អ្នកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ប្រទេសចិន ត្រូវតម្រូវឲ្យត្រឡប់មកកាន់តុលាការក្នុងប្រទេសកាណាដាម្ដងទៀតនៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងសវនាការអំពីថាតើអ្នកស្រីគួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅពេលដែលអ្នកស្រីកំពុងរង់ចាំការណ៍ដែលអាចត្រូវគេធ្វើបត្យាប័នបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទបន្លំបោកប្រាស់ ឬក៏យ៉ាងណានោះ។
កន្លងមក រដ្ឋអាជ្ញាកាណាដាបានអះអាងថា អ្នកស្រី Meng Wanzhou គួរតែស្ថិតនៅក្នុងការឃុំឃាំង រហូតទាល់តែពេលបើកសវនាការស្ដីពីការធ្វើបត្យាប័នបញ្ជូនអ្នកស្រីចេញទៅកាន់សហរដ្ឋអាមេរិក។ មេធាវីរបស់អ្នកស្រីនិយាយថា អ្នកស្រីគួរតែត្រូវគេដោះលែងឲ្យនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព។
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋាភិបាលចិនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ដើម្បីឲ្យ «ជំទាស់ឲ្យបានខ្លាំងក្លា» លើការចាប់ខ្លួនអ្នកស្រី Meng Wanzhou និងបានទាមទារឲ្យសហរដ្ឋអាមេរិកលុបចោលសំណើសុំឲ្យកាណាដាធ្វើបត្យាប័នបញ្ជូនខ្លួនអ្នកស្រីនេះ ដែលទាក់ទិនទៅនឹងការចោទប្រកាន់ថា អ្នកស្រីបានរំលោភលើច្បាប់សហរដ្ឋអាមេរិកដែលរារាំងមិនឲ្យមានការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់។
អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកលោក Terry Branstad មួយថ្ងៃក្រោយមក បន្ទាប់ពីបានកោះហៅឯកអគ្គរដ្ឋទូតកាណាដាលោក John McCallum ឲ្យជំទាស់ទៅនឹងការចាប់ខ្លួនអ្នកស្រី Meng Wanzhou នេះ នៅឯប្រលានយន្តហោះក្នុងទីក្រុង Vancouver ប្រទេសកាណាដាកាលពីថ្ងៃទី ១ ខែធ្នូ កន្លងទៅនេះ ក្រោមការបញ្ជារបស់សហរដ្ឋអាមេរិក។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា រដ្ឋាភិបាលក្រុងប៉េកាំងជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការជាបន្ទាន់ដើម្បីកែប្រែទង្វើខុសឆ្គងទាំងនេះ និងលុបចោលដីកាចាប់ខ្លួនប្រឆាំងនឹងអ្នកស្រី Meng Wanzhou៕