មន្រ្តីសិទ្ធិមនុស្សជំរុញឱ្យគោរពសិទ្ធិបញ្ចេញមតិរបស់​ក្មេងស្រីម្នាក់ដែលបង្ហោះ​សារ​រិះគន់​វៀតណាម

រូបឯកសារ៖ សន្តិសុខម្នាក់យាមល្បាតនៅសួនសាធារណៈដែលជាទីតាំងនៃបូជនីយដ្ឋានកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩។

មន្រ្តី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ក្មេងស្រី​ម្នាក់ ដែល​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។

ក្មេង​ស្រី​ម្នាក់​ដែល​មាន​ឈ្មោះ សិរី វឌ្ឍនៈ (Serey Vattanak)​ បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​កញ្ញា​ថា៖ «ហេតុអ្វី​បាន​ជា​ជនជាតិ​វៀតណាម​មក​រស់​នៅ​លើ​ដី​ខ្មែរ​ច្រើន​កុះករ។ គេ​ចូល​ស្រុក​យើង​តាម​អំពើ​ចិត្ត តែ​ប្រសិន​បើ​ខ្មែរ​យើង​ចូល​ស្រុក​គេ​វិញ​តឹងរឹង​ខ្លាំង​ណាស់។ ហេតុ​អ្វី​ក៏​វៀត​ណាម​សំណាង​ម៉្លេះ...»។

កញ្ញា​សរសេរ​ទៀត​ថា៖ «សម្លាប់​វីរបុរស​របស់​ខ្មែរ​បាន​យ៉ាង​ជោគជ័យ ទឹក​ដី​ខ្មែរ​ក៏​លួច​បាន​សម្រេច មក​ដល់​សម័យ​ឥឡូវ​នេះ យួន​ចូល​សេរី​ពេញ​ស្រុក​ខ្មែរ​ទៀត»។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ កញ្ញា សិរី វឌ្ឍនៈ ដែល​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​នៅ​ឡើយ បាន​បង្ហោះ​ថា៖ «ដល់​ពេលវេលា​ដែល​ខ្ញុំ​ត្រូវ​រង​គ្រោះ​ហើយ ព្រឹក​នេះ​មិន​ដឹង​ថា​ខ្ញុំ​ទៅ​ជា​យ៉ាង​ណា​ទេ គេ​មក​សួ​ររក​ខ្ញុំ​បី​ដង​ហើយ»។

កញ្ញា​បញ្ជាក់​បន្ថែម​ថា៖ «អ្នក​ណា​ក៏​បាន​ដែរ​ជួយ​ខ្ញុំ​ផង ខ្ញុំ​ដើរ​ដល់​ចំណុច​ទាល់​ហើយ ខ្ញុំ​នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ។ សូម​មេត្តា​កុំ​ចាប់​ខ្ញុំ​អី​ ខ្ញុំ​គ្មាន​កំហុស​ទេ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កញ្ញា សិរី វឌ្ឍនៈ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​កញ្ញា​ថា​ កញ្ញា​បាន​សម្រេច​លុប​រាល់​សារ​ដែល​បាន​បង្ហោះ​ «និយាយ​ប៉ះពាល់​ដល់​ជនជាតិ​វៀតណាម​កន្លង​មក​ឱ្យ​អស់» ដោយ​សារ​«មាន​គេ​ស្នើ​សុំ​ឱ្យ​លុប​ជា​បន្ទាន់ ប្រសិន​បើ​មិន​ចង់​មាន​គ្រោះ​ថ្នាក់ និង​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ខ្ញុំ​ផង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​កញ្ញា សិរី វឌ្ឍនៈ​ បាន​នៅ​ឡើយ​ទេ។

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ជំរុញ​ឱ្យ​អាជ្ញាធរ​បែង​ចែក​ឱ្យ​ដាច់​ពី​អ្វី​ដែល​ហៅ​ថា​សេរីភាព​បញ្ចេញ​មតិ និង​អ្វី​ដែល​ហៅ​ថា​បទ​ល្មើស ដើម្បី​ជៀស​វាង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរី​ភាព​របស់​អ្នក​ដទៃ។ លោក​ឱ្យ​ដឹង​ទៀត​ថា​ករណី​ក្មេង​ស្រី​សិរី វឌ្ឍនៈ​នេះ គឺ​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​គាត់​តែ​ប៉ុណ្ណោះ មិន​មែន​ជា​បទ​ល្មើស​ឡើយ។

