មេដឹកនាំសិទ្ធិមនុស្សនិង​សមាជិកសភា​អាមេរិក​រិះគន់​លោក ត្រាំ​ ដោយ​សារតែ​លោក​បាន​ការពារ​លោក ​ពូទីន

លោក​ប្រធានាធីបតី​ Donald Trump ត្រូវ​បាន​សម្ភាសន៍​ដោយ​លោក Bill O'Reilly នៅ​ក្នុង​កម្មវិធី​សារព័ត៌មាន​ Fox «The O'Reilly Factor» កាល​ពី​ថ្ងៃទី០៦ វិច្ឆិកា ២០១៥ ទីក្រុង​ញូវយ៉ក។

អ្នកការពារសិទ្ធិ​មនុស្ស សមាជិកសភា​សហរដ្ឋ​អាមេរិក​មួយចំនួន ឧត្តមសេនីយ៍ចូលនិវត្តន៍ និង​អតីត​ឯកអគ្គរដ្ឋទូត​បាន​និយាយ​ថា​ពួកគេ​មាន​ការព្រួយបារម្ភ​ពី​ការដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​បាន​ការពារ​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។

នៅក្នុង​បទសម្ភាសន៍ដែលបាន​ផ្សាយ​កាលពីថ្ងៃ​អាទិត្យ​នៅ​លើ​បណ្តាញ​ទូរទស្សន៍​ Fox ​កាលពីថ្ងៃ​អាទិត្យ​មុនពេល​កម្មវិធី​ប្រកួត​កីឡា​ Super Bowl ​លោកត្រាំ​បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​គោរព​របស់​លោក​ចំពោះ​លោក​ពូទីន​។ នៅពេលដែល​លោក​ Bill O’Reilly ​បាន​សួរ​ផ្ចុច​ឱ្យ​លោក​ត្រាំ​វិញ​ ដោយ​បាន​ហៅ​ប្រធានាធិបតី​រុស្ស៊ី​ថា​ជា ​«ឃាតករ‍» លោក​ត្រាំ​បាន​ឆ្លើយថា​«យើង​ក៏​មាន​ឃាតករ​ជាច្រើន​។ តើ​លោក​គិត​ថា​យ៉ាងម៉េចវិញ?​ តើលោកគិត​ថា​ប្រទេស​យើង​មិន​មាន​កំហុស​អ្វីទេឬ?‍»។

វិមានក្រឹមឡាំង​ទាមទារ​ឱ្យ​ទូរទស្សន៍​ Fox ​សុំទោស​ចំពោះអ្វី​ដែល​គេ​ហៅថា​សំដី ​«មិន​អាចទទួល​យក​បាន​និង​ប្រមាថមាក់ងាយ‍»។ លោក ​O’Reilly ​បាន​ច្រានចោល​ការតវ៉ានោះ​នៅក្នុង​កម្មវិធីផ្សាយ​របស់​លោក​កាលពីយប់​ថ្ងៃ​ចន្ទដោយ​និយាយ​ថា​ប្រទេស​រុស្ស៊ី អាច​មក​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​គាត់​បាននៅឆ្នាំ​ ២០២៣។

លោក ត្រាំ បដិសេធ​មិន​ព្រម​និយាយ​អ្វីដែលអវិជ្ជមាន​អំពី​លោក ​ពូទីន ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​ ដោយ​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដដែល​អំពី​ប្រធានាធិបតី​រុស្ស៊ី​ថា​គឺ​ជា​ទ្រព្យ​ធន​មួយ មិនមែនជាបំណុល​ទេហើយ​ថា​ប្រសិនបើ​លោក​អាចមានទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​លោក​ ពូទីន ​ក៏​ដូចជាមេដឹកនាំ​ដទៃទៀតនៅលើពិភពលោក។

សហនាយក​នៃ​កម្មវិធី សម្រាប់​សហរដ្ឋ​អាមេរិក​របស់​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស Human Rights Watch ម៉ារៀ ម៉ាក់​ហ្វាឡែន បាន​និយាយប្រាប់ VOA នៅថ្ងៃ​ចន្ទ​ថា​លោកស្រី​ព្រួយបារ​ម្ភ​ពី​អត្ថាធិប្បាយ​របស់​លោក​ត្រាំ​លើ​បញ្ហា​រុស្ស៊ី៕