អគ្គិភ័យ​ធំ​មួយ​បាន​បង្កើន​ទុក្ខសោក​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​មីយ៉ាន់ម៉ា

ស្រ្តី​រ៉ូហ៊ីងយ៉ា​ម្នាក់​កំពុងយំ​ក្រោយ​ពេល​មាន​អគ្គិភ័យ​កើត​ឡើង​នៅ​ឯជំរំ Baw Du Ba Muslim ដែល​ជា​ទីជម្រក​សម្រាប់ជន​រ៉ូហ៊ីងយ៉ា​គ្មាន​ទីជម្រក​ នៅ​ជិត​ទីក្រុង​ Sittwe រដ្ឋ Rakhine នៅ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ២០១៦។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជិត​៤៥០​នាក់​បាន​បាត់​បង់​ទីជម្រក​ បន្ទាប់​ពី​អគ្គិភ័យ​ដ៏ធំ​មួយ​បាន​ឆាបឆេះ​ទីជម្រក​មួយ​ចំនួននៅ​ជំរំ​សម្រាប់​ក្រុម​ជន​ផ្លាស់​ប្តូរ​ទីលំនៅក្នុង​ស្រុក​កាល​ពី​ថ្ងៃ​អង្គារ។​

ទីជម្រកចំនួន​ប្រហែល៥០​ត្រូវ​បាន​បំផ្លាញ​នៅ​ជំរំ ​Baw Du Pa ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី ​Sittwe ​ក្នុង​រដ្ឋ ​Rakhine។ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​ចេញ​ផ្សាយ​ថា ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ ខ្យល់​ខ្លាំង​បាន​បក់​បោក​ភ្លើង​ចង្រ្កាន​ចម្អិន​ម្ហូប​អាហារ​ឲ្យ​ឆេះ​រាល​ដាលពី​ទីជម្រក​មួយ​ទៅ​ទីជម្រក​មួយ។ នៅ​មិនទាន់​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ស្លាប់​ឬ​របួសនៅ​ក្នុង​ហេតុការណ៍​នោះ​នៅ​ឡើយ​ទេ​។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ប្រហែល​១៤០.០០០​នាក់​កំពុង​តែ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ននៅ​ក្នុង​ជំរំ​ផ្លាស់​ប្ដូរ​ទីលំនៅ​រាប់​សិប​កន្លែង​នៅ​ទូទាំង​រដ្ឋ ​Rakhine ដែល​ពួកគេ​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សំបែង​របស់ខ្លួន​ក្នុង​អំឡុង​ពេលមានការប្រយុទ្ធ​គ្នា​រវាង​ក្រុមអ្នកកាន់​សាសនា​ឥស្លាម​និង​ក្រុម​អ្នកកាន់​សាសនា​ព្រះពុទ្ធ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​២០១២។

ជនជាតិរ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​គឺ​ជា​ជនជាតិ​ភាគតិច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ពួកគេ​ត្រូវ​បាន​ហៅ​ថា​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ពី​ប្រទេស​បង់ក្លាដែស​មក ហើយ​ពួកគេមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សេរី ​មិន​អាច​បោះឆ្នោត​ ​និង​រៀបការ​ឬ​មាន​កូន​ដោយ​គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ​នោះ​ទេ។

ពួកគេ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​រៀន​ថ្នាក់​ឧត្តម​សិក្សា និង​ប្រឈម​មុខ​ជា​ប្រចាំ​ទៅ​នឹង​ការគំរាម​កំហែង​អំពើ​ហិង្សា​ ខណៈ​ដែល​ក្រុម​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ជ្រុលនិយម​ទទួល​បាន​ការពេញ​និយម​កាន់​តែ​ខ្លាំង​ឡើង៕