អង្គការ​សិទ្ធិ​មនុស្ស​មួយ​ស្នើ​ឲ្យ​អាស៊ាន​ធ្វើ​កំណែ​ទម្រង់​ដី​ធ្លី

កសិករ​ម្នាក់​រើស​ខ្យង​ និង​សម្អាត​ស្រែ​របស់​គាត់​នៅ​ក្បែរ​ក្រុង Udon Thani ប្រទេស​ថៃ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​បាន​ឲ្យ​ដឹង​ថា តំបន់​អាស៊ីអាគ្នេយ៍​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​ការ​កើន​ឡើង​ជម្លោះ រវាង​វិនិយោគិន​និង​ប្រជាជន​ក្នុង​ស្រុក ដែល​តម្រូវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​និង​ស្ថាប័ន។

ការ​ព្រមាន​ពី​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ហៅ​កាត់​ថា (FIDH) ដែល​មាន​សមាជិក​១៨០​ប្រទេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​ទៅ​នឹង​វិបត្តិ​ដែល​កើត​មាន​នៅ​ពី​ក្រោយ​ចំណូល​និង​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​នៅ​ទូទាំង​តំបន់​អាស៊ី ដែល​គាំទ្រ​ដោយ​វិនិយោគទាំង​បរទេស​និង​ក្នុង​ស្រុក។

ការ​បើក​ឲ្យ​វិនិយោគិន​ចូល​មក​អភិវឌ្ឍ​ដើម្បី​សាងសង់​រោងចក្រ​និង​ដាំដុះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​នឹង​សហគមន៍​ក្នុង​ស្រុក ជាពិសេស​នៅ​កន្លែង​ដែល​ច្បាប់​ត្រួតពិនិត្យ​ទៅ​លើ​ការ​ចុះ​បញ្ជី​ដី​ធ្លី​និង​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​មាន​ភាព​ទន់ខ្សោយ។

នៅ​ក្នុង​ប្រទេស​កម្ពុជា FIDH បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​៨​សែន​នាក់​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​រឹបអូស​ដី​ធ្លី​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។

នៅ​ក្នុង​ឆ្នាំ​២០១៥ FIDH បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដោយ​អះអាង​ថា ការ​រឹបអូស​យក​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​រីករាលដាល​យ៉ាង​ខ្លាំង ដែល​នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​មួយ។
ឧស្សាហកម្ម​ផលិត​ស្ករ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​អតិថិជន​អន្តរជាតិ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ឧស្សាហកម្ម​ចំណី​អាហារ គឺ​ជា​វិស័យ​មួយ​ដែល​លេចធ្លោ ដោយ​សារ​តែ​ការ​ដាំដុះ​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ។ នេះ​បើ​យោង​តាម​អង្គការ​នេះ។ ​

កាល​ពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ផលិត​ស្ករ Mitr Phol របស់​ថៃ រដ្ឋាភិបាល​ផ្តល់​ដី​ឲ្យ​ចំនួន ២០០​គីឡូម៉ែត្រ​ការ៉េ ក្នុង​រូបភាព​ជា​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​អនុញ្ញាត​ឲ្យ​ជួល​រយៈពេល​វែង។ ប៉ុន្តែ​ដី​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ពាន់​គ្រួសារ​កាន់កាប់​រួច​ទៅ​ហើយ។

​អ្នក​ភូមិ​ដូចជា Neoy Ta Am ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ថៃ នៅ​ពេល​ដែល​សហគមន៍​របស់​ខ្លួន​ត្រូវ​បានកងកម្លាំង​រដ្ឋាភិបាល​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៨។ គាត់​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា «នៅ​ពេល​ដែល​ទាហាន​មក​ដល់ ខ្ញុំ​បាន​រត់គេច​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​ឮម្ចាស់​ដី​ម្នាក់​និយាយ​ថា កងកម្លាំង​ទាំង​នោះ​បាន​ដុត​ផ្ទះ​ទាំងអស់​ចោល»។

ការ​នាំ​ចេញ​ស្ករ​របស់​កម្ពុជា​ត្រូវ​បាន​បង្កើន​តាមរយៈ​កម្មវិធី​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហភាព​អឺរ៉ុប ដោយ​នៅ​ឆ្នាំ​២០១៣​បាន​នាំចេញ​៦​ម៉ឺន​៥​ពាន់​តោន។ ប៉ុន្តែ​ការ​ចោទប្រកាន់​ទៅ​លើ​ការ​រំលោភ​សិទិ្ធ​មនុស្ស​និង​ការ​រឹបអូស​ដី​ធ្លី​បាន​បង្ក​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ស្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប​ធ្លាក់​ចុះ​យ៉ាង​អាក្រក់​កាល​ពី​ឆ្នាំ​មុន៕