នៅថ្ងៃពុធនេះ ពួកអ្នកធ្វើការផ្នែកជួយសង្គ្រោះបានស្វះស្វែងរកក្នុងក្រុងម៉ិកស៊ីកូ និងក្នុងរដ្ឋជិតខាងក្នុងសេចក្តីសង្ឃឹមថានឹងរកឃើញពួកអ្នកនៅរស់ពីការរញ្ជួយដីមួយមានកម្លាំង៧,១ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២១៧នាក់ស្លាប់ និងបានធ្វើឱ្យអាគាររាប់សិបខ្នងរលំ។
លោក Miguel Osorio Chong រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសម៉ិកស៊ិកបាននិយាយថា កងយោធពល និងក្រុមប៉ូលិសម៉ិកស៊ិកនឹងបន្តធ្វើការរហូតដល់ពួកគេអស់លទ្ធភាពទាំងអស់ក្នុងការរកឃើញមនុស្សនៅរស់ថែមទៀត។
ពួកជនស៊ីវិលបានចូលរួមជាមួយក្រុមអ្នកស្វែងរក និងពួកអ្នកជួយសង្គ្រោះក្នុងរយៈពេលខ្លីក្រោយពីមានការរញ្ជួយដីនេះកាលពីរសៀលថ្ងៃអង្គារដោយប្រើគ្រឿងម៉ាស៊ីនធ្ងន់ៗ និងដៃទទេដើម្បីលើកកម្ទេចកម្ទី។
នៅព្រឹកថ្ងៃពុធនេះ លោក Luis Felipe Puente ប្រធានទីភ្នាក់ងារការពារស៊ីវិលនៃប្រទេសម៉ិកស៊ិកបាននិយាយតាម Twitter ថាមានមនុស្ស៨៦នាក់ស្លាប់ក្នុងក្រុងម៉ិកស៊ីកូ ៧១នាក់ស្លាប់ក្នុងរដ្ឋ Morelos ៤៣នាក់ស្លាប់ក្នុងរដ្ឋ Puebla១២នាក់ស្លាប់ក្នុងរដ្ឋ Mexico ៤នាក់បាត់បង់ជីវិតក្នុងរដ្ឋ Guerrero និងម្នាក់ក្នុងរដ្ឋ Oaxaca។ លោកបានបញ្ចុះតួលេខនៃចំនួនមនុស្សស្លាប់ទាំងអស់ដែលកាលពីពេលមុនប្រកាសថា មានចំនួន២៤៨នាក់។
មជ្ឈមណ្ឌលនៃការរញ្ជួយដីមាននៅ Puebla នៅចម្ងាយ១២៣គ.ម.ទិសអាគ្នេយ៍ក្រុងម៉ិកស៊ីកូ។ លោកប្រធានាធិបតី Enrique Pena Nieto បានទៅមើលសាលារៀនមួយមានបីជាន់នៅក្នុងរដ្ឋធានីដែលរលំ និងជាកន្លែងមួយមានកិច្ចប្រតិបត្តិការជួយសង្គ្រោះ៕