មន្ត្រីសិទ្ធិមនុស្ស៖ ការព្រមាន​របស់​សមត្ថកិច្ច​ប្តឹង​សកម្មជន​លោក នី ណាក់ ជា​ទម្រង់​នៃ​ការរឹតត្បិត​សិទ្ធិ​ជាមូលដ្ឋាន

លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ ចាត់​ទុក​ថា​ ​ការ​ព្រមាន​របស់​សមត្ថ​កិច្ច​ប្តឹង​លោក ​នី ណាក់ ​ពាក់ព័​ន្ធ​ជាមួយ​ការ​ថ្លែង​របស់​សកម្មជន​សង្គម​រូប​នោះដែលថា​ សមត្ថ​កិច្ច​បាន​យកគ្រឿង​ញៀន​ក្លែង​ក្លាយ​មក​ដុត​បំផ្លាញ​ចោល​នោះ​គឺ​ជា​ទម្រង់​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​ដែល​ជា​ធាតុ​សំខាន់​មួយ​នៃ​ការ​អនុវត្ត​របបប្រជា​ធិបតេយ្យ។

កាល​ពី​ចុងឆ្នាំ​២០២២​ លោក​ នី ណាក់​ បាន​សរសេរ​សា​រមួយ​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​លោក​ថា​ សមត្ថកិច្ច​បាន​យកសារធាតុ​ផ្សេងៗ​មក​ដុត​បន្លំ​ថា​ជា​សារធាតុញៀន។ ​ក្រោយ​ការ​បង្ហោះ​របស់​លោក​ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​លោក នី ណាក់ ​ឲ្យ​ចេញ​មក​សុំ​ទោស​ជាសាធារណៈ​ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំពី​មហាជន។​ ប៉ុន្តែ​លោក​ នី​ ណាក់ ​បាន​បដិសេធ​ចំពោះការ​ស្នើ​សុំ​នោះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ​ចក់ សុភាព ​កត់​សម្គាល់​ថា​ បុគ្គល​សាធារណៈ​ក៏​ដូច​ជា​ស្ថាប័នរដ្ឋ​ជា​កម្មវត្ថុ​នៃ​ការ​រិះ​គន់​ពី​សាធារណជន។​ ដូច្នេះ​អ្នកស្រី​ថា​ ការ​ប្តឹងផ្តល់​ ឬ​ក៏​ចំណាត់​ការ​ផ្សេងៗ​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឡើយ​ ដោយ​សារ​តែ​វា​ជា​ការ​បញ្ចេញ​មតិ។​

នាយិការូប​នេះ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា៖ ​«ស្ថាប័ន​រដ្ឋ​ ឬក៏​អាជ្ញាធរ​ពាក់ព័ន្ធ​ហ្នឹង​ ក្នុង​នាម​ជា​បុគ្គល​សា​ធារណៈ ​គួរ​តែ​មាន​ការ​អត់​ឱន​ខ្ពស់ ​ហើយ​ជំនួស​ឲ្យ​ការណ៍​ដែល​ធ្វើការ​ចោទ ប្រកាន់​ ឬក៏​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ដើម្បី​ប្តឹង​តប​មក​ពលរដ្ឋ​ហ្នឹង​ ស្ថាប័ន​ទាំង​អស់​ហ្នឹងគួរ​តែ​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ឆ្លើយ​តប​នឹង​ការ​រិះគន់»។

អ្នកស្រី​ ចក់ សុភាព ​លើក​ឡើង​ទៀត​ថា​ ការ​ប្តឹង​ផ្តល់​មក​លើ​ប្រជាពល​រដ្ឋ​មិន​ផ្តល់​ផល​ចំណេញ​អ្វី​នោះ​ឡើយ ​ ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​ថា ​អាជ្ញាធរ​រឹត​ត្បិត​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​ អ្នកស្រី​បន្ថែម​ថា​ ​លោក​នី ណាក់​ជាមុខ​សញ្ញា​នៃ​ការ​តាមដាន​ ក្រោម​ហេតុផល​ថា​លោក​ធ្លាប់​ជាប់​ពន្ធនាគារ។ ​ដូច្នេះ​អ្នកស្រី​ថា​ អាជ្ញាធរ​មិន​គួរ​ដៅ​មុខ​សញ្ញា​ចំពោះ​ពលរដ្ឋ​ណា​ម្នាក់​ ​ពីព្រោះ​តែ​និន្នាការ​នយោបាយ ​និង​ភាព​សកម្ម​នៅ​ក្នុង​សង្គម​ឡើយ។​

ទោះ​ជា​យ៉ាង​ណាក្តី ​នាយិកា​រូប​នេះ​អះអាង​ថា​ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​មិន​មែន​ជា​សិទ្ធិ​ផ្តាច់​មុខ​របស់​បុគ្គល​ណា​ម្នាក់​នោះឡើយ​ ដែល​វា​តម្រូវ​ឲ្យអ្នក​បញ្ចេញ​មតិ​ត្រូវ​តែ​ស្វែង​យល់​ពី​ការ​ទទួលខុសត្រូវ​រប​ស់​ខ្លួន​ផង​ដែរ។​

