អង្គការ Human Rights Watch ប្រឆាំង​នឹង​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ទៅ​កាន់​កោះ​គ្មាន​មនុស្ស​រស់នៅ

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​បដា​នៅ​មុន​ពេល​មក​ដល់​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres និង​លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក នៅ​ជំរំ​ភៀស​ខ្លួន Kutupalong នៅ​ក្នុង​សង្កាត់ Cox’s Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស​ពិចារណា​ឡើង​វិញ​អំពី​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ទៅ​កាន់​កោះ​ដ៏​តូច​មួយ​ដែល​គ្មាន​មនុស្ស​រស់នៅ។

អង្គការ Human Rights Watch បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កោះ Bhasan Char ដែល​សម្បូរ​ដោយ​ព្រៃ​កោងកាង និង​ស្មៅ «បាន​ដុះ​ឡើង​នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ដី​ល្បាប់​ដែល​ហូរ​មក​ពី​ទន្លេ Meghna របស់​ប្រទេស​បង់ក្លាដែស»។

នៅ​ក្នុង​របាយការណ៍​កម្រាស់ ៦៨ ទំព័រ របស់​អង្គការ Human Rights Watch នេះ ដែល​មាន​ចំណង​ជើង​ថា «បង់ក្លាដែស​គឺ​មិន​មែន​ជា​ប្រទេស​របស់​ខ្ញុំ៖ ស្ថានភាព​លំបាក​របស់​ជន​ភៀស​ខ្លួន Rohingya មក​ពី​ប្រទេស​មីយ៉ាន់ម៉ា» អ្នក​ជំនាញ​នានា​បាន​ប៉ាន់​ប្រមាណ​ថា កោះ Bhasan Char អាច​នឹង​លិច​ទឹក​ទាំង​ស្រុង​នៅ​ពេល​ណា​ដែល​មាន​រលក​ធំៗ​ដែល​បណ្ដាល​មក​ពី​ខ្យល់​ព្យុះ។

អង្គការ Human Rights Watch បាន​បន្ថែម​ទៀត​ថា កោះ Bhasan Char គឺ​មិន​មែន​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ទៅ​នោះ​ទេ ដោយសារតែ​មាន​កន្លែង​ចំនួន ៦ ផ្សេង​ទៀត ដែល​គេ​បាន​កំណត់។

របាយការណ៍​របស់​អង្គការ Human Rights Watch នេះ បាន​បញ្ជាក់​ថា កោះ Bhasan Char នេះ «ទំនង​ជា​ផ្ដល់​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​អប់រំ និង​សេវា​សុខភាព និង​ផ្ដល់​ឱកាស​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​រស់នៅ ឬ​ក៏​ការ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង»។

អង្គការ​នេះ​បាន​បន្ត​ទៀត​ថា កង្វះ​ការ​ធានា​ឲ្យ​បាន​នូវ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​កោះ Bhasan Char នេះ និង​ទីតាំង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​របស់​កោះ​នេះ «អាច​នឹង​ធ្វើ​ឲ្យ​កោះ​នេះ​ក្លាយ​ទៅ​ជា​មណ្ឌល​ឃុំឃាំង​បាន»៕