កាលពី៣ឆ្នាំមុន ពួកអាជ្ញាធរក្នុងប្រទេសចិន បានរំពឹងថា លោក Lam Wing-keeនឹងប្រគល់កំព្យូទ័ររបស់លោកឲ្យអាជ្ញាធរចិន ហើយបន្ទាប់មកឆ្លងកាត់ព្រំដែនវិលត្រឡប់ទៅកាន់ចិនដីគោកដើម្បីធ្វើការស៊ើបអង្កេតខាងព្រហ្មទណ្ឌក្នុងដំណាក់ការចុងក្រោយ។
លោក ជាម្ចាស់ហាងសៀវភៅម្នាក់នៃម្ចាស់ហាងសៀវភៅ៥នាក់ដែលបានបាត់ខ្លួនបានបណ្តាលឲ្យជ្រួលច្របល់នៅឆ្នាំ២០១៥។ លោកLam បានត្រូវគេរកចាប់ខ្លួនចំពោះការលក់សៀវភៅនៅក្នុងទីក្រុងហុងកុងដែលត្រូវបានហាមឃាត់នៅចិនដីគោក។
ឥឡូវនេះ បុរសដែលមានអាយុ៦៣ឆ្នាំដែលបានចំណាយពេល៨ខែនៅក្នុងគុកនៅចិនដីគោក បានរស់នៅកោះតៃវ៉ាន់។ លោក មានសេរីភាពនៅលើកោះប្រជាធិបតេយ្យនិងជនជាតិភាគតិចចិនដរាបណាលោក បន្តទិដ្ឋាការរបស់លោកនៅពេលចាកចេញនិងត្រឡប់មកកោះតៃវ៉ាន់វិញ។ លោកនៅទីបញ្ចប់មានគម្រោងបើកហាងលក់សៀវភៅនៅកោះតៃវ៉ាន់ ហើយសប្បាយចិត្តចំពោះការមិនរឹតត្បិតលើមាតិកាសៀវភៅ។
លោក Lam បានទៅដល់កោះតៃវ៉ាន់ បន្ទាប់ពីបំពានបទបញ្ជារបស់ចិនដើម្បីត្រឡប់ទៅកាន់ចិនដីគោកវិញនៅឆ្នាំ២០១៦។ កាលពីដំបូង លោក សប្បាយចិត្តនឹងស្នាក់នៅក្នុងទីក្រុងហុងកុង។ ថ្វីបើ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោកនោះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនចាប់តាំងពីឆ្នាំ១៩៩៧មកក៏ដោយ ដែនដីនោះ មិនមានកិច្ចព្រមព្រៀងជាមួយចិនដីគោកដើម្បីធ្វើបត្យាប័នជនសង្ស័យជាឧក្រិដ្ឋជនទៅកាន់ចិនដីគោកទេ។
ក្រោយមក នៅក្នុងខែកុម្ភៈ ទីក្រុងហុងកុង បានចាប់ផ្តើមពិចារណាពីច្បាប់បត្យាប័ន។ច្បាប់ដែលបានស្នើឡើងនោះ បានធ្វើឲ្យមានការតវ៉ាប្រឆាំងដ៏ធំមួយដែលបានធ្វើឲ្យមានការតានតឹងនៅក្នុងទីក្រុងនោះចាប់តាំងពីខែមិថុនារហូតមកទល់បច្ចុប្បន្ននេះ។
លោក Lam បានប្រាប់ VOA នៅពេលទទួលទានកាហ្វេនៅក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា៖ «ខ្ញុំ មិនដែលគិតថា រដ្ឋាភិបាលក្រុងហុងកុង នឹងដោះស្រាយបញ្ហានានាដូចនេះទេ។ ការណ៍នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុងហុងកុងត្រូវបានកាន់កាប់ដោយចិនដីគោក»។
លោក Lam បានលក់សៀវភៅដែលទាក់ទិននឹងរឿងនយោបាយដ៏រសើបនៅហាងលក់សៀវភៅមួយនៅសង្កាត់ Causeway Bayដែលមានមនុស្សរស់នៅនិងទេសចរណ៍ច្រើនក្នុងទីក្រុងហុងកុង។ លោកត្រូវគេឃុំខ្លួននៅឯព្រំដែនជាមួយខេត្តShenzhen ហើយមុនដំបូង ត្រូវបានគេយកទៅកាន់មជ្ឈមណ្ឌលឃុំឃាំង Ningbo ដែលជាទីក្រុងមួយនៅជិតទីក្រុងសៀងហៃ។ លោកបានរស់នៅម្នាក់ឯងក្នុងបន្ទប់នោះអស់រយៈពេល៥ខែមុនពេលត្រូវគេយកទៅកាន់សណ្ឋាគារមួយកន្លែងនៅក្រុង Shaoguan នៃខេត្តកងទុង។
