តើ​ជំងឺ​កូវីដ១៩​ កំពុង​ផ្លាស់​ប្តូរ​របៀប​វារៈ​របស់​វៀតណាម​ជាមួយ​ចិន​អំពី​សមុទ្រ​មាន​ជម្លោះ​យ៉ាង​ដូចម្តេច?

  • Ralph Jennings

នាយក​រដ្ឋ​​មន្ត្រីវៀតណាម Nguyen Xuan Phuc ដើរ​ទៅ​កាន់​តុ​​ មុន​កិច្ច​ប្រជុំ​ពិសេស​អាស៊ាន​ស្ដី​អំពី​ជំងឺ​កូវីដ១៩ នៅទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី១៤ មេសា ២០២០។

ប្រទេស​វៀតណាម​ កំពុង​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជា​សមាជិក​នៅ​ឆ្នាំ​នេះ។ហើយ​របៀប​វារៈ​ដ៏​សំខាន់​របស់​ជំនួប​កំពូល​អាស៊ាន​នៅ​ឆ្នាំ​នេះ​គឺ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​និង​បញ្ហា​សេដ្ឋកិច្ច។

ក៏ប៉ុន្តែ ដោយសារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​ សន្និសីទ​ នោះ​ធ្វើ​តាមអនឡាញ​តាម​ការ​ត​ផ្ជាប់​វីដេអូ​ពី​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន ហៅ​ថា​Teleconference ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​មេដឹក​នាំ​អាច​ជួប​ទល់​មុខ​គ្នា​បាន។ អ្នក​វិភាគ​គិត​ថាកិច្ច​ប្រជុំ​បែប​នេះ មិន​មាន​ប្រសិទ្ធ​ភាព​ដូច​ការ​ជួប​មុខ​គ្នា​ផ្ទាល់​ទេ​។

ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា ​កំពុង​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​នៅ​ប្រទេស​វៀតណាម​ថា​ តួនាទី​នាំមុខ​របស់​ខ្លួន​ក្នុង​ប្លុក​ក្នុង​តំបន់​នៅ​ឆ្នាំ​នេះ​ នឹង​ជួយ​ដោះ​ស្រាយ​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​ដ៏​អាប់​អួរ​ជាមួយ​ចិន។

វៀតណាម​កំពុង​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមាជិក​១០​ប្រទេស​នៅ​ឆ្នាំ​២០២០​នេះ​ ដែល​ជា​ឱកាស​មួយ​ទសវត្សរ៍​ម្តង​សម្រាប់​សមាជិក​នីមួយៗ​នៅ​ក្នុង​ប្លុក​នេះ។ សមាគម​ដែល​គេ​ស្គាល់​ថា អាស៊ាន ជួន​កាល​ប្រើ​ប្រាស់​សេចក្តី​ថ្លែងការណ៍​និង​ការ​ពិភាក្សា​ដើម្បី​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ខ្លួន។សមាជិក​សមាគម​អាស៊ាន​មាន​ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បាន​ជំទាស់​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន​នេះ។ វៀតណាម ជាអ្នក​ប្រឆាំង​ខ្លាំង​ជាង​គេ​បំផុត។

ក៏ប៉ុន្តែ ពួក​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​បាន​និយាយ​ថា ជំនួប​អនឡាញ​តាម​វីដេអូ​ពី​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន ហៅ​ថា ​Teleconference ដែល​ពួក​សមាជិក​អាស៊ាន​ បាន​ធ្វើ​នៅ​ឆ្នាំនេះ​បណ្តាល​មក​ពី​ការ​ព្រួយ​កង្វល់​នៃ​មេរោគ​កូរ៉ូណា​នោះ​ មិន​ទំនង​បង្កើត​កម្លាំង​ការ​ទូត​ធំដុំ​ទេ។ ពួកគេ​និយាយ​ទៀត​ថា ជំនួប​ទល់​មុខ​គ្នា​ កសាង​ការ​ទុក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង ធ្វើ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ព្រឹត្តិការណ៍​ណា​ក៏​ដោយ​ដែល​កើត​មាន​ឡើង​ នឹង​ផ្តោត​កាន់​តែ​ខ្លាំង​ឡើង​លើ​ការ​ឆ្លើយ​តប​នៃ​ការ​រាត​ត្បាត​មេរោគ​កូរ៉ូណា​ជា​ជាង​ភូមិសាស្រ្ត​នយោបាយ។

ផែន​ទី​បង្ហាញ​ពី​ការ​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង។

លោក ​Eduardo Araral​ ជា​សាស្រ្តាចារ្យ​ជំនួយ​នៅ​ឯសាលា​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ​បាន​និយាយ​ថា៖ «ជំនួប​នេះ មាន​ភាព​ខុស​គ្នា ប្រសិន​បើ​អស់​លោក​អ្នក ​មាន​ជំនួប​ទល់​មុខ​គ្នា​នោះ។ ទោះបី មាន​ជំនួប​ទល់​មុខ​គ្នា​ក៏​ដោយ ខ្ញុំគិត​ថា ផ្នត់​គំនិត​របស់​រដ្ឋមន្រ្តី​ទាំង​នោះ ​គឺ​ការរាត​ត្បាត​នៃ​ជំងឺ​កូរ៉ូណា​ច្រើន​ជាង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក ​Jay Batongbacal​ ជា​សាស្រ្តាចារ្យ​កិច្ចការ​នាវាចរណ៍​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ហ្វីលីពីន និយាយ​ថា ការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​អាស៊ាន​ មាន​ការ​ជឿន​លឿន​នៅ​ជំនួប​ខាង​ក្រៅ​ ពេល​ឈប់​សម្រាក​និង​សម័យ​ប្រជុំ​ក្រៅ​ផ្លូវការ​ដែល​ជា​ពិធី​ធម្មតា។ លោក ​Batongbacal​ បាន​និយាយ​ដោយ​សំដៅ​ដល់​ជំនួប​តាម Teleconference ថា៖ «ខ្ញុំ​ប្រាកដ​ថា ជំនួប ​Teleconference ទាំង​នេះ​ នឹង​ត្រូវ​បាន​កត់​ត្រា ដូច្នេះ ជំនួប​នេះ​នឹង​មាន​លក្ខណៈ​ផ្លូវការ​បំផុត​ វា​ នឹង​ក្លាយ​ជា​ការ​លំបាក​សម្រាប់​ពួក​គេ​ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ហា​នានា»។

ប្រធានស​មាគម​អាស៊ាន ប្តូរ​វេន​ទៅ​ប្រទេស​ផ្សេងៗ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ប្រធាន មាន​អំណាច​ដើម្បី​កំណត់​របៀប​វារៈ​របស់​សមាគម​អាស៊ាន។ ជា​ធម្មតា​ រដ្ឋមន្រ្តី​ការបរទេស ជួប​គ្នា​នៅ​ពាក់​កណ្តាល​ឆ្នាំ​ហើយ​ប្រមុខ​រដ្ឋាភិបាល​ ជួប​គ្នា​នៅ​ដំណាច់​ឆ្នាំ​ដើម្បី​អនុម័ត​កិច្ច​ព្រម​ព្រៀង។ តួនាទី​អាស៊ាន​របស់​វៀតណាម​ កើត​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​នៃ​ការ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ ដោយ​ផ្តល់​ឥទ្ធិពល​បន្ថែម​នៅ​ក្នុង​កិច្ចការ​បរទេស។

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង រុស្ស៊ី ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ខែ​វិច្ឆិកា ២០១៩។

លោក ងៀង ថាញ់ទ្រុង​ ជា​នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ក្នុង​ទីក្រុង​ហូជីមិញ។​ លោក​ថ្លែង​ថា ការ​ខ្វះ​ជំនួប​ទល់​មុខ​គ្នា នឹង​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ដល់​របៀប​វារៈ​របស់​វៀតណាម​ដើម្បី​បន្ធូរ​បន្ថយ​ជម្លោះ​ផ្លូវ​នាវាចរណ៍​ជាមួយ​ចិន។​

ការ​ប្រជុំ​តាម Teleconference​ ក៏​នឹង​ជួយ​សម្រួល​ដល់​ចិន​ផង​ដែរ​សម្រាប់​កិច្ចការ​ដ៏​លំបាក​នៅ​លើ​របៀប​វារៈ​ដ៏​តឹង​តែង​នេះ។

លោក​ Frederick Kliem ​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯសាលា​ការសិក្សា​អន្តរជាតិ S. Rajaratnam នៅ​ឯ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ​ក្នុង​ប្រទេស​សិង្ហបុរី និយាយ​ថា វៀតណាម ​សង្ឃឹម​នៅ​ឆ្នាំ​នេះ​ថា នឹង​ពង្រឹង​ទំនាក់​ទំនង​ជាមួយដៃ​គូ​នានា​របស់​ប្រទេស​នានា​នៅ​ខាង​ក្រៅ​របស់​អាស៊ាន​និង​ពង្រីក​បណ្តាញ​ការងារ។

លោក​ Kleim ​បាន​សរសេរ​នៅ​ក្នុង​កាសែត​នៅ​ពេល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើគេហទំពរ​របស់​រដ្ឋាភិបាល​វៀតណាម​កាល​ពី​ខែ​មុន​ថា ក្នុង​ស្មារតី​ដូច​គ្នា​ វៀតណាម ចង់​ធ្វើ​ការ​ដើម្បី​ការពារ​ការ​មូលមតិ​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ក្នុង​សមាគម​អាស៊ាន ​នៅ​ពេល​ដែល​ប្លុក​នេះ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ឯ​ទៀត។ សកម្មភាព​សំដៅ​ទៅ​លើ​ប្រទេស​ចិន​កាល​ពី​អតីត​កាល ​មិនមាន​ដំណើរ​ការរលូនដោយ​សារ​សម្ព័ន្ធមិត្ត​របស់​ចិន​ដូច​ជា​កម្ពុជា​និង​ឡាវ​ មិន​បាន​យល់​ស្រប។

សមាគម​អាស៊ាន​និង​ចិន កំណត់​ពេល​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​បញ្ចប់​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ដែល​មាន​ទំហំ​៣​លាន​៥​សែន​គីឡូ​ម៉ែត្រ​ការ៉េ​ដែល​មាន​ជម្លោះ។ក្រម​ប្រតិបត្តិ​នេះ​ នឹង​ទុក​ចោល​មួយ​ឡែក​នូវ​ការ​ខ្វែង​គំនិត​គ្នា​អំពី​អធិបតេយ្យភាព​និង​បង្កើត​វិធានការ​ដើម្បី​ដោះស្រាយ​គ្រោះ​ថ្នាក់​ចៃដន្យ​រវាង​នាវា ក៏ប៉ុន្តែ​ មិន​មាន​ប្រទេស​ណា​មួយ ​ប្រាកដ​ថា​តើ​ក្រម​ប្រតិបត្តិ​នេះ​ នឹង​ត្រូវ​ឲ្យ​ប្រតិបត្តិ​តាម​ឬ​តំបន់​សមុទ្រ​ណា នឹង​ត្រូវ​គ្រប​ដណ្តប់។

ប្រទេស​ទាមទារ​ទាំង​អស់​ឲ្យ​តម្លៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយសារ​ការ​សម្បូរ​ត្រី​ ផ្លូវ​នាវាចរណ៍​និង​រ៉ែ​នៅ​ក្រោម​បាត​សមុទ្រ។ ចិន​ ជាប្រទេស​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​បង្អស់។​

លោក​ Oh Ei Sun​ ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ការ​សិក្សា​អន្តរជាតិ​របស់​សិង្ហបុរី ​និយាយថា ​ប្រធាន​អាស៊ាន​ កម្រ​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ដល់​វិធានការ​ចម្រូង​ចម្រាស​ណាស់។ លោក​បាន​និយាយ​ទៀតថា​ «ដោយ​មូល​ហេតុ​នេះ​ហើយ ក្រមប្រតិបត្តិ​មិន​បាន​សម្រេច​ប្រហែល​១​ទសវត្សរ៍​ហើយ។​

លោក​ងៀង ជា​នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយ​ថា​ ក្នុង​ឋានៈ​ជា​ប្រធាន​កាល​ពី​ឆ្នាំ​២០១០ វៀតណាម បាន​ដឹកនាំ​ជំនួប​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាស៊ាន​បូក​លើក​ទី១​ហើយ​ បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ចូល​រួម​សន្និសីទ​កំពូល​ អាស៊ី​ខាង​កើត​របស់​អាស៊ាន។ «បូក»​សំដៅ​ដល់​ប្រទេស​អូស្រ្តាលី ​ចិន​ ឥណ្ឌា ជប៉ុន នូវែលសេឡង់ ​កូរ៉េ​ខាង​ត្បូង រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។

ក្តី​សង្ឃឹម​ធំ​របស់​ប្រទេស​វៀតណាម​ដែល​ជា​ប្រធាន​នៅ​ឆ្នាំនេះ​ ដើម្បី​ធ្វើឲ្យ​មាន​ការ​ជឿន​លឿន​ក្នុង​បញ្ហា​សមុទ្រចិន​ខាងត្បូង​នៅ​ឆ្នាំនេះ ប្រហែល​ជា​ការ​ចូល​រួម​របស់​ខ្លួន​បូក​ជាមួយ​សមាជិក​ក្នុង​ចំណោម​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​៤។ ក្រុម​ប្រទេស​ទាំង​នោះ ហៅថា ​៤ បូក បាន​ធ្វើសន្និសីទ ​Teleconference​ ២ ដង​ក្នុង​ខែ​មិនា​ស្តីពី​ដំណោះ​ស្រាយ​ជំងឺ​កូវីដ១៩ និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​មក​ពី​ជំងឺ​នេះ។

ប្រទេស​ទាំង​បួន​នោះ​គឺ​ អូស្រ្តាលី ​ឥណ្ឌា ជប៉ុន និង​សហរដ្ឋអាមេរិក ​ដែល​តាម​ធម្មតា​ចាត់​វិធានការ​ដើម្បី​រក្សា​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​បើក​ចំហរ​សម្រាប់​អន្តរជាតិ​ជា​ជាង​អនុញ្ញាត​ឲ្យ​ចិន​រឹត​បន្តឹង​កណ្តាប់​ដៃ​របស់​ខ្លួន។​

ប្រែស​ម្រួល​ដោយ ជឹង ប៉ូជីន