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ យល់​ថា​ ក្រោយ​ចាកចេញ​ពី​ពន្ធនាគារ​ លោក​នី ណាក់​បាន​ធ្វើសកម្ម​ច្រើន​នៅ​ក្នុង​កិច្ច​ការងារ​សង្គម​ ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​តស៊ូ​មតិ។ ​លោក​បន្ថែម​ថា ​ភាព​សកម្ម​ក្នុង​កិច្ចការ​សង្គម​របស់​សកម្ម​ជន​រូប​នេះ​ ទំនង​ជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ត្រៀម​ចាត់​វិ​ធាន​ការ​ផ្លូវ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

បើ​តាម​លោក ​អំ សំអាត ​អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ចាត់​វិធា​ន​ការ​ និង​បែងចែក​ឲ្យ​ច្បាស់​រវាង​សេរី​ភាព​នៃ​ការ​បញ្ចេ​ញ​មតិ ​និង​បទ​ល្មើស​ និង​ថា ​ ​បើ​សិន​ជា​អាជ្ញាធរ​រឹត​ត្បិត​ទៅ​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នោះ​ ​ នោះ​ដំ​ណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​អះ​អាង​ថា​ ការ​រិះ​គន់របស់​ប្រជា​ពលរដ្ឋ​ដើម្បី​ស្ថាបនា​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ភាព​ឆក​ល្វែង​របស់​រដ្ឋាភិបាល។​

លោកថ្លែង​ថា៖​ «ការ​រិះគន់​ដើម្បី​ធ្វើការ​កែ​លម្អ ​ធ្វើ​ការ​ស្ថាបនា​ រិះ​គន់​នូវ​ចំណុច​ខ្វះ​ខាត​ដែល​អាជ្ញាធរ​មិន​ទាន់​មាន​ការ​បំពេញ​ អា​ហ្នឹង​ជា​រឿង​សំខាន់​ណាស់​នៅ​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដើម្បី​ឲ្យ​អាជ្ញាធរ​ឬ​ក៏​រដ្ឋាភិបាល​លោក​ពិនិត្យ​មើល​ថា​ តើ​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​អ្វី​ដែល​មិន​ទាន់​បាន​សម្រេច​មួយ​រយ​ភាគ​រយ ​និង​មាន​ការ​ខ្វះ​ច​ន្លោះ»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​នី ណាក់​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ សកម្ម​ជន​រូប​នោះ​ត្រូវ​គេ​ដឹង​ថា​ កំពុង​ដង្ហែ​ក្បួន​ធម្មយាត្រា​ជា​មួយ​មេ​ដឹកនាំ​សហជីព​លោក​រ៉ុង​ ឈុន​ និង​សកម្ម​ជន​ឯ​ទៀត​ពី​ភ្នំពេញ​ទៅ​បូជនីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​លោក​ឧកញ៉ា​ឃ្លាំង មឿង​នៅ​ខេត្ត​ពោធិ៍សាត់​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម។​

អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរបា​ល​ជាតិ​ លោក ​ឆាយ គឹមខឿន​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​បញ្ចេញ​មតិ​របស់​លោក​នី ណាក់​ជា​សិទ្ធិ​សេរី​ភាព​របស់​គាត់​ តែ​ថា​ គាត់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ការ​ប្រើប្រាស់​ពាក្យ​សម្តីដែល​អាច​បង្ក​ជា​បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់។​

លោក​បញ្ជាក់ថា៖​ «យើង​ខ្ញុំ​កំពុង​តែ​ពិចារណា​ហើយ​ ក៏​ប៉ុន្តែ​មិនមែន​ចាត់​ទុក​គាត់​ថា​ ជា​ដៃគូ​ប្រកួត​អី​ទេ។ ​ប៉ុន្តែ​យើង​កំពុង​តែ​ពិចារណា​ទៅ​លើ​បញ្ហា​ផ្លូវ​ច្បាប់​ និង​ឥទ្ធិពល​នៃ​សកម្មភាព ​ឬ​ការ​ផ្សព្វ​ផ្សាយ​របស់​គាត់ ​ការ​បញ្ចេញ​មតិ​របស់​គាត់។​ តើ​វា​អាច​ជះ​ឥទ្ធិពល​ដល់​បរិយាកាស​ទូទៅ​របស់​សង្គម ​ដល់​បរិយាកាស​សន្តិសុខ​ ឬ​ក៏​ប៉ះ​ពាល់​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់ទៀត​ដែរ​អត់?»។​

លោក​ នី ណាក់ ​អាយុ​៤២​ឆ្នាំ​ ម្ចាស់​គណនី​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ IMan-KH ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​ ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ​អះអាង​ថា​ តែង​តែ​រិះគន់​ជា​ញឹក​ញាប់​ ដោយ​មិន​សំចៃ​មាត់​អំពី​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​បញ្ហា​អវិជ្ជមាន​ដែល​កើត​ឡើង​ក្នុងសង្គម។

លោក​ធ្លាប់​ជាប់ពន្ធនាគារ​១៨​ខែ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ពី​បទ​«ជេរ​ប្រមាថ​ជា​សាធារណៈ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ​តាម​មាត្រា​៣០៧​ មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា ក្រោយ​លោក​សរសេរ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ ​ដែល​មាន​លក្ខណៈ​កំប្លែង​រឿង​ទិញ​ម៉ាស់​ពាក់ឲ្យ​មាន់​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ១៩៕