖
«ត្រូវធ្វើឲ្យប្រាកដថា មានការដាក់ទោសទៅលើអ្នកដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធក្នុងការធ្វើផែនការ ការរៀបចំគម្រោង ការអនុវត្ត ការផ្តល់សមត្ថកិច្ច ឬរំខានដល់ការស៊ើបអង្កេតការវាយប្រហារកាលពីថ្ងៃទី២៦ខែតុលា ទោះបីជាអ្នកទាំងនោះមានឋានៈ ឬមុខងារជាអ្វីក៏ដោយ»។
សមាជិកគណបក្សប្រឆាំងគឺលោក ញ៉យ ចំរើន និងលោក គង់ សភាត្រូវបានវាយដំយ៉ាងដំណំដោយក្រុមអ្នកតវ៉ាប្រឆាំងគណបក្សនេះ កាលពីខែតុលាឆ្នាំមុន នៅក្បែរអគាររដ្ឋសភាជាតិ។ តំណាងរាស្ត្រទាំងពីរត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅប្រទេសថៃ បន្ទាប់ពីការវាយប្រហារនោះ។ ក្រដាសត្រចៀកខាងស្តាំរបស់លោកសុភានៅមានសភាពធ្ងន់ធ្ងរនៅឡើយ។ រីឯក-ដៃស្តាំរបស់លោកញ៉យ ចំរើន បានបាក់។ លោកញ៉យ ចំរើន និយាយថា លោកបាក់ធ្មេញដោយសារការវាយប្រហារនោះ។
របាយការណ៍នេះបានបង្ហាញថា រដ្ឋាភិបាលលោកហ៊ុន សែនគឺជាអ្នកនៅក្រោយការវាយប្រហារនេះ។
របាយការណ៍នោះបានសរសេរថា៖
«យើងបានរកឃើញព័ត៌មានទាក់ទងនឹងកម្លាំងអង្គរក្សរបស់លោកហ៊ុន សែន ដោយរួមមានប្រភពរបស់ពួកគេ ព្រឹត្តិការណ៍ និងកន្លែងឈរជើងរបស់ពួកគេនាពេលបច្ចុប្បន្ន ស្ថាប័ន និងខ្សែសង្វាក់បញ្ជា ដែលចប់នៅត្រឹមលោកនាយករដ្ឋមន្ត្រីលោកហ៊ុន សែន»។
របាយការណ៍នេះបានបន្តថា៖
«អង្គភាពអង្គរក្សនេះមានឈ្មោះអាក្រក់យូរហើយខាងការរំលោភសិទ្ធិមនុស្ស ដូចជាការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ លើការប្រមូលផ្តុំគ្នាដឹកនាំដោយលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។ ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ និងរបួសជាង១៥០នាក់»។
ក្រោយពីការវាយប្រហារតំណាងរាស្ត្រនោះ និងក្រោយពីវីដេអូអំពីការវាយប្រហារនោះត្រូវផ្សព្វផ្សាយយ៉ាងច្រើនតាមអ៊ីនធឺណិតនោះ បុរសបីនាក់បានសារភាពអំពីឧក្រិដ្ឋកម្មនេះ។
លោកសុភាមានប្រសាសន៍ថា លោកនឹងមានភាពសប្បាយរីករាយ ប្រសិនបើអ្នកដែលវាយដំទៅលើរូបលោក ដោយរួមទាំងមេខ្លោងផងនោះ ត្រូវបានគេវែកមុខ។ លោកបានបន្ថែមថា លោកចង់ឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតបញ្ហានេះដោយមានការសហការជាមួយអង្គការសហប្រជាជាតិ។
លោកមានប្រសាសន៍ថា៖
«ប្រជាពលរដ្ឋធម្មតា គាត់អត់ហ៊ានវាយអ្នកតំណាងរាស្ត្រទេ តែច្បាស់ជាមានអ្នកមានអំណាចបញ្ជាពីក្រោយខ្នងដើម្បីឲ្យវ៉ៃហើយបាទ»។
លោកនិយាយថា ត្រូវមានការស៊ើបអង្កេតបន្ត និងត្រូវមានការនាំខ្លួនជនល្មើសពិតប្រាកដមកកាត់ទោស ទើបមានយុត្តិធម៌សម្រាប់លោក។
លោកបានបន្ថែមថា៖
«ខ្ញុំនៅតែមិនមានជំនឿលើរដ្ឋាភិបាលដដែល។ ប៉ុន្តែបើគាត់មានឆន្ទៈពិតប្រាកដដើម្បីស៊ើបអង្កេតរកជនដៃដល់និងសហការជាមួយអង្គការសិទ្ធិមនុស្សនិងអង្គការ [OHCHR]ហ្នឹងគឺល្អបាទ»។
អង្គការសិទ្ធិមនុស្សបានស្នើឲ្យរដ្ឋាភិបាលរកជំនួយពីអង្គការសហប្រជាជាតិដើម្បីជួយ និងធានាថា ការស៊ើបអង្កេតប្រព្រឹត្តទៅដោយឯករាជ្យ មិនលម្អៀង និងអាចជឿទុកចិត្តបាន។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កម្ពុជាមិនអាចអនុញ្ញាតឲ្យអង្គការសហប្រជាជាតិលូកចូលក្នុងកិច្ចការស៊ើបអង្កេតរបស់រដ្ឋាភិបាលកម្ពុជាណាមួយនោះទេ ព្រោះការលូកចូលរបស់អង្គការនេះក្នុងការស៊ើបអង្កេតណាមួយនោះមានន័យថា កម្ពុជាជាប្រទេសដែលមិនមានអធិបតេយ្យភាព។
«ទោះជាយ៉ាងណាក៏ដោយយើងមិនបដិសេធទេចំពោះការសហការ ប៉ុន្តែចំពោះការស៊ើបអង្កេត វាមិនដែលមានប្រទេសណាធ្វើអ្វីឲ្យ UN ចូលរួមនោះទេ»។
អង្គការសិទ្ធិមនុស្ស Human rights Watch ក៏បានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយឲ្យកម្ពុជាគាបសង្កត់ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់កងកម្លាំងសន្តិសុខរបស់ខ្លួន និងជំរុញឲ្យប្រព័ន្ធតុលាការឯករាជ្យ និងគាបសង្កត់ឲ្យប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែលអនុម័តកាលពីឆ្នាំ១៩៩៣ ហើយបញ្ចប់ការត្រួតត្រារបស់ក្រសួងយុត្តិធម៌លើប្រព័ន្ធតុលាការ៕