ក្នុងអំឡុងនៃការស្ថិតនៅរបស់លោកនៅចិនដីគោក លោកLamនិយាយថា លោកបានត្រូវគេសួរចម្លើយជាច្រើនលើកក្នុងមួយសប្តាហ៍ ទោះយ៉ាងណាក៏ដោយ គេមិនដែលធ្វើបាបលើរាង្គកាយរបស់លោកទេ។
បន្ទប់របស់លោក ស្អាត ក៏ប៉ុន្តែ បន្ទប់ឃុំឃាំងនៅគុកក្នុងក្រុង Ningbo មានទំហំតូច បង្អូចខ្ពស់ដែលលោក មិនអាចមើលទៅខាងក្រៅបានច្រើន។
លោក Lam និយាយថា នៅទីបញ្ចប់ ប៉ូលិសចិនបានអនុញ្ញាតឲ្យអ្នកលក់សៀវភៅរូបនោះត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញដើម្បីយកកុំព្យូទ័ររបស់លោក ដែលអាចមានឯកសារសម្ងាត់។ លោកបាននិយាយទៀតថា៖ «ប្រសិនបើ លោក អ្នកយកកុំព្យូទ័ររបស់លោក អ្នកទៅឲ្យគេពួកគេនឹងយកឯកសារចេញពីកុំព្យូទ័រនោះ»។
លោកLam បានរើទៅនៅក្នុងសណ្ឋាគារមួយនៅក្រុងហុងកុង នៅពេលបានយល់ព្រមជាមួយពួកអាជ្ញាធរចិន។ លោកបានរំលឹកឡើងវិញថា៖ «ខ្ញុំបានប្រាប់ពួកគេថា សណ្ឋាគារនោះជាសណ្ឋាគារល្អមួយ។ ពួកគេមិនដែលមកទីក្រុងហុងកុងទេ»។
នៅខែមិថុនា ឆ្នាំ២០១៦ លោកLamបានប្រាប់សន្និសីទកាសែតមួយនៅក្រុងហុងកុងថា លោកមិនត្រឡប់ទៅកាន់ចិនដីគោកវិញទេ។ ក៏ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលក្រុងហុងកុង បានចាប់ផ្តើមពិភាក្សាច្បាប់នៅខែកុម្ភៈ នៅឆ្នាំនេះដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័ន លោកបានរត់គេចខ្លួនទៅកោះតៃវ៉ាន់។ ការរត់គេចខ្លួននោះនៅខែមេសា។
ពលរដ្ឋកោះតៃវ៉ាន់ បានតាមដានស្ថានការនៅប្រទេសចិន ហើយពលរដ្ឋជាច្រើននៅកោះដែលគ្រប់គ្រងដោយខ្លួនឯងនោះ មិនចូលចិត្តចិនដីគោកទេ។ រដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ហើយទទូចថា នៅទីបញ្ចប់ ភាគីទាំង២ នឹងបង្រួបបង្រួមគ្នា។
ការតវ៉ាប្រឆាំងអំពីច្បាប់បត្យាប័នដែលបានស្នើឡើង បានចាប់ផ្តើមរហូតមកទល់ពេលនេះដែលជាការតវ៉ាប្រឆាំងជាបន្តបន្ទាប់មិនទប់បាននៅតាមផ្លូវនានាក្នុងក្រុងហុងកុងចាប់តាំងពីថ្ងៃទី៩ ខែមិថុនាមក។ មនុស្សខ្លះភ័យខ្លាចថាប៉ូលិសបង្ក្រាបរបស់ចិន នឹងបង្ក្រាបការតវ៉ាប្រឆាំងនេះ។
លោក Lam ត្រូវតែចាកចេញពីកោះតៃវ៉ាន់នៅត្រឹមខែតុលា ដែលមិនមានច្បាប់សិទ្ធិជ្រកកោនដែលអាចផ្តល់ទិដ្ឋាការរយៈពេលវែងឲ្យលោក។ លោក មានផែនការទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ដើម្បីចូលរួមការតាំងពិរពណ៌សៀវភៅ ហើយបន្ទាប់មកនឹងធ្វើអ្វីដើម្បីវិលត្រឡប់ទៅកាន់កោះតៃវ៉ាន់ដើម្បីស្នាក់នៅបានយូរ។
