តៃវ៉ាន់​បាន​ទទួល​ជ័យ​ជម្នះ​ដោយ​ស្ងាត់ៗ​លើ​ប្រទេស​ចិន​ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ការទូត​អន្តរជាតិ

  • Ralph Jennings

រូបឯកសារ៖ ប្រធានាធិបតី​ចិន Xi Jinping (ស្តាំ) និង​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou លើក​ដៃ​ទៅ​កាន់​សារព័ត៌មាន​ក្នុង​ជំនួប​កំពូល​​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ទោះ​បី​ជា​កោះ​តៃវ៉ាន់​ បាន​បាត់បង់​សម្ព័ន្ធមិត្ត​ការទូត​ទៅ​ប្រទេស​ចិន​ដែល​ជា​គូរ​ប្រកួត​ប្រជែង​ធំ​មួយ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​ដែល​កាន់​តែ​ឯកោ​មួយ​នេះ​ បាន​ឈ្នះ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​កម្រិត​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ។

ទោះ​បី​ជា​កោះ​តៃវ៉ាន់​ បាន​បាត់បង់​សម្ព័ន្ធមិត្ត​ការទូត​ទៅ​ប្រទេស​ចិន​ដែល​ជា​គូរ​ប្រកួត​ប្រជែង​ធំ​មួយ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​ដែល​កាន់​តែ​ឯកោ​មួយ​នេះ​ បាន​ឈ្នះ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​កម្រិត​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​ប្រជាជន​ទូទៅ​អាច​ដឹង​បាន​នោះ​គឺ​ ចំនួន​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តៃវ៉ាន់​អាច​ចូល​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ។

ប្រភព​ពី​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា​ តៃវ៉ាន់​បាន​បញ្ចុះ​បញ្ចូល​ប្រទេស​ចំនួន​១៦៦ ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចំនួន​២៣​លាន​នាក់ អាច​ចូល​ក្នុង​ប្រទេស​ទាំង​នោះ​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​ ឬ​គ្រាន់តែ​មានការ​បំពេញ​បែប​បទ​ទិដ្ឋាការ​សាមញ្ញ​មួយ​ ដែលពេល​ខ្លះ​មាន​ការ​ភ័យខ្លាច​ថា​ប្រទេស​ចិន​អាច​នឹង​ធ្វើការ​សងសឹក​វិញ។ ចំណែកភាគី​ប្រទេស​ចិន​វិញ​ ពល​រដ្ឋ​ចិន​អាច​ចូល​ទៅ​កាន់​ប្រទេស​តែ​២១ ប៉ុណ្ណោះ​ដោយ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ។

ការ​កើន​ឡើង​នៃ​ចំនួន​ប្រទេស​ដែល​មិន​ទាម​ទារ​ទិដ្ឋាការ ដូច​ជា​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ តាំង​ពី​១០​ឆ្នាំ​មុន​មក​ បាន​បង្ហាញ​ថា​ កោះ​តៃវ៉ាន់​បាន​ពង្រីក​វិស័យ​ការទូត​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ផ្នែក​ដែរ បើ​ទោះ​បី​ជា​ប្រទេស​ចិន​មាន​វិធានការ​តបត​ក៏​ដោយ ហើយ​នេះ​ក៏​ជា​អ្វី​មួយ​សម្រាប់​បង្ហាញ​ដល់​ប្រជា​ពលរដ្ឋតៃវ៉ាន់​ដែល​ចង់​ឃើញ​សមិទ្ធផល​ផ្នែក​គោល​នយោបាយ​បរទេស​កាន់​តែ​ច្រើន។

លោក​ស្រី​ Joanna Lei​ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សាភិបាល ​Chunghua 21st Century ​នៅ​កោះ​តៃវ៉ាន់​ បាន​និយាយ​ថា៖ «ទោះ​បី​ជា​ទំនាក់​ទំនង​ការ​បរទេស​ គឺជា​រឿង​ដាច់​ឆ្ងាយ​មួយ​សម្រាប់​មនុស្ស​ភាគ​ច្រើន​ក៏​ដោយ​ ក៏​ការ​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ជុំ​វិញ​ពិភព​លោក​គឺ​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ចំពោះ​បុគ្គល​ម្នាក់ៗ»។

