អ្នកតាមដានមើលឃើញថា ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺនៅតែមិនទាន់ត្រូវបានដោះស្រាយ ខណៈការចាប់ខ្លួនសកម្មជនសង្គមចេះតែបន្តកើតមាន។
លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអាមេរិក West Point ត្រូវបានសមាជិកសភាចំនួន១២៣រូបក្នុងចំណោម១២៥រូប បោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែសីហា ហើយបានចាប់ផ្តើមការងារជាផ្លូវការជាមួយគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅថ្ងៃទី២៣ ខែសីហា។
ការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការគ្រប់គ្រងអំណាចរបស់ឪពុកលោកគឺលោក ហ៊ុន សែន ដែលបានធ្វើជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ថ្លែងថា ក្នុងរយៈពេលជិត១ឆ្នាំនៃការដឹកនាំនេះ លោកនាយករដ្ឋមន្ត្រី នៅមិនទាន់បានផ្តល់ដំណោះស្រាយពេញលេញដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លី បំណុល ទីផ្សារ កសិផល អំពើពុករលួយ និងគ្រឿងញៀនជាដើម។
លោកបន្ថែមថា បញ្ហាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏មិនទាន់ឃើញមានការស្តារឡើងវិញដែរ ក្រោយការធ្លាក់ចុះខ្លាំងចាប់តាំងពីឆ្នាំ២០១៧ ពេលដែលមានការរំលាយគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ថា៖«ជាពិសេសចុងក្រោយយើងឃើញថា មិនទាន់បានស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានៅឡើយ បន្ទាប់ពីឆ្នាំ២០១៧ ដែលមានការរំលាយគណបក្សសង្គ្រោះជាតិមក ហើយចរន្តនៃការចាប់សកម្មជន ថ្នាក់ដឹកនាំនយោបាយ សកម្មជនសង្គមក៏ដូចជាសកម្មជននយោបាយ មេសហជីព មេសមាគម យើងឃើញថា នៅតែបន្តការចាប់ ហើយមកដល់ពេលនេះ ប៉ុន្មានថ្ងៃនេះក៏ឃើញកំណើននៃចាប់ក៏កាន់តែខ្ពស់»។
បើតាមលោក រ៉ុង ឈុន ការចាប់សកម្មជនឬក៏អ្នកបញ្ចេញមតិមិនមែនជាដំណោះស្រាយល្អ ដែលលោកថា នឹងជារនាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងសង្គម លោក ស៊ឹង សែនករុណាដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី ប្រាប់វីអូអេថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល១ឆ្នាំនេះគឺមិនមានអ្វីល្អប្រសើរឡើយ ពាក់ព័ន្ធនឹងយុត្តិធម៌សង្គម និងស្ថានភាពសេរីភាពរបស់ពលរដ្ឋនិងអ្នកនយោបាយ។
លោកថ្លែងថា៖ «យើងឃើញថា សេរីភាពរបស់ប្រជាពលរដ្ឋនិងអ្នកនយោបាយឬក៏បក្សនយោបាយនៅតែអត់ទាន់បើកលម្ហ។ អ៊ីចឹងគណបក្សនយោបាយ យើងឃើញប្រជាពលរដ្ឋនៅតែមានការរឹតត្បិតនូវសិទ្ធិសេរីភាពរបស់ពួកគាត់ក្នុងការចូលរួមសកម្មនៅក្នុងបញ្ហានយោបាយដដែល»។
បើតាមអ្នកឃ្លាំមើលរូបនេះ បញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសក៏ដុនដាបដែរ ខណៈប្រជាពលដ្ឋជាប់បំណុល ក្រីក្រ ដែលនាំឱ្យពួកគេធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
លោកអ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការដឹកនាំប្រទេសមួយឆ្នាំកន្លងមកនេះ គឺមិនមានភាពខុសប្លែកអ្វីនោះទេ ព្រោះនៅតែមានរឹតត្បិតសិទ្ធិមនុស្ស ការចាប់សកម្មជនជាបន្តបន្ទាប់ និងការបង្ក្រាបសំឡេងដែលមិនគាំទ្រ។ វាផ្ទុយទៅនឹងការទាមទាររបស់សហគមន៍អន្តរជាតិ។
លោកថ្លែងថា៖ «ហើយអ្វីដែលគេទាមទារធំបំផុតហ្នឹងគឺ ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហ្នឹង! ហើយបើយើងមិនធ្វើទៅតាមអ្វីដែលគេចង់បាន ឬក៏អ្វីដែលយើងបានចុះហត្ថលេខាជាមួយគេ ទាំងអង្គការសហប្រជាជាតិទាំងសហគមន៍អន្តរជាតិហ្នឹង! គេអាចនឹងមិនមានទំនុកចិត្តដាក់ទុនមកនៅក្នុងប្រទេសយើងទេ»។
លោកបន្ថែមថា ដើម្បីធានាឱ្យបាននូវស្ថិរភាពនយោបាយ សុខសន្តិភាពរបស់ប្រទេសគឺត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមុនសិន ដោយនេះក៏ជាអនុសាសន៍របស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិផងដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ថា ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះក៏មានការកសាងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។
ជាការឆ្លើយតបទៅនឹងអ្នករិះគន់ អ្នកនាំពាក្យរូបនេះថ្លែងថា ពួកគេទាំងនោះមិនបានសិក្សា ស្រាវជ្រាវអ្វីជាដុំកំភួនលើគោលនយោបាយរបស់រដ្ឋាភិបាលជាមុនទេ មុនបើកមាត់រិះគន់ ខណៈរដ្ឋាភិបាលគឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ពលរដ្ឋ៕