នៅពេលប្រទេសសិង្ហបុរីដើរតួជាប្រទេសរៀបចំជំនួបលើកដំបូងរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីខែមិថុនា ឆ្នាំមុន នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ត្រូវបានស្រង់សម្ដីនិយាយថា កិច្ចប្រជុំនេះនឹងលើកកម្ពស់មុខមាត់ប្រទេសរបស់លោកនៅបរទេស។
ឥឡូវនេះ ប្រទេសវៀតណាម ដែលជាប្រទេសរៀបចំកិច្ចប្រជុំលើកទី ២ រវាងលោក Trump និងលោក Kim Jong Un ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈខាងមុខនេះ គួរតែរំពឹងថានឹងទទួលបានលើសពីនេះទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញកិច្ចការប្រទេសនេះ។
កិច្ចប្រជុំនៅក្នុងទីក្រុងហាណូយ ដែលទំនងជាផ្ដោតលើក្ដីបារម្ភរបស់សហរដ្ឋអាមេរិកអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនេះ នឹងធ្វើឲ្យប្រទេសវៀតណាមទទួលបានការគោរពពីសហរដ្ឋអាមេរិក និងពីកូរ៉េខាងជើង។ ករណីនេះជាចំណុចល្អសម្រាប់គោលនយោបាយការបរទេសពហុភាគី និងកេរ្តិ៍ឈ្មោះរបស់វៀតណាម ក្នុងនាមជាប្រទេសគួរជាទីចាប់អារម្មណ៍សម្រាប់ការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី និយាយថា៖ «គ្រប់ភាគីពាក់ព័ន្ធទាំងអស់តាំងពីប្រទេសកូរ៉េខាងជើង សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូង ទុកចិត្តប្រទេសវៀតណាមថាជាប្រទេសអព្យាក្រឹត្យសម្រាប់រៀបចំជំនួបនេះ»។
សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនខ្លាំងតាំងពីចុងទសវត្សរ៍ ១៩៨០ មក ហើយសេដ្ឋកិច្ចវៀតណាមមានអត្រារីកចម្រើនប្រចាំឆ្នាំពី ៦ ទៅ ៧ ភាគរយ តាំងពីឆ្នាំ ២០១២ មក។
អ្នកប្រើប្រាស់អាមេរិកាំង ឥឡូវនេះសម្លឹងលើប្រទេសវៀតណាមសម្រាប់ផលិតផលស្បែកជើង សំលៀកបំពាក់ និងគ្រឿងអេឡិចត្រូនិក ដោយសារតែក្រុមហ៊ុនអាមេរិកាំងសម្លឹងឃើញប្រជាពលរដ្ឋវៀតណាមដែលមានជីវភាពធូរធារថាជាទីផ្សារនាំចេញមួយដែលអាចទៅរួច៕