លោក​ស្រី​ Lei បាន​បន្ត​ថា៖ «ប្រសិន​បើ​តៃវ៉ាន់​នៅ​តែ​បន្ត​ទទួល​បាន​ការ​ធ្វើ​ដំណើរដោយ​មិន​ប្រើ​ទិដ្ឋាការ​ នោះ​មាន​ន័យ​ថា​ ប្រទេស​ជាច្រើន​ទទួល​ស្គាល់​រដ្ឋបាល​តៃវ៉ាន់ ​ហើយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​តៃវ៉ាន់​ចូល​ក្នុង​ទឹក​ដី​របស់​ពួក​គេ​បាន។ ដូច្នេះ​ នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​ខាង​ផ្នែក​កិច្ចការ​បរទេស»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ និង​បាន​ទទូច​ឲ្យ​មាន​ការ​រួបរួម​គ្នា​ឡើង​វិញ​ជាមួយ​កោះ​នេះ​ ដែល​មាន​ការ​ដឹកនាំ​ដោយ​ខ្លួន​ឯង​តាំង​ពី​ទសវត្សរ៍​១៩៤០​មក​ម៉្លេះ ហើយ​បាន​ព្យាយាមដាក់​កម្រិត​លើ​ឋានៈ​របស់​តៃវ៉ាន់​នៅ​លើ​ឆាក​អន្តរជាតិ។​ ដើម្បី​ឲ្យ​តៃវ៉ាន់នៅ​ជា​ផ្នែក​មួយ​របស់​ចិន​ ជា​ជាង​ឲ្យ​កោះ​នេះ​ក្លាយ​ជាប្រទេស​ឯករាជ្យ​មួយ​នោះ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រារាំង​តៃវ៉ាន់មិន​ឲ្យចូល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​តាំង​ពី​ទសវត្សរ៍​១៩៧០។​

ប្រទេស​ចិន​ថែម​ទាំង​បាន​ផ្ដល់​ជំនួយ​ឲ្យ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ប្តូរ​សម្ព័ន្ធ​ភក្តីភាព​ពី​តៃវ៉ាន់​មក​ជាមួយ​រដ្ឋាភិបាល ក្រុង​ប៉េកាំង​វិញ​ទៀត​ផង។ រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ នៅ​សល់​ប្រទេស​សម្ព័ន្ធ​មិត្ត​តែ២០​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រទេស​ប៉ាណាម៉ាបាន​ទទួល​ស្គាល់​ប្រទេស​ចិន​កាល​ខែ​មុន។ ​ប្រទេស​ចំនួន​ជាង​១៧០​ បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ការ​ជំរុញ​ការ​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​តៃវ៉ាន់​បន្ថែម​ទៀត​ ត្រូវ​បាន​ចាប់​ផ្ដើមនៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​លោក Ma Ying-jeou ​ដែល​បាន​កាន់​តំណែង​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ២០១៦។​ នៅ​ពេល​នោះ​ប្រទេស​ចិន​និង​តៃវ៉ាន់​ បាន​ទុក​វិបត្តិ​នយោបាយ​មួយ​អន្លើ​ ដើម្បី​កសាង​ទំនុក​ចិត្ត​ជា​មួយ​គ្នា​តាមរយៈ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​ ដែល​ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ពិបាក​នឹង​រារាំង​កិច្ចការ​ក្រៅ​ផ្លូវការ​របស់​តៃវ៉ាន់ ឬ​ទំនាក់​ទំនង​នៅ​ក្រៅ​ប្រទេស។

លោក Huang Kwei-bo ប្រធាន​គណៈកម្មាធិការ​រៀបចំ​ផែនការ​និង​ស្រាវជ្រាវ​នៃ​ក្រសួង​ការ​បរទេស​កោះ​តៃវ៉ាន់​ ពី​ឆ្នាំ២០០៩​ ដល់​២០១១​ បាន​ថ្លែង​ថា៖ «សារទូរលេខ​ទាក់​ទង​នឹងកិច្ច​ការ​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​គ្រប់​ការិយាល័យ​និង​បេសកកម្ម​ក្រៅ​ប្រទេស​ទាំង​អស់​ ហើយ​យើង​បាន​បន្ត​រំឭក​ដល់​មន្រ្តី​ទាំង​អស់​អំពី​សារៈសំខាន់​ និង​ភាព​បន្ទាន់​នៃ​ការ​ទទួល​បាន​លិខិត​លើក​លែង​ទិដ្ឋាការ ​ឬ​ធ្វើ​ទិដ្ឋាការ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់»។

លោក​ Huang ​បាននិយាយ​ថា​ រដ្ឋាភិបាល​ក្នុង​ក្រុង​តៃ​ប៉ិ​ក៏​បាន​រឹត​បន្តឹង​លើ​ការ​ពន្យារសុពលភាព​លិខិត​ឆ្លង​ដែន​ផង​ដែរ ដើម្បី​«កាត់​បន្ថយ​ភាគរយ» ​នៃ​អត្រា​ក្លែង​បន្លំ​ឯកសារ​ ដែល​ជួយ​បន្ធូរ​បន្ថយ​ដល់​ការ​បារម្ភ​មួយ​ផ្នែក​នៅ​ក្រៅ​ប្រទេស។​
លោក​ Huang បាន​បន្ថែម​ថា៖ «យើង​បាន​ព្យាយាម​ប្រាប់​ប្រទេស​គោលដៅ​ទាំង​អស់​ថា កុំ​ឲ្យ​បារម្ភ​អំពី​ទណ្ឌកម្ម​ពី​អាជ្ញាធរ​ប៉េកាំង»​ ពីព្រោះ​ក្រោម​ការ​ដឹកនាំ​ដ៏​កក់​ក្ដៅ​របស់​លោក​ប្រធានាធិបតី​ Ma នឹង​ធ្វើ​ឲ្យ​ការ​លើក​លែង​ទិដ្ឋាការ​មិនមែន​ជា​បញ្ហា​រសើប​នៅ​ក្នុង​បរិបថទ​នយោបាយ»។

យោង​តាម​តារាង​ទិដ្ឋាការ​ឆ្នាំ​២០១៥​ របស់​ស្ថាប័ន​ Henley & Partners ​បាន​បង្ហាញ​ថា​លិខិត​ឆ្លង​ដែន​តៃវ៉ាន់ ​ស្ថិត​ក្នុង​លេខ​រៀង​ទី​២៨​ នៅ​ក្នុង​ពិភព​លោក​នៅ​ឆ្នាំ២០១៥​ ទាក់​ទង​នឹងការចូល​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ដោយ​មិន​ចាំ​បាច់​ប្រើ​ទិដ្ឋាការ។​ ចំណែក​ឯ ប្រទេស​ចិន​វិញ​ស្ថិត​ក្នុង​លេខ​រៀង​ទី​៩៣។

លោក​ស្រី​ Tsai Ing-wen ​ប្រធានាធិបតី​តៃវ៉ាន់​ មិន​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​ ទោះ​បី​ជា​លោក​ស្រី​មិន​បាន​ឆ្លង​កាត់​បន្ទាត់​ក្រហម​របស់​ចិន​ ក្នុង​ការ​ស្វែង​រក​ឯករាជ្យភាពតាម​ផ្លូវ​ច្បាប់​ ដើម្បី​ក្លាយ​ជា​កោះ​ឯករាជ្យ​ក៏​ដោយ។ ទំនាក់​ទំនង​ដែល​មិន​មាន​ភាព​រីក​រាយ​នេះ​ អាច​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់​តែ​ពិបាក​ក្នុង​ការ​ដាក់ប្រទេស​ផ្សេងៗ​ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស​លើក​លែង​ទិដ្ឋាការ​របស់​ខ្លួន នេះ​បើ​យោង​តាម​ លោក​ Liu Yih-Jiun​ សាស្រ្តាចារ្យ​ជំនាញ​កិច្ចការ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ ​Fo Guang​ នៅ​តៃវ៉ាន់។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​កន្លង​ទៅ​នេះ កោះ​តៃវ៉ាន់​និង​ប្រទេស​ប៉ារ៉ាហ្កាយ​ដែល​មាន​ចំណង​ការទូត​ជាមួយ​គ្នា​ បាន​យល់​ព្រម​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចូល​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក​ ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ។​ ក្រសួង​ការ​បរទេស​តៃវ៉ាន់​ ក៏​កំពុង​តែ​ត្រៀម​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​ ចូលក្នុង​ទឹកដី​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ដែរ​ បើ​ទោះ​ជា​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ម៉ានីល​នៅ​តែ​ទាមទារ​ទិដ្ឋាការ​ពី​ប្រជាពលរដ្ឋ​តៃវ៉ាន់​ក៏ដោយ។

