ប្លុករបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់ចិននៅឆ្នាំនេះ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច កើនឡើងរវាងភាគីទាំង២ ខណៈដែលមានការយឺតយ៉ាវក្នុងផ្នែកនានារបស់ពិភពលោក ដោយសារការផ្ទុះឡើងនូវវីរុសកូរ៉ូណា។
ក្នុងរយៈពេលជាង៥ ខែ ដំបូង នៅឆ្នាំ២០២០នេះ ពាណិជ្ជកម្មរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងទីផ្សារដ៏ធំរបស់ចិន បានឡើងទៅដល់ ២៤០ពាន់លានដុល្លារ ដែលកើនឡើង ៤.២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០១៩។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិន។ ពាណិជ្ជកម្មរបស់ចិនជាមួយសមាគមអាស៊ានស្មើនឹង ១៥ភាគរយ នៃពាណិជ្ជកម្មទាំងមូលរបស់ពិភពលោក។
ចិនដែលមានសេដ្ឋកិច្ចធំទី២ ក្នុងពិភពលោក បានចាប់ផ្តើមបន្ធូរបន្ថយវិធានការរាំងខ្ទប់ជំងឺកូវីដ១៩ រួមមានការបិទរោងចក្រ កាលពីខែមីនា បន្ទាប់មករដ្ឋនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាវៀតណាម និងម៉ាឡេស៊ី។ ផ្នែកភាគច្រើននៃប្រទេសលោកខាងលិចនៅកំពុងស្ថិតក្នុងភាពអាសន្ននៅឡើយ សង្វាក់ផ្គត់ផ្គង់កាត់បន្ថយ និងអ្នកប្រើប្រាស់ទំនិញនៅទន់ខ្សោយ។
សមាគមអាស៊ាន បានពង្រីកទំនាក់ទំនងរួចហើយជាមួយចិនក្នុងរយៈពេល ២០ឆ្នាំនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឧស្សាហូបនីយកម្ម និងស្ថានភាពភូមិសាស្រ្តនៅជិតគ្នា ដែលធ្វើឲ្យសោហ៊ុយដឹកជញ្ជូនថោក៕