កងទ័ពអាកាសអាមេរិកបានបញ្ចេញព័ត៌មានលម្អិតថ្មីដ៏ក្រៀមក្រំកាលពីថ្ងៃអង្គារអំពីភាពវឹកវរនៃការជម្លៀសមនុស្សនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុលកាលពីថ្ងៃច័ន្ទដោយនិយាយថា គេឃើញបំណែកសាកសពមនុស្សជាប់នឹងកង់យន្តហោះយោធាដែលហ្វូងជនស៊ីវិលរោមឡើងជិះ ចង់រត់គេចពីក្រុមតាលីបង់។
អ្នកស្រី Ann Stefanek អ្នកនាំពាក្យកងទ័ពអាកាសអាមេរិកនិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា៖ «ក្រៅពីវីដេអូនៅលើអ៊ីនធឺណិតនិងរបាយការណ៍សារព័ត៌មាន បំណែកសាកសពមនុស្សត្រូវបានគេរកឃើញនៅកង់របស់យន្តហោះ C-17 បន្ទាប់ពីវាបានចុះចតនៅឯមូលដ្ឋានអាកាស Al Udeid ប្រទេសកាតា។ បច្ចុប្បន្នយន្តហោះនោះត្រូវបានគេរក្សាទុកដើម្បីទុកពេលប្រមូលបំណែកសាកសព និងពិនិត្យយន្តហោះមុនពេលវាត្រឡប់ទៅហោះហើរវិញ»។
មន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូអេថា អាចមានមនុស្សផ្សេងទៀតលើសពីម្នាក់តោងកង់យន្តហោះ C-17 មុនយន្តហោះហោះឡើងកាលពីថ្ងៃច័ន្ទ។
វីដេអូពីអាកាសយានដ្ឋានបង្ហោះលើបណ្តាញសង្គមបង្ហាញភាពច្របូកច្របល់ និងអស់សង្ឃឹម ដោយមានជនជាតិអាហ្វហ្គានីស្ថានមួយចំនួនតោងចំហៀងយន្តហោះយោធាអាមេរិក ហើយទំនងជាមនុស្សពីរនាក់បានធ្លាក់ពីយន្តហោះយោធាអាមេរិកបន្ទាប់ពីវាបានហោះឡើង។
អ្នកស្រី Ann Stefanek បន្តក្នុងសេចក្តីថ្លែងការណ៍ថា ការិយាល័យស៊ើបអង្កេតពិសេសរបស់កងទ័ពអាកាសកំពុងដឹកនាំការពិនិត្យឧបទ្ទវហេតុនេះឡើងវិញ ដែលដំបូងឡើយរាយការណ៍ដោយវីអូអេ។
លោកប្រធានាធិបតី Joe Biden រំពឹងថា នឹងនិយាយអំពីស្ថានការណ៍នៅអាហ្វហ្គានីស្ថាននៅថ្ងៃពុធ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ABC News។ នេះបើយោងតាមលេខាធិការព័ត៌មានសេតវិមានអ្នកស្រី Jen Psaki៕