យោង​តាម​លោក​ស្រី Eleanor Wang ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា​ បណ្ដា​ប្រទេស​នានា​បាន​ឲ្យ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ដើម្បី​ឲ្យ​ចុះ​សម្រុង​កាន់​តែ​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ។

លោក​ស្រី ​Wang ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «ចំពោះ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ចង់​ឲ្យ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​តៃវ៉ាន់​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​ ប្រទេស​ទាំង​នោះ​អាច​ទាក់ទាញ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ឲ្យ​ទៅ​ធ្វើ​ដំណើរ​កំសាន្ត​បាន​កាន់​តែ​ច្រើន​ ដែល​អាច​ជួយ​ឲ្យ​មាន​ទំនាក់​ទំនងទៅ​វិញ​ទៅ​មក​និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​របស់​ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដូច្នេះ​ពួក​គេ​យល់​ព្រម​លើក​លែង​ទិដ្ឋាការ»។

ប្រទេស​ចិន​ព្យាយាម​សុំ​គោលការណ៍​លើក​លែង​ទិដ្ឋាការ​ទៅ​ក្រៅ​ប្រទេស ​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ពេល​ខ្លះ​នៅ​តែ​ធ្វើអន្តោ​ប្រវេសន៍​ដោយ​ខុស​ច្បាប់ ​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​មាន​ឈ្មោះ​ថា ក្រុម​ប្រឹក្សាសន្និបាត​រដ្ឋ​សភា​អឺរ៉ុប​បាន​និយាយ​កាល​ពី​ឆ្នាំ​២០១៥​ថា​ «ប្រជាពលរដ្ឋ​ចិន​ប្រើ​បណ្ដាញ​គេច​ពន្ធ​ខុស​ច្បាប់​ដើម្បី​ចូល​ទៅ​អឺរ៉ុប ហើយ​ពួក​គេ​អាច​នឹង​ត្រូវ​«អ្នក​ជួញ​ដូរ​មនុស្ស​កេង​ប្រវ័ញ្ច»។

នៅ​តៃវ៉ាន់​ លោក​ Lin Chong-pin ​សាស្រ្តាចារ្យ​ចូល​និវត្តន៍​ជំនាញ​ការ​សិក្សា​យុទ្ធសាស្ត្រ​នៅ​តៃប៉ិ​បាន​និយាយ​ថា​ «ប្រទេស​នេះ​បាន​ទទួល​ជោគជ័យ​លើ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​ជាក់​លាក់​មួយ​ ដូច្នេះ​ប្រជា​ជន​តៃវ៉ាន់​មិន​ចង់​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ ទៅ​នៅ​ប្រទេស​ផ្សេង​នោះ​ទេ»។

លោក​បាន​និយាយ​ទៀត​ថា៖ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​ត្រឡប់​មក​កោះ​តៃវ៉ាន់​វិញ។​ ពួក​គេ​យល់​ថា​តៃវ៉ាន់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​ជាង។​ ដូច្នេះ​បណ្ដា​ប្រទេស​ដែល​ផ្ដល់​ការ​លើក​លែង​ទិដ្ឋាការ​ឲ្យ​តៃវ៉ាន់​ មិន​ទទួល​រង​នូវ​ហានិភ័យ​អ្វី​ទេ»៕

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា