មនុស្ស​រាប់​សែន​នាក់​ចូលរួម​នៅ​ក្នុង​ពិធី​កាន់​ទុក្ខ​ឧត្ដមសេនីយ៍​កំពូល​អ៊ីរ៉ង់​លោក Soleimani

លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ និង​លោក​ Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​ធ្វើ​ការ​អធិដ្ឋាន​នៅ​ក្បែរ​ក្តារមឈូស​របស់​លោក Qassem Soleimani កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​កាន់​ទុក្ខ​នៅ​ថ្ងៃ​ចន្ទ​នេះ​ចំពោះ​ការ​ស្លាប់​របស់​ឧត្ដមសេនីយ៍​កំពូល​អ៊ីរ៉ង់​លោក Qassem Soleimani នៅ​ពេល​ដែល​មនុស្ស​រាប់​សែន​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​លោក Soleimani នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លោក Khamenei បាន​ចូលរួម​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani និង​មន្ត្រី​អ៊ីរ៉ង់​កំពូលៗ​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​កាន់​ទុក្ខ​ដែល​មាន​ការ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​នេះ។

ប្រទេស​អ៊ីរ៉ង់​កំពុង​កាន់​ទុក្ខ​រយៈពេល ៣ ថ្ងៃ ចំពោះ​ការ​ស្លាប់​របស់​លោក Soleimani នេះ មុន​ពេល​សាកសព​របស់​លោក​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ទីក្រុង Kerman ដែល​ជា​ស្រុក​កំណើត​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ស្អែក។

ក្នុង​នាម​ជា​មេបញ្ជាការ​នៃ​កង​កម្លាំង Quds របស់​អ៊ីរ៉ង់ លោក Soleimani អាយុ ៦២ ឆ្នាំ​រូប​នេះ បាន​ជួយ​គ្រប់គ្រង​បញ្ជា​ប្រតិបត្តិការ​យោធា និង​ប្រតិបត្តិការ​សម្ងាត់​នានា​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅ​ក្រៅ​ប្រទេស។

សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​កង​កម្លាំង Quds ដែល​ជា​ទាហាន​នៃ​ឆ្មាំ​បដិវត្តន៍​ឥស្លាម​ជ្រុល​និយម​របស់​អ៊ីរ៉ង់​នៅ​ក្រៅ​ប្រទេស​នេះ ថា​ជា​អង្គការ​ភេរវកម្ម​បរទេស។

លោក Soleimani ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក ដែល​ភាគ​ច្រើន​ទំនង​ជា​ដោយ​យន្តហោះ​ដ្រូន នៅ​ពេល​ដែល​ក្បួន​រថយន្ត​របស់​លោក​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រលាន​យន្តហោះ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ៣ ខែ​មករា​កន្លង​ទៅ​នេះ៕