លោក​ថ្លែង​ថា​៖ «អាជ្ញាធរ​លោក​គួរតែបែងចែក​ឱ្យ​ដាច់​អំពី​អ្វី​ជា​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ និង​អ្វី​ជា​បទ​ល្មើស ព្រោះ​បើ​យើង​មើល​ទៅ​ក្មេង​ស្រី​នេះ​ហាក់​ដូច​ជា​ការ​បញ្ចេញ​មតិ​របស់​គាត់​ ក្នុង​ការយល់​ឃើញ​របស់​គាត់​ទេ។ យើង​មើល​ទៅ​វា​ជា​ការ​បញ្ចេញ​មតិ​សិទ្ធិ​សេរីភាព​របស់​គាត់​ទេ។ អ៊ីចឹង​បើ​សិន​ជា​មាន​ការ​គំរាម​កំហែង​ការ​បំភិត​បំភ័យ​ណា​មួយ​សម្រាប់​គាត់​ អាហ្នឹង​ជា​រឿង​រំលោភ​សិទ្ធិ​របស់​គាត់​មួយ​ទៀត​ រំលោភ​ទៅ​លើ​សិទ្ធិ​និង​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទៀត។ ហើយ​យើង​ក៏​មិន​ដឹង​ថា​ខាង​ណា​ដែល​គំរាម​កំហែង​ឬបំភិត​បំភ័យ​គាត់​ទេ»។

លោក អំ សំអាត បន្ថែម​ទៀត​ថា​ អាជ្ញាធរ​គួរតែ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

លោក ថាញ់ សុខវ៉ាត អធិការ​ស្រុក​ពញ្ញាក្រែក​ បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ឱ្យ​អ្នក​សារព័ត៌មាន​វីអូអេ​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​វិញ។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ ម៉ុន មាគ៌ា ស្នង​ការនគរបាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​នៅ​ឡើយ​ទេ។

លោក ទ្រី ថេត នាយក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មិន​មាន​សកម្មភាព​ណា​មួយ​ដែល​នគរបាល​ទៅ​គំរាម​កំហែង​ក្មេង​ស្រី​នោះ​ទេ គ្រាន់​តែ​ខាង​រដ្ឋបាល​ចុះ​ទៅ​សាក​សួរ​ចង់​ដឹង​ពី​ប្រវត្តិរូប​របស់​ក្មេង​ស្រី​នោះ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ការ​ចុះ​ទៅ​សួរ​ប្រវត្តិរូប​របស់​ក្មេង​ស្រី គឺ​ជា​បញ្ជា​របស់​ថ្នាក់​លើ។

លោក​លើក​ឡើង​ថា​៖ «ខាង​លើ​គេ​ឃើញ​ ហើយ​គាត់​បង្ហោះ​ហ្វេស​ប៊ុក​ដែល​គាត់​ជា​ក្មេង​អ៊ីចឹង។ គ្រាន់​តែ​ថ្នាក់​លើ​គាត់​ចង់បាន​ការងារ​នេះ​...ខាង​លើ​គាត់​ឃើញ​គាត់​បង្ហោះ​ហ្វេស​ប៊ុក​ដូច​ប្លែកៗ​។...អត់​មាន​ប៉ះពាល់​ដល់​គាត់​ទេ​បង​ និយាយ​ទៅ​មិន​ឱ្យ​គាត់​ដឹង​ផង​ មាន​អី​ទៅ​សួរ​នេះ គ្រាន់​តែ​សួរគាត់​ឈ្មោះ​អី​ រៀន​ថ្នាក់​ទី​ប៉ុន្មាន​ តែ​ប៉ុណ្ណឹង​ទេ»។

ទោះ​ជា​យ៉ាងណា មេប៉ុស្តិ៍​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ដែល​ថ្នាក់​លើ​បញ្ជា​ឱ្យ​ចុះ​មក​សាកសួរ​អំពី​ជីវៈ​ប្រវត្តិ​របស់​ក្មេង​ស្រី​នេះ ក្នុង​គោល​បំណង​អ្វី​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា​នគរបាល​ក៏​មិន​បាន​កោះ​ហៅ​ក្មេង​ស្រី​នោះ​មក​សាក​សួរ​អ្វី​ឡើយ៕