លោក មានគោលបំណងបើកហាងលក់សៀវភៅនៅកោះតៃវ៉ាន់បន្ទាប់ពីការរៃអង្គៀសប្រាក់។ លោក បាននិយាយថា «ខ្ញុំ មិនមានប្រាក់ទេនៅពេលឥឡូវនេះ។ លោកLam បាននិយាយទៀតថា លោក នឹងមិនចាំបាច់លក់សៀវភៅដែលមានចំណងជើងដូចគ្នានៅទីនេះដែលបានធ្វើឲ្យលោកមានបញ្ហាជាមួយចិននោះទេ។ លោកបានប៉ាន់ស្មានថា សៀវភៅមួយដែលរកបានប្រាក់ជាង៣០លានដុល្លារហុងកុងឬស្មើ(៣លាន៨សែនដុល្លារសហរដ្ឋអាមេរិក)នៅតាមបណ្តាញលក់ជាច្រើន។
ពលរដ្ឋចិនដីគោក ជួយធ្វើឲ្យការលក់សៀវភៅនោះកើនឡើងដោយពួកបានទិញសៀវភៅនោះនៅពេលដែលធ្វើដំណើរទៅក្រៅប្រទេស រួមមានទីក្រុងហុងកុងផងដែរ។
ពលរដ្ឋតៃវ៉ាន់ ជារឿយៗមិនសូវចាប់អារម្មណ៍រឿងកំប៉ិកកំប៉ុករបស់រដ្ឋាភិបាលចិនដីគោកទេ។ ផ្ទុយទៅវិញ ពួកគេនិយមអានអំពីប្រទេសជប៉ុនឬប្រទេសលោកខាងលិច។
អ្នកគាំទ្រគេហទំព័រ ChinaChange.org បានប្រាប់ឲ្យដឹងថា លោក Lam កាលពីពេលមុនបានបោះពុម្ភសៀវភៅដែល«លាតត្រដាង»អំពីពួកមេដឹកនាំចិននៅក្នុងចិនដីគោកហើយផ្ញើរសៀវភៅទាំងនោះតាមប៉ុស្តិ៍ទៅឲ្យអតិថិជន។
លោក Andy Chang ជាសាស្រ្តាចារ្យសិក្សាអំពីប្រទេសចិននៅឯសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់ និយាយថា ហាងលក់សៀវភៅនៅកោះតៃវ៉ាន់ ប្រហែលបានទទួលជោគជ័យនៅពេលចាប់ផ្តើមដំបូង។
លោក Chang បាននិយាយទៀតថា៖ «ក្នុងរយៈពេលខ្លី មិនមានការលំបាកខ្លាំងទេ ពីព្រោះតែប្រវត្តិរបស់លោក ដូច្នេះ ពលរដ្ឋតៃវ៉ាន់ រួមទាំងពលរដ្ឋសាមញ្ញខ្លះ នឹងអានសៀវភៅនោះ ក៏ប៉ុន្តែក្នុងរយៈពេលមធ្យមនិងរយៈពេលយូរជាងនោះ វានឹងមានការលំបាកកាន់តែខ្លាំងឡើង»។
លោក Yang Lian-fu ជាអ្នកបោះពុម្ភសៀវភៅប្រវត្តិសាស្រ្តក្នុងស្រុក បាននិយាយថា អ្នកលក់សៀវភៅខ្លះ កំពុងតស៊ូប្រឆាំងនឹងបណ្តាញព័ត៌មានខ្លះ។
លោក Yangបាននិយាយថា៖ «ហាងលក់សៀវភៅ មិនមែនស្ថិតក្នុងដំណាក់ការរីកចម្រើនទេ ដូច្នេះ ការលក់ដូរ មិនដំណើរការល្អទេ។ ពួកអ្នកអានសៀវភៅ មានចំណូលតិចតួចណាស់។ មានបណ្តាញជាច្រើនដើម្បីទទួលបានព័ត៌មាន។ ពួកគេ អាចមានប្រព័ន្ធអ៊ីនធឺណិតតាមកុំព្យូទ័រ ហើយមិនចាំបាច់ពឹងផ្អែកលើហាងលក់សៀវភៅទេ ដូច្នេះប្រសិនបើលោកចង់បើកហាងលក់សៀវភៅនៅកោះតៃវ៉ាន់ ខ្ញុំ គិតថា លោក នឹងមិនទទួលបានជោគជ័យខ្លាំងនោះទេ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន