អង្គការ​​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ការ​បង្កើន​អំណាច​យោធា​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ

ទាហាន​ថៃ​ដើរ​ល្បាត​ បន្ទាប់​ពី​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ជើង​ការពារ​វិមាន​ជ័យ​ជម្នះ​ ក្នុង​ក្រុង​បាងកក ប្រទេស​ងៃ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤។

ប្រទេស​ថៃ​បាន​ពង្រីក​អំណាច​យោធា​របស់​ខ្លួន​ ដោយ​បន្ថែមកម្លាំង​យោធា​នៅ​ក្នុង​ការ​ឃ្លាំ​មើល​អំពើ​ឧក្រិដ្ឋកម្ម។ ការ​ពង្រីក​អំណាច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​នានា​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​សកម្មជន​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​បំពាន​នានា​ដោយ​យោង​ទៅ​តាម​ច្បាប់។

បទ​បញ្ជា​ថ្មី​មួយ​ដែល​បាន​ចេញ​ក្នុង​សប្តាហ៍​នេះ អនុញ្ញាត​ឲ្យ​មន្រ្តី​យោធា​ទាំងអស់​ដើរ​តួនាទី​ជា​មន្រ្តី​ចុះ​បង្រ្កាប ដើម្បី​ធ្វើ​ការ​ស្វែងរក រឹបអូស​ទ្រព្យសម្បតិ្ត ផ្អាក​ការ​ផ្ទេរ​ប្រាក់ និង​រារាំង​ជន​សង្ស័យ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស​នោះ​ទេ។

សកម្មភាព​ឧក្រិដ្ឋកម្ម​ជាង​២០​ស្ថិត​ក្រោម​បទបញ្ជា​នេះ ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង ការ​ជួញដូរ​មនុស្ស ការ​ក្លែង​បន្លំ ការ​បរិហាកេរ្តិ៍ ការ​លេង​ល្បែង​ស៊ីសង ការ​ធ្វើ​អន្តោប្រវេសន៍ ពេស្យាចារ ពន្ធ​គយ ការ​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​ដ៏​ខ្ពស់ និង​បទល្មើស​ប្រដាប់​អាវុធ​នានា។​

លោក​ឧបនាយក​រដ្ឋ​មន្រ្តី Prawit Wongsuwan ​បាន​ការពារ​អំណាច​ពិសេស​នេះ ដោយ​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​ការមន្រ្តី​យោធា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ខ្វះខាត​មន្រ្តី​ប៉ូលិស​នៅ​ក្នុង​ប្រទេស។

ប្រភព​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​បាន​ថ្លែង​មក​កាន់ VOA ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា មនុស្ស​ដែល​មាន​ឥទ្ធិពល​ជារឿយៗ​ត្រូវ​បាន​ព្រមាន​ដោយ​ប៉ូលិស​ក្នុង​តំបន់​ មុន​ពេល​មន្រ្តី​ស៊ើបអង្កេត​អាច​ធ្វើ​ការ​ចាប់​ខ្លួន​បាន។ ប្រភព​ព័ត៌មាន​ទាំងនោះ​ក៏​បាន​លើកឡើង​ពី​ទំនាក់ទំនង​រវាង​បុគ្គល​ដែល​មាន​ឥទ្ធិពល​ និង​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​ជាមួយ​នឹង​ប៉ូលិស និង​អ្នក​នយោបាយនៅ​ក្នុង​ប្រទេស​ផង​ដែរ៕